(ភ្នំពេញ)៖ ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា បានជ្រើសយកមូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»

មូលបទនេះ បង្ហាញពីកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់ស្មារតីអាស៊ាន ជាគ្រួសាររួបរួមគ្នាតែមួយ ដែលមានសមាជិកដប់ប្រទេស ប្រកបដោយស្មារតីរឹងមាំ «ទាំងអស់រួមគ្នា» ធ្វើសកម្មភាពរួមគ្នា ដើម្បីសម្រេចឱ្យបាននូវគោលដៅរួមគ្នា ដើម្បីរួមចំណែកក្នុងការស្ថាបនាបន្ថែមទៀត ក្នុងការថែរក្សា និងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ និងសកលលោក។

បើទោះជាយ៉ាងនេះក្តី ទន្ទឹមគ្នានឹងការធ្វើជាប្រធានអាស៊ាន កម្ពុជាបានមើលឃើញពីចង្កោមចំនួន៤ នៃបញ្ហាប្រឈមរួមមាន៖ តម្រូវការចាំបាច់និងជាបន្ទាន់ ដើម្បីសម្រេចបាននូវការស្តារសេដ្ឋកិច្ចឡើងវិញ ឱ្យបានឆាប់រហ័សពីផលប៉ះពាល់នៃជំងឺរាតត្បាតដោយកូវីដ១៩, សម្ពាធដ៏ធ្ងន់ធ្ងរដែលកើតចេញ ពីការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ, បញ្ហាប្រឈមផ្នែកសន្តិសុខ ទាំងជាប្រពៃណីនិងមិនមែនជាប្រពៃណី ដែលមានស្រាប់, និងបញ្ហាប្រឈមផ្ទៃក្នុង និងនៅក្នុងស្ថាប័នរបស់អាស៊ាន។ អាទិភាពនានារបស់អាស៊ាន នៅឆ្នាំ២០២២នេះ ត្រូវបានកំណត់ឡើងដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ។

នៅក្នុងន័យនេះ អាទិភាពសំខាន់ៗ ក្រោមសសរស្តម្ភសហគមន៍ សន្តិសុខ-នយោបាយអាស៊ាន សម្រាប់អាស៊ានសម្រាប់ឆ្នាំ២០២២ ដែលរួមមានការថែរក្សា និងពង្រឹងមជ្ឈភាពអាស៊ាន សម្រាប់សន្តិភាពនិងវិបុលភាព ការលើកកម្ពស់ការចូលរួមចំណែករបស់តំបន់ ចំពោះសន្តិភាពពិភពលោក ដោយបង្កើនសន្ទុះ និងពង្រីកភាពជាដៃគូជាមួយដៃគូខាងក្រៅ។

សូមរំលឹកផងដែរថា ក្នុងកម្មវិធីផ្ទេរ និងទទួលតំណែងជាប្រធានអាស៊ាន របស់កម្ពុជា នាចុងឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជានឹងដឹកនាំអាស៊ាន ឈានទៅសម្រេចបាននូវសមិទ្ធផលសំខាន់ៗថែមទៀត ជាពិសេសជំរុញសម្ទុះនៃដំណើរការកសាងសហគមន៍អាស៊ាន ប្រកបដោយសមធម៌ រឹងមាំ និងបរិយាបន្ន ស្របតាមស្មារតីស្នូលរបស់អាស៊ាន គឺ «ចក្ខុវិស័យមួយ អត្តសញ្ញាណមួយ និងសហគមន៍មួយ»

ក្នុងស្មារតីនេះ កម្ពុជាសូមគូសរំលេចពីអាទិភាពការងារ សំខាន់ៗមួយចំនួនសម្រាប់ឆ្នាំ២០២២ រួមមាន៖

ទី១៖ សសរស្តម្ភនយោបាយ និងសន្តិសុខ៖ កម្ពុជានឹងយក ចិត្តទុកដាក់ពង្រឹង មជ្ឈភាពអាស៊ាន និងឯកភាពអាស៊ាន ទាំងក្នុងយន្តការតំបន់ និងទាំងកិច្ចសហប្រតិបតិ្តការ ជាមួយដៃគូខាងក្រៅ ដោយឈរលើមាគ៌ា និងគោលការណ៍របស់អាស៊ាន ដូចមានចែងនៅក្នុងធម្មនុញ្ញអាស៊ាន សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបតិ្តការ នៅអាស៊ីអាគ្នេយ៍ និងទស្សនវិស័យអាស៊ាន ស្តីពីឥណ្ឌូប៉ាស៊ីហ្វិក។

អាស៊ាន ក៏ត្រូវមានភាពធន់ និងរឹងមាំ ទប់ទល់ បានពីសម្ពាធ និងឥទ្ធិពលនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ដែលកំពុងតែកើនឡើង, បញ្ហាឧក្រិដ្ឋ កម្មឆ្លងដែន, ភេវរកម្ម, ការប្រែប្រួលអាកាសធាតុ និងជំងឺ រាតត្បាត។ល។ ដើម្បីធានាដំណើរទៅមុខក្នុងសន្តិភាព, សន្តិសុខ និងវិបុលភាព។

ទី២៖ សសរស្តម្ភសេដ្ឋកិច្ច៖ កម្ពុជានឹងជំរុញការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់នូវរាល់គំនិតផ្តួចផ្តើម និងវិធានការដែលបានឯកភាពគ្នា និងទាញយក ផលប្រយោជន៍ជាអតិបរមា ពីកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីនានា ដើម្បីស្ដារកំណើនសេដ្ឋកិច្ចឱ្យបានឆាប់ ក្នុងពេលដែលយើង រស់ជាមួយនឹងកូវីដ១៩ ក្នុងប្រក្រតីភាពថ្មី និងធានាឱ្យអាស៊ាននៅតែជាមជ្ឈមណ្ឌល ពាណិជ្ជកម្ម និងការវិនិយោគ ប្រកបដោយភាពទាក់ទាញ និងជវភាពពិសេសតាម រយៈការជំរុញការតភ្ជាប់ទាំងរូបវន្ត និងឌីជីថល ការលើកកម្ពស់សមត្ថភាពរបស់សហគ្រាស ខ្នាតមីក្រូ តូច និងមធ្យម (MSMEs) និងការលើកកម្ពស់សហគ្រិនភាពរបស់ស្ត្រី និងយុវជន ព្រមទាំងការងារអាទិភាពផ្សេងទៀត ដើម្បីកាត់បន្ថយ គម្លាតអភិវឌ្ឍន៍ និងពង្រឹងសមាហរណកម្មតំបន់។

