(កំពង់ធំ)៖ ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្ស មានជីវភាពខ្វះខាត ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ចំនួន១៤នាក់ មកពីវិទ្យាល័យទួលក្បិល វិទ្យាល័យហ៊ុនសែនត្បែង រសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ នៅស្រុកកំពង់ស្វាយ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានថ្លែងបញ្ជាក់ថា ការបណ្ដុះបណ្ដាលធនធានមនុស្សពិតជាមានសារៈសំខាន់ណាស់សម្រាប់កសាងប្រទេសជាតិ។

ក្រៅពីការថ្លែងដូចនេះលោកស្រី ឃួន ឃុនឌី ក៏បានលើកឡើងពីការដឹកនាំដ៏ឈ្លាសវ៉ៃ របស់រាជរដ្ឋាភិបាល ជាពិសេសពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែគិតគូរលើវិស័យអប់រំលើការបណ្តុះបណ្តាលធនធានមនុស្ស និងបានលើកបង្ហាញពីការសិក្សាពីជំនាន់មួយទៅជំនាន់មួយ ដែលកាន់តែរីកចម្រើនធ្វើឲ្យធនធានមនុស្សកាន់តែមានចំណេះដឹងទូលំទូលាយ ហើយបច្ចុប្បន្ននេះមានផ្លូវ ថ្នល់ ស្ពាន វត្តអារាម សាលារៀនគ្រប់ទិសទី ដែលកូនចៅអាចទទួលយកចំណេះដឹងបានងាយស្រួលផងដែរ។

ជាមួយគ្នានោះលោកស្រី ក៏បានផ្តាំផ្ញើដល់សិស្សានុសិស្ស ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ស្ដាប់លោកគ្រូ អ្នកគ្រូ ឪពុកម្ដាយអាណាព្យាបាល ចាស់ព្រឹទ្ធាចារ្យ និងយកបទពិសោធន៍ របស់រៀមច្បងមកធ្វើជាមូលដ្ឋានគ្រឹះ និងខិតខំប្រឹងប្រែងបញ្ចេញឲ្យអស់ពីសមត្ថភាពដើម្បីទទួលបានលទ្ធផលល្អដែលយើងបានខិតខំអស់រយៈពេល១២ ឆ្នាំ ព្រមទាំងធ្វើអ្វីឲ្យមានប្រយោជន៍ ដើម្បីយើងក្លាយជាធនធានមនុស្សមួយសម្រាប់ជួយកសាងប្រទេសជាតិ ហើយការសិក្សាត្រូវមានការតស៊ូ អ្វីដែលសំខាន់ត្រូវបង្កើនសមត្ថភាពរបស់ខ្លួនជារៀងរហូតជាពិសេសនោះ ត្រូវបង្កើតនូវការសិក្សារៀន ភាសាបរទេសបានច្រើនដោយសិក្សាពេញមួយជីវិត ។

លោកស្រី ឃួន ឃុនឌី ក៏បានជំរុញឱ្យ សិស្សានុសិស្សទាំងអស់ត្រូវចេះជួយខ្លួនឯងមុនឱ្យអ្នកដទៃជួយ ហើយនៅទីណាក៏អាចយើងក៏អាចរៀនបានដែរ និងត្រូវមានការទំនាក់ទំនងរាល់មជ្ឈដ្ឋានខាងជុំវិញខ្លួន ដោយសេពគប់តែមិត្តល្អ និងពង្រឹងសមត្ថភាពដើម្បីឱ្យក្លាយខ្លួនជាទំពាំងស្នងឫស្សីល្អ និងបើកបរត្រូវមានការ ប្រុងប្រយ័ត្ននិងត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ។

សូមបញ្ជាក់ដែរថា នាឱកាសនោះលោកស្រី ឃួន ឃុនឌី បាននាំយកនូវសម្ភារៈសម្រាប់ចែកជូនលោកគ្រូចំនួន៣ នាក់ ក្នុង១នាក់ ទទួលបានក្រមា១ ថវិកា ៤ម៉ឺនរៀល អាណាព្យាបាលសិស្ស ១៤នាក់ ក្នុង១នាក់ ទទួលបានក្រមា១ ថវិកា ២ម៉ឺនរៀល និង សិស្សានុសិស្ស១៤នាក់ ក្នុង១នាក់ ទទួលបានក្រមា១ ថវិកា ២០ម៉ឺនរៀលផងដែរ ៕