(ភ្នំពេញ)៖ អគារថ្មីពីរខ្នង មួយខ្នងជាអគារធនធានមនុស្ស និងមួយខ្នងទៀត ជាអគារសម្រាប់សិក្សា ដែលជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិនជួយក្នុងវិស័យអប់រំ នៃរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី ត្រូវបានស្ថាបនារួចរាល់ជាស្ថាបពរនៅក្នុងវិទ្យាល័យហ៊ុនសែន ព្រែកថ្មី ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែធ្នូ ឆ្នាំ២០២២ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ អមដំណើរដោយលោក ហ៊ត គឹមនី អភិបាលរងខណ្ឌ, លោក ស្រេង គឹមស្រ៊ន នាយករដ្ឋបាលសាលាខណ្ឌ បានចុះពនិត្យអគារថ្មីទាំង២ខ្នង ដែលទើបសាងសង់រួចរាល់ជាស្ថាបពរ នៅសល់តែកិច្ចការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅបរិវេណវិទ្យាល័យតែប៉ុណ្ណោះ ។

ក្នុងការចុះពិនិត្យអគារសិក្សាថ្មីទាំង ២ខ្នងនេះដែរ លោកអភិបាលខណ្ឌ បានណែនាំបន្ថែមដល់គណៈគ្រប់គ្រងវិទ្យាល័យនិង គណៈកម្មការទ្រទ្រង់សាលា ចូលរួមសហការគ្នា ដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅក្នុងបរិវេណវិទ្យាល័យ ឲ្យមានសោភ័ណភាព បរិស្ថានអនាម័យល្អ ដូចជា ដាំដើមឈើ រៀបចំធ្វើសួនច្បារ នឹងរៀបចំ ក្រាលការ៉ូឡានៅទីកន្លែងណា ដែលអាចធ្វើទៅបាន។

ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌ ក៏បានផ្ដាំផ្ញើឲ្យគណៈគ្រប់គ្រងវិទ្យាល័យក៏ដូចជាគណៈកម្មការទ្រទ្រង់សាលាធ្វើយ៉ាងណារួមគ្នាថែរក្សា សមិទ្ធិផល និងឧបករណ៍ សម្ភារៈដែលបំពាក់នៅក្នុងអគារសិក្សាដូចជា កុំព្យូទ័រ សម្ភារៈនៅក្នុងបន្ទប់ពិសោធន៍និងសម្ភារៈ សិក្សាផ្សេងៗទៀតឲ្យបានគង់វង្ស៕