និងទី៣៖ សសរស្តម្ភសង្គម-វប្បធម៌៖ កម្ពុជានឹងជំរុញការអភិវឌ្ឍធនធានមនុស្សឱ្យឆ្លើយតបនឹងតម្រូវការជាក់ស្តែងក្នុងការកសាងសហគមន៍ រួមទាំងជំរុញការចូលរួមរបស់ស្ត្រី និងយុវជន នៅក្នុងការរក្សា និងកសាងសន្ដិភាព និងការអភិវឌ្ឍប្រព័ន្ធការពារសង្គមប្រកបដោយបរិយាប័ន្នផងដែរ។ ហើយអាទិភាពសំខាន់មួយទៀត គឺការជំរុញនូវការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជន សំដៅពង្រឹងស្មាតីអត្តសញ្ញាណអាស៊ានតែមួយ។

ជារួម កម្ពុជានឹងបន្តកៀរគរការគាំទ្រ និងកិច្ចសហប្រតិបតិ្តការ ដើម្បីសម្រេចគោលដៅនៃការកសាង សហគមន៍អាស៊ានទាំងបី តាមទស្សនវិស័យសហគមន៍ អាស៊ានឆ្នាំ២០២៥។ ជាមួយគ្នានេះ យើងក៏នឹងជំរុញផងដែរ នូវដំណើរការរៀបចំ ទស្សនវិស័យសហគមន៍ អាស៊ានសម្រាប់ រយៈពេលក្រោយឆ្នាំ២០២៥។

* សម្រាប់កិច្ចការតំបន់

នៅក្នុងសេចក្តីរាយការណ៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ បានគូសបញ្ជាក់ថា អ្វីដែលកម្ពុជាបានធ្វើប៉ុន្មានថ្ងៃនេះ គឺជាសក្ខីភាពបញ្ជាក់ពីតួនាទីនាំមុខរបស់ប្រទេសកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន នៅក្នុងកិច្ចការតំបន់និងសាកល ក៏ដូចជាលទ្ធភាព និងសមត្ថភាពក្នុងការរៀបចំ ព្រឹត្តិការណ៍ដ៏សំខាន់របស់ពិភពលោក ដូចជាកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

ក្រោមមូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» កម្ពុជាក្នុងនាមជាប្រធានអាស៊ាន អាចអញ្ជើញ និងទទួលថ្នាក់ដឹកនាំកំពូលមកពីបណ្ដា ប្រទេស និងស្ថាប័ន អន្តរជាតិនានាចំនួន២៩ ក៏ដូចជាបានអនុម័ត និងកត់សម្គាល់ឯកសារលទ្ធផលចំនួន១០១ ស្តីពីអាទិភាពចម្បងនានា នៅក្នុងសសរស្ដម្ភសហគមន៍ទាំងបីរបស់អាស៊ាន ក្នុងនោះមាន (ទី១)- សេចក្តីថ្លែងការណ៍ស្តីពីទស្សនវិស័យ របស់ប្រមុខដឹកនាំអាស៊ានលើមូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយ បញ្ហាប្រឈមទាំងអស់គ្នា» (ទី២)- សេចក្ដីថ្លែងការណ៍របស់ប្រមុខដឹកនាំអាស៊ាន ស្តីពីខួបទី៥៥នៃអាស៊ាន និង (ទី៣)- សេចក្តីថ្លែងការណ៍របស់ប្រមុខដឹកនាំអាស៊ានស្តីពីរបៀបវារៈតភ្ជាប់អាស៊ាន ក្រោយឆ្នាំ២០២៥។

ក្នុងរយៈពេល ៤ថ្ងៃចុងក្រោយនេះ អាស៊ាននិងដៃគូខាងក្រៅ បានពិភាក្សាយ៉ាងទូលំទូលាយ និងប្រកបដោយន័យស្ថាបនា ទៅលើបញ្ហាដ៏សំខាន់បំផុតជាច្រើន ដែលតំបន់របស់យើង និងសាកលលោកកំពុងប្រឈម ដូចជាស្ថានការណ៍សន្តិសុខដ៏គួរឱ្យព្រួយបារម្ភ ការធ្លាក់ចុះសេដ្ឋកិច្ច ជំងឺរាតត្បាតជាសាកល ការប្រែប្រួលអាកាសធាតុ វិបត្តិស្បៀងអាហារនិងថាមពលជាដើម ហើយស្របពេលគ្នានេះដែរ យើងក៏បានពិភាក្សាពីវិស័យសក្តានុពលនិងជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការដែលយើងអាចរួមគ្នាធ្វើ ដើម្បីឆ្ពោះទៅមុខជាមួយគ្នា។

ថ្នាក់ដឹកនាំអាស៊ានពេញចិត្តចំពោះភាពជឿនលឿន នៃសសរស្តម្ភសហគមន៍អាស៊ានទាំង៣ ក្នុងការជំរុញផែនការលម្អិត និងផែនការសកម្មភាពតាមវិស័យរៀងៗខ្លួន នៅក្នុងបរិបទនៃបញ្ហាប្រឈមជាច្រើន និងត្រួតស៊ីគ្នា ជាពិសេសផលប៉ះពាល់យ៉ាងខ្លាំងនៃជំងឺកូវីដ១៩ ទៅលើអាយុជីវិតនិង ជីវភាពរស់នៅរបស់ប្រជាជនទូទៅ។ លើសពីនេះ ថ្នាក់ដឹកនាំអាស៊ានក៏បានជួបដាច់ដោយឡែកជាមួយអន្តរសភាអាស៊ាន ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន និងយុវជនអាស៊ាន ដើម្បីស្តាប់ពីទស្សនៈ និងកង្វល់ដែលកើតមាន និងស្វែងយល់ពីលទ្ធភាពដែលអាចចូលរួមចំណែកក្នុងរបៀបវារៈរបស់តំបន់។

អគ្គលេខាធិការអាស៊ាន លោក Lim Jock Hoi ក៏បានគូសបញ្ជាក់ អំពីវឌ្ឍនភាពនៃការអនុវត្តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ លើសសរស្តម្ភទាំងបី ជាមួយនឹងលទ្ធផលវិជ្ជមានជាច្រើន។ ក្នុងនោះ អាស៊ានអនុវត្ត បាន៩៨% លើសកម្មភាពក្នុងផែនការមេរបស់ សសរស្តម្ភនយោបាយ-សន្តិសុខ ៨៨.៣% លើសសរស្តម្ភ សេដ្ឋកិច្ច ៧២% លើសសរស្តម្ភសង្គម-វប្បធម៌ និងអនុវត្តបាន ១៤/១៥ លើងវិស័យយុទ្ធសាស្ត្រចំនួន៥ នៃផែនការមេ ស្តីពីការតភ្ជាប់អាស៊ាន ឆ្នាំ២០២៥ (Master Plan on ASEAN Connectivity 2025-MPAC 2025)។

