(ភ្នំពេញ)៖ មន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃទី០១​ ខែធ្នូ ឆ្នាំ២០២២នេះ បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពី ជំនាញវះកាត់ចោះ (Laparoscopic surgery) ដល់គ្រូពេទ្យបង្គោល ដើម្បីបន្ថែមបច្ចេកទេសជំនាញនៃការវៈកាត់ចោះ កាន់តែមានទំហំតូច ដែលធ្វើឲ្យអ្នកជំងឺពុំសូវមានការឈឺចាប់ និងឆាប់ជាសៈស្បើយ។

វគ្គបណ្ដុះបណ្ដាលនេះ បានប្រព្រឹត្ដទៅនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលនៃមន្ទីរពេទ្យកាល់ម៉ែត ដែលមានការអញ្ជើញចូលរួមដោយផ្ទាល់ ពីលោកសាស្ដ្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត, លោកសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល, លោក ស៊ា សំណាង ប្រធានសមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ និងDr. Raymond Price ស្ថាបនិក និងជានាយកនៃមជ្ឈមណ្ឌលវះកាត់សកល។

លោកសាស្ដ្រាចារ្យ ឈាង រ៉ា បានថ្លែងថា វគ្គជំនាញវះកាត់ចោះនេះ បានផ្តោតសំខាន់លើការវះកាត់ផ្នែកពោះនៃសរីរាង្គមនុស្ស រួមមានផ្នែកវះកាត់ទូទៅ ផ្នែកវះកាត់ប្រព័ន្ធម៉ូត្រសាស្ត្រ និងផ្នែកវះកាត់រោគស្ត្រី ដែលបច្ចេកទេសនេះនឹងផ្តល់អត្ថប្រយោជន៍ច្រើនយ៉ាង ជាពិសេសកាត់បន្ថយរយៈពេលនៃការសម្រាកពេទ្យរបស់អ្នកជំងឺ កាត់បន្ថយការឈឺចាប់ ធ្វើឱ្យអ្នកជំងឺឆាប់ជាសះស្បើយ និងការចំណាយកាន់តែសមស្រប។ល។

លោកសាស្ដ្រាចារ្យ ឈាង រ៉ា បានគូសបញ្ជាក់ទៀតថា មន្ទីរពេទ្យកាល់ម៉ែតបានប្រើប្រាស់ជំនាញវះកាត់ចោះនេះ ក្នុងបច្ចេកទេសវះកាត់ជូនអ្នកជំងឺ នៅមន្ទីរពេទ្យកាល់ម៉ែតចាប់តាំងពីឆ្នាំ១៩៩៩ មករហូតដល់បច្ចុប្បន្ន។

ក្នុងឱកាសនោះ លោកអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់សាស្ដ្រាចារ្យ ជាអ្នកដឹកនាំគ្រប់ផ្នែកផ្សារភ្ជាប់នឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមវេជ្ជបណ្ឌិតឯកទេស គិលានុបដ្ឋាក និងបុគ្គលិកទាំងអស់ក្នុងការលើកស្ទួយ អភិវឌ្ឍន៍ និងបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសបណ្តុះបណ្តាលធនធានមនុស្សលើជំនាញវះកាត់ចោះ ទទួលបានលទ្ធផលដ៏ល្អត្រចះត្រចង់ ក្លាយជាមន្ទីរពេទ្យឈានមុខក្នុងប្រទេស។

លោកសាស្ដ្រាចារ្យក៏បានថ្លែងអរគុណដ៏ជ្រាលជ្រៅបំផុតចំពោះសមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលបានខិតខំប្រឹងប្រែងក្នុងការឧបត្ថម្ភគាំទ្រ បេសកកម្មបង្កើតសកម្មភាពសហប្រតិបត្តិការក្នុងវិស័យអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងផ្លាស់ប្តូរបទពិសោធន៍ដល់គ្រូពេទ្យ តាមរយៈការបញ្ជូនក្រុមសាស្ត្រាចារ្យ និងវេជ្ជបណ្ឌិតឯកទេសនៃសាកលវិទ្យាល័យយូតាស (Utah) សហរដ្ឋអាមេរិក មកធ្វើការបណ្តុះបណ្តាលដល់គ្រូបង្គោល និងរៀបចំបង្កើតជាមជ្ឈមណ្ឌលឧត្តមភាពសម្រាប់ការបណ្តុះបណ្តាល Laparoscopy នៅមន្ទីរពេទ្យកាល់ម៉ែត។

លើសពីនោះលោកសាស្ដ្រាចារ្យ សង្ឃឹមថាតាមរយៈការជួយពង្រឹងលើជំនាញ និងការផ្លាស់ប្តូរបទពិសោធន៍ជាមួយវេជ្ជបណ្ឌិតឯកទេស នៃសាកលវិទ្យាល័យយូតាស នឹងបង្កើនសមត្ថភាពបន្ថែមកាន់តែល្អប្រសើរ ដល់វេជ្ជបណ្ឌិតឯកទេសមន្ទីរពេទ្យកាល់ម៉ែត និស្សិត DES មកពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សំដៅពង្រីកវិសាលភាពបច្ចេកទេសវះកាត់ចោះ នៅតាមមន្ទីរពេទ្យទូទាំងប្រទេសកម្ពុជា ដែលពិតជាមានសារៈសំខាន់យ៉ាងធំធេងក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យសុខាភិបាល ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលជានិច្ចកាលសម្តេច តែងតែយកចិត្ដទុកដាក់គិតគូរជួយឧបត្ថម្ភគាំទ្រ និងផ្ដល់អាទិភាពដល់វិស័យសុខាភិបាល។

លោកសាស្ដ្រាចារ្យ ក៏សង្ឃឹមយ៉ាងមុតមាំថា តាមរយៈការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈវះកាត់ចោះនេះ គឺជាការធ្វើនានុវត្តន៍ថ្មីបន្ថែម ដើម្បីផ្តល់សេវាព្យាបាលបែបទំនើប មានគុណភាព ប្រសិទ្ធភាព និងទំនុកចិត្តកាន់តែខ្ពស់ ជូនដល់ប្រជាពលរដ្ឋប្រកបដោយទំនុកចិត្ត៕