(ព្រះសីហនុ)៖ មន្ត្រីស៊ើបអង្កេត នៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តព្រះសីហនុ ចុះត្រួតពិនិត្យ និងធ្វើតេស្តបឋម លើផលិតផលម្ហូបអាហារស្រស់ (មឹក បង្គា សណ្តែកបណ្តុះ ស្ពៃជ្រក់ ខ្ញីហាន់ ត្រីងៀត ឆៃពៅ សាច់ក្រក មឹកក្រៀម) នៅផ្សារលើ និងផ្សារពាណិជ្ជកម្ម ក្នុងក្រុងព្រះសីហនុ ដើម្បីធានាសុវត្ថិភាពផលិតផលម្ហូបអាហារដែលតាំងលក់លើទីផ្សារ មុនកម្មវិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ និងការរៀប

ចំមហាសន្និបាតក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើពិភពលោកសំរាប់ឆ្នាំ២០២២ នៅខេត្ដព្រះសីហនុ ឈានចូលមកដល់នាពេលខាងមុខ។

ការត្រួតពិនិត្យនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ជាលទ្ធផល ពុំមានផលិតផលម្ហូបអាហារស្រស់ ដែលមានលាយសារធាតុគីមីហាមឃាត់នោះទេ។ មន្រ្តីជំនាញ ក.ប.ប ក៏បានបន្តណែនាំដល់អាជីវករឱ្យ បានយល់ដឹងអំពីការ ដាក់តាំងលក់ឱ្យមានសុវត្ថិភាព មានអនាម័យឱ្យបានល្អត្រឹមត្រូវ និងច្បាប់ដែលមានចែង ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត។

ជាមួយគ្នានោះ លោកប្រធានសាខា ក.ប.ប. ខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករសូមប្រុងប្រយ័ត្នមុននឹងទិញ ក៏ដូចជាប្រើប្រាស់ទំនិញនានាលើទីផ្សារ ត្រូវពិនិត្យប្រភពឱ្យបានច្បាស់លាស់ជាមុនសិន ជៀស
វាងប៉ះផលិតផលក្លែងក្លាយ ខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងមានលាយលំសារធាតុគីមី ធ្វើឱ្យបងប្អូនអ្នកប្រើប្រាស់ ទទួលរងប៉ះពាល់សុខភាពទៅថ្ងៃក្រោយ។

ជាងនេះទៀត អ្នកផលិត និងអ្នកលក់ សូមកុំក្លែងបន្លំ និងបន្ថែមសារធាតុគីមីហាមឃាត់ ដែលធ្វើឲ្យខូចសុខភាពអ្នកទទួលទាន ព្រោះជាអំពើខុសច្បាប់ ដែលនឹងត្រូវប្រឈមទទួលទោសចំពោះមុខច្បាប់ជាធរមាន៕