សមិទ្ធផលលេចធ្លោដែលគួរឱ្យកត់សម្គាល់ ក្នុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំនេះ គឺការបានក្លាយ ជាសមាជិកអាស៊ានទី១១ របស់ប្រទេសទីម័រខាងកើត បន្ទាប់ពីការប្រឹងប្រែងក្រោមការជួយជ្រោមជ្រែងយ៉ាងខ្លាំង ពីកម្ពុជាអស់រយៈពេល១១ឆ្នាំ និងផ្ដល់ឋានះជាប្រទេសសង្កេតការណ៍ ដែលអនុញ្ញាតឱ្យទីម័រឡេស្តេ អាចចូលរួមក្នុងកិច្ចប្រជុំអាស៊ានទាំងអស់ រួមទាំងកិច្ចប្រជុំពេញអង្គ នៃកិច្ចប្រជុំកំពូលផងដែរ។

សេចក្តីថ្លែងការណ៍របស់ប្រមុខដឹកនាំអាស៊ានបានបញ្ជាក់ថា ការឯកភាពនេះធ្វើឡើងបន្ទាប់ពីប្រមុខដឹកនាំអាស៊ាន បានពិចារណា លើលទ្ធផលនៃបេសកកម្មស្វែងរកការពិតរបស់សសរស្តម្ភ សហគមន៍ នយោបាយនិងសន្តិសុខអាស៊ាន សហគមន៍សេដ្ឋកិច្ច អាស៊ាន និងសហគមន៍ សង្គម វប្បធម៌អាស៊ាន។ ប្រមុខដឹកនាំអាស៊ានបានឯកភាពគ្នា «បង្កើតជា ផែនទី បង្ហាញផ្លូវ ផ្អែកលើលក្ខណវិនិច្ឆ័យ អព្យាក្រឹតសម្រាប់ការចូលជាសមាជិកពេញសិទ្ធិរបស់ទីម័រឡេស្ត រួមទាំងផ្អែកលើសមិទ្ធផលសំខាន់នានា ដែលកំណត់ដោយរបាយការណ៍នៃបេសកកម្មស្វែងរកការពិតទាំង៣ សសរស្តម្ភ របស់អាស៊ាន»

ក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន ត្រូវបានប្រគល់ភារកិច្ចក្នុងការបង្កើតផែនទីបង្ហាញផ្លូវនេះ ហើយត្រូវដាក់ជូនថ្នាក់ដឹកនាំអាស៊ាន ទាំងអស់អនុម័តក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២។ ប្រទេសសមាជិកអាស៊ានទាំងអស់ និងដៃគូខាងក្រៅត្រូវផ្តល់ការគាំទ្រដោយពេញលេញចំពោះទីម័រខាងកើត ក្នុងការឈានទៅសម្រេចបាននូវសមិទ្ធផលដែលបានកំណត់ទាំងនោះ តាមរយៈការកសាងសមត្ថភាព និងផ្តល់ការគាំទ្រចាំបាច់នានាផ្សេងទៀត សម្រាប់ការចូលជាសមាជិកអាស៊ានពេញសិទ្ធិរបស់ទីម័រឡេស្ត។

ជាការឆ្លើយតប ទីម័រឡេស្ត បានចេញសេចក្តីថ្លែងការណ៍ស្វាគមន៍ចំពោះសេចក្តីថ្លែងការណ៍របស់ប្រមុខដឹកនាំអាស៊ាន ស្តីពី ការស្នើសុំចូលជាសមាជិកអាស៊ានរបស់ទីម័រឡេស្ត ដែលបានប្រកាសទទួលយកទីម័រឡេស្ត ជាសមាជិកទី១១ របស់អាស៊ានហើយខ្លួនទន្ទឹងរង់ចាំធ្វើកិច្ចសហការជាមួយប្រធានអាស៊ានឆ្នាំក្រោយ គឺប្រទេសឥណ្ឌូនេស៊ី។ ជាមួយគ្នានេះទីម័រឡេស្ត បានស្នើសុំប្រទេសសមាជិកអាស៊ានទាំងអស់ ផ្ដល់នូវឋានៈជាសមាជិកអាស៊ានពេញសិទ្ធិក្នុងឆ្នាំ២០២៣ បន្ទាប់ពីការត្រៀមលក្ខណៈអស់រយៈពេល១១ឆ្នាំ និងការអនុម័តនូវផែនទីចង្អុលបង្ហាញផ្លូវ និងរបាយការណ៍ជូនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២។

ទាក់ទងនឹងវិបត្តិនៅមីយ៉ាន់ម៉ា៖ អាស៊ានជំរុញឱ្យប្រទេសមួយនេះអនុវត្តកិច្ចព្រមព្រៀង៥ចំណុច ឱ្យបានទាំងស្រុង។ បើតាមសេចក្តី សម្រេច និងការវាយតម្លៃមួយរបស់មេដឹកនាំអាស៊ាន កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២៖ អាស៊ាន បានបញ្ជាក់ជាថ្មីថាមីយ៉ាន់ម៉ា នៅតែជាផ្នែកសំខាន់របស់អាស៊ាន និងថាបើទោះបីជាមានភាពជឿនលឿន តិចតួច នៃការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច តែកិច្ចព្រមព្រៀងនេះនៅតែជាឯកសារយោងដ៏សំខាន់ និងនៅមានសុពលភាពរបស់អាស៊ាន ហើយថាកិច្ចព្រមព្រៀង ៥ចំណុច គួរតែត្រូវបានអនុវត្តឱ្យបានពេញលេញ។ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងទី៤១ ថ្នាក់ដឹកនាំទាំង៩របស់អាស៊ាន បានក៏ធ្វើការវាយតម្លៃ និងសម្រេចឱ្យប្រទេសមីយ៉ាន់ម៉ា អនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច ដែលបានឯកភាពនៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន កាលពីខែមេសា ឆ្នាំ២០២១។

តាមរយៈសេចក្តីសម្រេច និងវាយម្លៃរបស់មេដឹកនាំអាស៊ាន កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលមាន១៥ចំណុច បានបញ្ជាក់ទៀតថា ស្ថានការណ៍នៅមីយ៉ាន់ម៉ា នៅតែធ្ងន់ធ្ងរ និងមានភាពផុយស្រួយ ជាមួយ នឹងការ កើនឡើងនៃអំពើហិង្សា ដែលជាកង្វល់ចម្បង ប៉ះពាល់មិនត្រឹមតែ មីយ៉ាន់ម៉ា ប៉ុណ្ណោះទេ ថែមទាំងដល់ កិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ានផងដែរ។ អាស៊ានប្ដេជ្ញាចិត្តជួយ មីយ៉ាន់ម៉ា ក្នុងការស្វែងរក ដំណោះស្រាយដោយសន្តិវិធី និងយូរអង្វែងសម្រាប់វិបត្តិបច្ចុប្បន្ន។

ជាមួយនឹងភាពជឿនលឿនតិចតួច ដែល សម្រេចបានក្នុងការ អនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច កងទ័ពមីយ៉ាន់ម៉ា មានតួនាទីក្នុងការអនុវត្តតាមការ ប្តេជ្ញាចិត្តចំពោះថ្នាក់ដឹកនាំអាស៊ាន។ ចំណុចសំខាន់មួយទៀត នៅក្នុងចំណោមសេចក្តីសម្រេច និងវាយម្លៃ ដែលមាន១៥ចំណុចនោះ គឺអាស៊ាន ត្រូវពិចារណារិះរកវិធីសាស្ត្រផ្សេងទៀត ដែលអាចគាំទ្រដល់ការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចនេះ។

សូមបញ្ជាក់ថា វត្តមានរបស់មីយ៉ាន់ម៉ា ត្រូវបានដកចេញពីកិច្ចប្រជុំរបស់អាស៊ាន ជាបន្តបន្ទាប់នៅក្រោយរបបយោធាឡើងកាន់អំណាច កាលពីខែកុម្ភៈ ឆ្នាំ២០២១។ សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន ដែលធ្វើឡើងក្នុងក្រុងភ្នំពេញ នាខែវិច្ឆិកានេះកៅអីមីយ៉ាន់ម៉ា គឺត្រូវបានទុកឱ្យទំនេរ។

*សម្រាប់កិច្ចការទំនាក់ទំនងខាងក្រៅ

ដើម្បីបន្តនិងពង្រឹងទំនាក់ទំនងជាមួយដៃគូខាងក្រៅ អាស៊ាន បានយល់ព្រមបញ្ចូលអ៊ុយក្រែន ក្នុងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការអាស៊ីអាគ្នេយ៍ (TAC) នាកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១នេះ។ ដូចគ្នានេះដែរ ប្រទេស៦ទៀតរួមមាន៖ ដាណឺម៉ាក ក្រិក ណេតដឺឡង់ (ហូឡង់) អូម៉ង់ កាតា និងអេមីរ៉ាតអារ៉ាប់រួម ក៏បានចុះហត្ថលេខាចូលជាសមាជិកក្នុងសន្ធិសញ្ញា មិត្តភាពនិងសហប្រតិបត្តិការអាស៊ីអាគ្នេយ៍ នាកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនៅខែសីហា ដែលធ្វើឱ្យប្រទេសជាសមាជិកនៃសន្ធិសញ្ញានេះបានកើនឡើងដល់៥០ប្រទេស។

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននេះ ប្រទេស អ៊ុយក្រែន បានចុះហត្ថលេខាលើលិខិតូបករណ៍ ចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីអាគ្នេយ៍ (TAC)។

លោក Dmytro Kuleba រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនបានថ្លែងថា៖ «យើងពិតជារីករាយដែលបាន ចុះហត្ថលេខាចូល TAC នេះ ស្ថិតក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន។ ការចុះហត្ថលេខានេះ បានក្លាយជាការពិត និងមានការឯកភាព គ្នាសម្រាប់យើង ហើយការឯកភាពនេះត្រូវបានធានា។ យើងចាត់ទុកការចុះហត្ថលេខា TAC ជាសារគាំទ្រផ្នែកនយោបាយពីសំណាក់បណ្តាប្រទេសអាស៊ានចំពោះអ៊ុយក្រែន»

លោកថ្លែងថា ចំពោះបញ្ហាអ៊ុយក្រែន ចូលរួមជាមួយ TAC បានស្ថិតនៅក្នុងរបៀបវារៈជាច្រើនឆ្នាំមកហើយ។ ប៉ុន្តែទីបំផុតវាបានសម្រេចហើយ ហើយវាបាននាំ ទំនាក់ទំនងរវាង អ៊ុយក្រែន ជាមួយប្រទេសអាស៊ានទៅកាន់កម្រិតថ្មីមួយ។

លោក Dmytro ក៏បានថ្លែងថា៖ «យើងនឹងស្វែងរក និងប្រើប្រាស់រាល់ឱកាសនៃការកសាងទំនាក់ទំនងកាន់តែស៊ីជម្រៅ ជាមួយបណ្តាប្រទេស អាស៊ានក្នុងវិស័យនយោបាយ ពាណិជ្ជកម្ម អាជីវកម្ម និងសន្តិសុខស្បៀង។ ទាំងនេះគឺជាអាទិភាពទាំងអស់ សម្រាប់ទាំងយើង និងប្រទេសអាស៊ាន»

កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលីលើកទី២ បានស្វាគមន៍វិស័យថ្មីនៃកិច្ចសហប្រតិបត្តិការ ជាក់ស្តែង ហើយទន្ទឹងរង់ចាំការចាប់ផ្ដើមគំនិតផ្តួចផ្តើមអូស្ត្រាលី សម្រាប់អនាគតអាស៊ាន។ ជាងនេះទៅទៀតអាស៊ាន និងកាណាដា ក៏បានរៀបចំនូវកិច្ចប្រជុំកំពូលរំលឹកខួបលើកទី៤៥ នៃទំនាក់ទំនង កិច្ចសន្ទនារបស់ខ្លួន ហើយបានប្តេជ្ញាដំឡើងទំនាក់ទំនងអាស៊ាន និងកាណាដា ក្នុងកម្រិតដៃគូ យុទ្ធសាស្ត្រ។

សូមរំលឹកថា កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥ ភាគីទាំង២ បានផ្លាស់ប្តូរទស្សនគ្នា ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងចិន ឱ្យកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត ដោយត្រូវឈរលើមូលដ្ឋានគ្រឹះដ៏រឹងមាំនៃសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ និងវិបុលភាពក្នុងតំបន់។ កិច្ចប្រជុំបានវាយតម្លៃខ្ពស់ និងស្វាគមន៍គំនិត ផ្តួចផ្តើមថ្មីដែលនឹងរួមចំណែកក្នុងការអភិវឌ្ឍ និងពេញលេញ ក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន ដើម្បីសន្តិភាព និងវិបុលភាពសម្រាប់ឆ្នាំ២០២១ រហូតដល់ឆ្នាំ ២០២៥ ព្រមទាំងសម្រេចឱ្យបាននូវរាល់គោលដៅនៃកិច្ចព្រមព្រៀងមួយនេះ។

ក្នុងនោះអាស៊ាននិងចិន បានអនុម័តនូវ ឯកសារសំខាន់ៗចំនួន៣ គឺសេចក្តីថ្លែងការណ៍រួមអាស៊ាន-ចិន ខួបលើកទី២០ នៃសេចក្តីថ្លែងការណ៍ស្តីពី ការប្រតិបត្តិរបស់បណ្តាភាគីនៅ សមុទ្រ ចិនខាងត្បូង, សេចក្តីថ្លែងការណ៍រួមអាស៊ាន-ចិន ស្តីពីការពង្រឹងការ អភិវឌ្ឍរួម និងប្រកបដោយចីរភាព, និងសេចក្តីថ្លែងការណ៍រួមអាស៊ាន-ចិន ស្តីពីការសហប្រតិបត្តិការសន្តិសុខ ស្បៀង។

ជោគជ័យមួយទៀតនោះ ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះ គឺប្រទេសដៃគូសន្ទនារបស់អាស៊ានចំនួន២ គឺឥណ្ឌានិងអាម៉េរិក បានដំឡើងកម្រិតទំនាក់ទំនងទៅជា «ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ចំណែកប្រទេសជប៉ុន ក៏ផ្តល់សញ្ញាណល្អ ក្នុងការយល់ព្រមលើកកម្ពស់កម្រិតទំនាក់ទំនង «ដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ» ជាមួយអាស៊ានផងដែរ ហើយគ្រោងនឹងប្រកាសនៅឆ្នាំ២០២៣ ក្នុងជំនួបប្រជុំកំពូលអាស៊ាន-ជប៉ុន នៅទីក្រុងតូក្យូ។

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិក ប្រមុខដឹកនាំអាស៊ាន និងអាម៉េរិក បានឯកភាពគ្នាដំឡើងកិច្ចសហប្រតិបត្តិការពីភាពជាដៃគូយុទ្ធសាស្ត្រទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីបង្កើនកិច្ចសហការលើគ្រប់វិស័យ និងដោះស្រាយបញ្ហាប្រឈមរួមគ្នា នៅក្នុងតំបន់។

លោក គង់ ភោគ អ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ាន បានថ្លែងថា កិច្ចសហការអាស៊ាន និងអាម៉េរិក ត្រូវបានឈានដល់មួយកម្រិតទៀតដោយក្នុងនោះ ប្រធានាធិបតីអាម៉េរិក លោក ចូ បៃដិន បានប្រកាសបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយ អាស៊ាន។ ដូច្នេះ បន្ទាប់ពីមានការប្រកាសបែបនេះ វាមានភាពចាំបាច់សម្រាប់ប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក ដើម្បីធ្វើការស្វែងរកថា តើផ្នែកណាខ្លះដែលជាអាទិភាពត្រូវបញ្ចូលទៅក្នុងភាពជាដៃគូ។

បើសិនជាយើងមើលពីទំនាក់ទំនងអាម៉េរិក និងអាស៊ាន គឺមានភាពគ្រប់ជ្រុងជ្រោយរួចទៅហើយ បានន័យថាសហរដ្ឋអាម៉េរិក និងសមាជិកអាស៊ានបានសហការយ៉ាងច្រើនទាំងផ្នែកសេដ្ឋកិច្ច សន្តិសុខ សង្គម វប្បធម៌។ ដូច្នេះ យើងសង្ឃឹមថាបន្ទាប់ពីការបង្កើតភាពជាដៃគូគ្រប់ជ្រុងជ្រោយនេះ សហរដ្ឋអាម៉េរិក និងសមាជិកអាស៊ាននឹងពង្រឹងភាពជាដៃគូនេះ ឱ្យកាន់តែស៊ីជម្រៅជាពិសេសទៅលើផ្នែកទាំងឡាយដែលជាអាទិភាពដូចជាសេដ្ឋកិច្ចឌីជីថល ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីដោះស្រាយបញ្ហាមួយចំនួនដែលបានឡើងនារយៈពេលចុងក្រោយនេះ។

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា តាមរយៈកិច្ចប្រជុំកំពូលនេះអាស៊ាន-ឥណ្ឌា ក៏ឯកភាពគ្នាបន្តលើកកម្ពស់ទំនាក់ទំនងបន្ថែមទៀត តាមរយៈការបន្តជំរុញលើវិស័យដែលមានស្រាប់ និងបង្កើនការយកចិត្តទុកដាក់លើទំនាក់ទំនងរវាងប្រជាជន និងប្រជាជនលើវិស័យពាណិជ្ជកម្ម និងវិស័យដទៃទៀត ដែលមានសក្តានុពលរបស់ប្រទេសទាំង២។

នៅកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៩ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ក្នុងរយៈពេល៣ទសវត្សរ៍កន្លងមក ទោះបី ជាជួបនូវបញ្ហាប្រឈមនានា អាស៊ាន និងឥណ្ឌា មានការរីកចម្រើនឥតឈប់ឈរដែលបានក្លាយជាប៉ូលសង្គម-សេដ្ឋកិច្ច យ៉ាងសំខាន់ នៅលើពិភពលោក។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ជាមួយនឹងលទ្ធផលនៃការអភិវឌ្ឍនេះ កិច្ចសហប្រតិបត្តិការអាស៊ាន-ឥណ្ឌា ក៏កាន់តែរីកចម្រើនបន្ថែម និងមានមូលដ្ឋានកាន់តែទូលំទូលាយជាលំដាប់។

សម្តេចតេជោ ហ៊ុន សែន ក៏បានបន្តថា៖ «ដោយសារការប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការពង្រឹងភាពជាដៃគូ ដើម្បីឱ្យអាស៊ាន-ឥណ្ឌា មានទំនាក់ទំនងកាន់តែស្អិតល្មួត និងមានលទ្ធភាពកាន់តែខ្ពស់ក្នុងការធានា និងនាំមកនូវសន្តិភាព និងវិបុលភាពជូនប្រជាជនរបស់យើងបច្ចុប្បន្ន និងអនាគត»

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន ភាគីទាំងពីរ បានប្រកាសស្វាគមន៍ផែនការភាពជាដៃគូសេដ្ឋកិច្ចអាស៊ាន-ជប៉ុន ប្រកបដោយ ភាពច្នៃប្រឌិត និងនិរន្តរភាព ក្នុងឆ្នាំ២០២៣ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្ពោះទៅរកការស្តារឡើងវិញនូវខ្សែចង្វាក់ផ្គត់ផ្គង់ ប្រកបដោយភាពធន់ រឹងមាំ ចីរភាព និងនវានុវត្តន៍។

កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន ដែលបាននាំមកនូវភាពជោគជ័យយ៉ាង ធំធេង និងត្រចះត្រចង់លើគ្រប់វិស័យដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាព ជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុង ប្រទេសអាស៊ាន និងជប៉ុន។ កិច្ចប្រជុំនេះ ក៏បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពជាក់ស្ដែងនៃការអនុវត្តការកែសម្រួលការអនុវត្តសេចក្ត ប្រកាសចក្ខុវិស័យស្តីពី មិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន ចក្ខុវិស័យមួយអត្តសញ្ញាណមួយ និងអនាគតមួយ។

កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េលើកទី២៣ មានសេចក្តីរីករាយចំពោះភាពជឿនលឿនដ៏ល្អនៅក្នុងការអនុវត្តចក្ខុវិស័យរួមរបស់ ហើយបានស្វាគមន៍បំណងរបស់សាធារណរដ្ឋកូរ៉េ ក្នុងការសម្រេចបានភាព ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-សាធារណរដ្ឋកូរ៉េ។

ឆ្នាំប្រធានអាស៊ាន កម្ពុជាបានស្វាគមន៍ការប្រារព្ធខួបលើកទី២៥ នៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបី (APT) និងបានកោតសរសើរ ចំពោះការរួមចំណែករបស់ក្របខ័ណ្ឌនេះទៅដល់វិស័យអាទិភាពក្នុងតំបន់។ កិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៧ (EAS) បានកត់សម្គាល់ដោយការពេញចិត្តចំពោះវឌ្ឍនភាពសំខាន់ៗ ដែលបានអនុម័ត ក្រោមផែនការសកម្មភាពទីក្រុងម៉ានីល ដើម្បីអនុវត្តសេចក្តីថ្លែងការណ៍ ទីក្រុងភ្នំពេញ ស្ដីពីគំនិតផ្តួចផ្តើម អភិវឌ្ឍន៍ កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (២០១៨-២០២២)។

ជាងនេះទៅទៀត កម្ពុជាក៏បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចសន្ទនា សាកលអាស៊ានលើកទី២ ក្រោមប្រធានបទ «ការស្ដារឡើងវិញយ៉ាង ទូលំទូលាយក្រោយកូវីដ១៩» ដោយមានការចូលរួមពីថ្នាក់ដឹកនាំអាស៊ានដៃគូខាងក្រៅ និងប្រធានស្ថាប័នអន្តរជាតិនានា។

ជាចុងក្រោយ យើងក៏បានឆ្លៀតឱកាសប្រកាសនូវការបញ្ចប់ជាដុំកំភួននៃការ ដំឡើងកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-អូស្ត្រាលី-នូវែលហ្សេឡង់។

អាស៊ាន បានស្វាគមន៍រាល់គំនិតផ្តួចផ្តើមពីដៃគូខាងក្រៅ ដែលមានគោលបំណងរួមចំណែក ដល់ សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។ ជាងនេះទៅទៀត គំនិតផ្តួចផ្តើមទាំងនោះ ត្រូវតែស្របតាម ធម្មនុញ្ញ អាស៊ាន សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ និងទស្សនវិស័យអាស៊ាន ស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយមិនត្រូវប្រើប្រឆាំងនឹងភាគីផ្សេងទៀត ឬប្រើជាឧបករណ៍សម្រាប់ការ ប្រកួតប្រជែងរវាងប្រទេស មហាអំណាចនោះទេ។ ថ្នាក់ដឹកនាំអាស៊ាន ក៏បានអនុម័ត (១) សេចក្តីប្រកាស របស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពីការបញ្ជ្រាបវិស័យអាទិភាពទាំងបួន នៃទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក ក្នុងយន្តការដឹកនាំដោយអាស៊ាន និង (២) ឯកសារទស្សនទាន ស្តីពីផែនទីចង្អុលផ្លូវអាស៊ាន សម្រាប់ការលើកកម្ពស់ទស្សនវិស័យ អាស៊ានស្តី ពីឥណ្ឌូ- ប៉ាស៊ីហ្វិក ដែលជាគំនិតផ្ដួចផ្ដើមរបស់កម្ពុជា។

* បញ្ហាប្រឈមនានា

បញ្ហាសមុទ្រចិនខាងត្បូង លែងជារឿងក្តៅដូចមុន សម្រាប់កិច្ចប្រជុំអាស៊ាន ដោយសារប៉ុន្មានឆ្នាំមកនេះ បញ្ហាសមុទ្រចិនខាងត្បូង មានសភាពស្ងប់ស្ងាត់ នេះបើយោងតាម លោក គង់ ភោគ អ្នកនាំពាក្យកិច្ចប្រជុំ កំពូលអាស៊ាន។ ភាគីពាក់ព័ន្ធបាន ព្យាយាមសហការគ្នា ទៅលើអ្វីដែលអាចសហការគ្នាបាន។ ភាគីពាក់ព័ន្ធ ទាំងអស់ ក៏បានយល់ថា បញ្ហាសមុទ្រចិនខាងត្បូង ត្រូវការពេលវេលាដើម្បីដោះស្រាយ។ ដើម្បីដោះស្រាយ បញ្ហាសមុទ្រចិនខាងត្បូង កាលពីឆ្នាំ២០០២ពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានជាលើកដំបូង អាស៊ាននិងចិន បានចេញសេចក្តីថ្លែងការណ៍ ស្តីពីក្រមប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង (DOC)។

កម្ពុជាក៏បាន ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញនិងពន្លឿន ដើម្បីធ្វើយ៉ាងណាឱ្យការចរចាររបស់ភាគីពាក់ព័ន្ធ បានចប់ សព្វគ្រប់ ឱ្យបានឆាប់នៃក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង (COC) ដែលមានប្រសិទ្ធភាព និងខ្លឹមសារសំខាន់ៗ អនុលោមតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ ផងដែរ។ សេចក្តីពង្រាង ក្រមប្រតិបត្តិស្តីពីសមុទ្រចិនខាងត្បូង (COC) បានចាប់ផ្តើមតាំងពីឆ្នាំ២០១៨ រហូតមក ទល់ពេលនេះ ប្រទេសទាំងអស់កំពុងខិតខំជំរុញឱ្យមានសេចក្តីថ្លែងការណ៍រួម ស្តីពីក្រមប្រតិបត្តិស្តីពីសមុទ្រចិន ខាងត្បូង (COC) មួយ ដែលអាចទទួលយកបានដើម្បីបញ្ចប់ជម្លោះទាំងស្រុង។

ចំពោះស្ថានភាពនៅអ៊ុយក្រែន យើងអាចនិយាយបានថា ជាការកាន់ថ្មក្តៅបំផុត របស់កម្ពុជា ក្នុងឆ្នាំប្រធាន អាស៊ាន តែយើងអាច មើលឃើញថា មានជំហរផ្សេងគ្នា ជាពិសេសក្នុងអំឡុង កិច្ចប្រជុំកំពូលអាស៊ីបូព៌ា។ កម្ពុជា ពិតជារីករាយណាស់ ដែលកម្ពុជា អាចធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនេះ ដែលភាគីនានាមានគោលជំហរផ្សេងគ្នាអាចផ្លាស់ប្តូរទស្សនៈ ដោយស្មោះត្រង់លើបញ្ហានេះ។ យើងបានបញ្ជាក់ឡើងវិញ នូវការ គោរពចំពោះអធិបតេយ្យ ឯករាជ្យនយោបាយ និងបូរណភាពទឹកដី។ យើងបានគូសបញ្ជាក់ពីសារៈសំខាន់ នៃការបញ្ឈប់ជាបន្ទាន់នូវអរិភាព និងការបង្កើត បរិយាកាសអំណោយផល សម្រាប់ការដោះស្រាយជម្លោះដោយ សន្តិវិធី។ យើងក៏បានអំពាវនាវឱ្យមានការជួយសម្រួលដល់ការទទួលបាននូវ ជំនួយមនុស្សធម៌យ៉ាង ឆាប់រហ័ស សុវត្ថិភាព និងគ្មានការរារាំង ទៅដល់ប្រជាជន ដែលត្រូវការជំនួយនៅក្នុងប្រទេសអ៊ុយក្រែន។

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន- អង្គការសហប្រជាជាតិ ក៏បានបង្ហាញការព្រួយបារម្ភ ចំពោះសង្គ្រាមដែល កើតមាននៅអ៊ុយក្រែន បានប៉ះពាល់យ៉ាងខ្លាំងដល់ វិបត្តិស្បៀងអាហារ ថាមពល សម្រាប់ប្រទេសជាច្រើន ហើយថ្នាក់ដឹកនាំអាស៊ាន បានគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ក្នុងការស្វែងរក ដំណោះស្រាយដោយសន្តិវិធី។

ជាមួយគ្នានេះដែរ ចំពោះបញ្ហាឧបទ្វីបកូរ៉ បានបង្កឱ្យមានការព្រួយបារម្ភចំពោះការបាញ់មីស៊ីលបាលីស្ទីក រំលងប្រទេសជប៉ុន ហើយអាស៊ានបានចាត់ទុកសកម្មភាពបែបនេះ ជាការគំរាមកំហែងដល់សន្តិសុខនៅក្នុងតំបន់ និងក៏មានការអំពាវនាវ ឱ្យសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ គោរពតាមសេចក្ដីសម្រេច ពាក់ព័ន្ធនានា របស់ក្រុម ប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជៀសវាងការសាកល្បងនុយក្លេអ៊ែរបន្ថែមទៀត ក៏ដូចជា ទទូចឱ្យភាគីពាក់ព័ន្ធ ទាំងអស់ជៀសវាងការធ្វើឱ្យស្ថានការណ៍កាន់តែតានតឹង និងបន្តអត់ធ្មត់បំផុត ដើម្បីបង្កើត បរិយាកាស អំណោយផលដល់កិច្ចសន្ទនាដោយសន្តិវិធី។ អាស៊ានបានបង្ហាញការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែង អន្តរជាតិ និង មធ្យោបាយការទូតដើម្បីសម្រេចបាន នូវការលុបបំបាត់នុយក្លេអ៊ែរដោយសន្តិវិធី ពេញលេញ ដែលអាចផ្ទៀងផ្ទាត់បាន និងមិនអាចក្រលាស់បាននៅក្នុងឧបទ្វីបកូរ៉េ។

* អាស៊ាន និងភាពបត់បែន

ក្នុងឆ្នាំ២០២២ ជាលើកទី៣ដែលកម្ពុជាក្លាយជាប្រធានប្តូរវេនរបស់អាស៊ាន និងទទួលភារកិច្ច រៀបចំកិច្ច ប្រជុំកំពូលនានា បន្ទាប់ពីបានចូលជាសមាជិកអស៊ាន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។ ក្នុងនាមជា ប្រធាន ប្តូរវេន កម្ពុជាបានកំណត់យកមូលបទរួមនៃកិច្ចប្រជុំ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»។ កម្ពុជាប្រឈមនឹងបញ្ហាក្តៅជាច្រើន ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ របស់អាស៊ាន ដែលបញ្ហាទាំងនោះរួម មាន៖ វិបត្តិនយោបាយនៅមីយ៉ាន់ម៉ា បញ្ហាសមុទ្រចិនខាងត្បូង បញ្ហាឧបទ្វីបកូរ៉េ និងបញ្ហា សង្គ្រាមនៅប្រទេស អ៊ុយក្រែនជាដើម។

ក្នុងឆ្នាំប្រធានអាស៊ានរបស់កម្ពុជាឆ្នាំ២០២២ កម្ពុជាបានបេ្តជ្ញាចិត្តដឹកនាំអាស៊ាឱ្យនបោះជំហានទៅ មុខ ក្រោមមូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា (ASEAN A.C.T.: Addressing Challenges Together)» ដើម្បីភាពសុខដុមរមនា, សន្តិភាព និងវិបុលភាព ក្នុងតំបន់ទាំងមូល។ កម្ពុជាបាន ដឹកនាំអាស៊ានឈានទៅសម្រេចបាន នូវសមិទ្ធផលសំខាន់ៗ ថែមទៀត ជាពិសេសជំរុញសម្ទុះនៃ ដំណើរការ កសាងសហគមន៍អាស៊ាន ប្រកបដោយសមធម៌ រឹងមាំនិងបរិយាបន្ន ស្របតាមស្មារតីស្នូលរបស់ អាស៊ាន គឺ ចក្ខុវិស័យមួយ អត្តសញ្ញាណមួយ និងសហគមន៍មួយ។

កម្ពុជាធ្វើជាប្រធានអាស៊ានប្តូរវេនជាលើកទី៣ បានព្យាយាមដើរតួនាទីជាអ្នកសម្របសម្រួល ឬជួយតាមលទ្ធភាពដែលអាចធ្វើបាន ដោយសារអាស៊ានមិនមានកំលាំងឬអំណាចអ្វី ដូចជាអង្គការសហប្រជាជាតិនោះឡើយ។ អាស៊ានមាន កម្លាំងដែលជាផ្នែកមួយនៃនយោបាយ ដូចជា៖ សេចក្តីថ្លែងការណ៍ សេចក្តីប្រកាសការថ្កោលទោស ឬមួយដើរតួក្នុងការជួយសម្របសម្រួល ក៏ដូចជាការផ្តល់ទីតាំងដល់សមភាគីជម្លោះ សម្រាប់ធ្វើ ការសម្របស្រួល ចរចា ដើម្បីបន្ថយភាពតានតឹង ដែលកំពុងកើតមាន។

តួយ៉ាង ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ កម្ពុជាបានព្យាយាមសម្របសម្រួល ប្រទេសដែលពាក់ព័ន្ធ។ ដូចជា ប្រទេសអ៊ុយក្រែន ក៏បានមកទស្សនកិច្ច និងមកចូលរួមចុះហត្ថលេខា លើសន្ធិសញ្ញមិត្តភាព និង សហប្រតិបត្តិការ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍-TAC នៅកម្ពុជា។ នេះគឺដោយសារ កម្ពុជាមានបំណង ចង់ឱ្យ អ៊ុយក្រែន មានលទ្ធភាពជួបជាមួយភាគីរុស្ស៊ី ធ្វើយ៉ាងណាដើម្បី ឱ្យមានការយល់គ្នា ដើម្បីស្វែងរកដំណោះស្រាយ ប៉ុន្តែមិន មានជំនួបណាមួយត្រូវបានកើតឡើង។

ចំណែកបញ្ហាឧបទ្វីបកូរ៉េ ដែលកំពុងកើនឡើងកំដៅ ដោយការ បន្តបាញ់ មីស៊ីលជាបន្តបន្ទាប់ពីសំណាក់ សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ និងបានធ្វើឱ្យ ប្រទេសជប៉ុន កូរ៉េខាងត្បូង ដែលជាប្រទេសជាប់ភូមិផងរបងជាមួយ មានការបារម្ភ ហើយបានធ្វើការទំនាក់ទំនង ជាប្រចាំជាមួយ សហរដ្ឋអាម៉េរិក និងបានឯកភាពគ្នាជួបប្រជុំទ្វេភាគីរវាង ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងនាយករដ្ឋមន្ត្រីជប៉ុន និងបន្តជួយប្រជុំទ្វេភាគីជាមួយ ប្រធានាធិបតីកូរ៉េខាងត្បូង និងបន្តជួបប្រជុំត្រីភាគីនៅកម្ពុជា ដែលពេលនេះកម្ពុជា ជាប្រធានអាស៊ានប្តូរវេន និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល អាស៊ានលើកទី៤០ និង៤១ ដើម្បីស្វែងរកដំណោះ ស្រាយប្រកបដោយសន្តិវិធី។

អាស៊ានជួបប្រទះការលំបាកជាច្រើន ជាពិសេស នៅឆ្នាំ២០២២ នៅពេលដែល កម្ពុជាធ្វើ ជាម្ចាស់ផ្ទះ កិច្ចប្រជុំអាស៊ានលើកទី៤០ និង៤១ នេះ គឺចំពេលដែលសភាពការណ៍ដ្តៅៗ កើតឡើងជាបន្តបន្ទាប់ ក្រៅពី ព្រឹត្តិការមួយចំនួននៅតែបន្តអូសបន្លាយតាំងពីមុនមក។ បញ្ហាចាស់ៗរបស់អាស៊ាន នៅពេលប្រជុំកំពូលម្តងៗនោះ គឺមានមានពីរដែលបានអូសបន្លាយស្ទើររាប់ទស្សវត្សរ៍មកហើយ។

ទី១៖ គឺបញ្ហានៅសមុទ្រចិនខាងត្បូង ឬ សមុទ្រខាងកើត

និងទី២៖ គឺបញ្ហានៅឧបទ្វីបកូរ៉េ ដែលជាបញ្ហារបស់កូរ៉េខាងជើង។ ចំណែកឆ្នាំ២០២២នេះ បញ្ហានៅសមុទ្រចិនខាងត្បូង ហាក់ដូចជាមានការថយកម្តៅប៉ុន្តែនៅមិនទាន់បញ្ចប់ ប៉ុន្តែបញ្ហានៅកូរ៉េខាងជើង គឺនៅតែឡើងកម្តៅដដែលហើយថែមទាំង បានបន្តែមរឿងក្តៅ៣បន្ថែមទៀតគឺបញ្ហានៅមីយ៉ាន់ម៉ា បញ្ហាច្រក សមុទ្រតៃវ៉ាន់ និងបញ្ហាសង្គ្រាមនៅអ៊ុយក្រែន។

រឿង៣នេះ បានធ្វើឱ្យអាស៊ានមានការលំបាកដែលថាតើអាស៊ាន គួរដើរទៅតាមផ្លូវណា? ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ យើងឃើញថាអាស៊ានបានព្យាយាមដោះស្រាយដោយស្ងាត់ស្ងៀម ដោយសន្តិវិធី ហើយជាពិសេសបញ្ហានៅមីយ៉ាន់ម៉ា បើសិនអាស៊ានដោះស្រាយដោយមិនមានជំហរច្បាស់លាស់ នោះនឹងនាំឱ្យផ្ទៃក្នុងគ្រួសារអាស៊ានមានការប្រេះឆា នាំឱ្យបែកបាក់ផ្ទៃក្នុងរង្វង់គ្រួសារអាស៊ាន ប៉ុន្តែ រហូតមកដល់ ពេលនេះកម្ពុជាក្នុងនាមប្រធានអាស៊ានប្តូរវេន ក៏ដូចជាសមាជិកអាស៊ាន៨ទៀត បានព្យាយាម ថ្នាក់ថ្នមមីយ៉ាន់ម៉ា ធ្វើយ៉ាងណាដើម្បីឱ្យនៅបន្តជាក្រុមគ្រួសារ១០ដដែល។

ជាលទ្ធផលចុងបញ្ចប់ អាស៊ានធ្វើយ៉ាងណាទុកឱ្យមីយ៉ាន់ម៉ា បន្តនៅជាមួយគ្នា ហើយវិធានការក្តៅយើងទុកមួយឡែកសិន ដោយបន្តជំរុញ ឱ្យមីយ៉ាន់ម៉ា ព្យាយាមអនុវត្តន៍ឱ្យបាននូវចំណុចជាឯកច្ឆ័ន្ទទាំង៥ ដែលបានដាក់ចេញដោយអាស៊ានកាលពីឆ្នាំ២០២១ ហើយ ចំណែកសេចក្តីសម្រេច និងវាយម្លៃរបស់មេដឹកនាំអាស៊ាន កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលមាន១៥ចំណុច ក៏បានបញ្ជាក់ផងដែរថា អាស៊ានត្រូវពិចារណារិះរកវិធីសាស្ត្រផ្សេងទៀត ដែលអាចគាំទ្រដល់ការអនុវត្ត កិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុចនេះ ហើយប្រទេសឥណ្ឌូនេស៊ីនឹងអនុវត្តន៍ បន្តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ ហើយទន្ទឹមនឹងនេះដែរ បញ្ហាសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន ក៏អាស៊ាន បានព្យាយាមអំពាវនាវម្តង ហើយម្តងទៀតឱ្យមានការសម្របសម្រួល និងឈានទៅរកការចរចាគ្នារកដំណោះស្រាយដោយសន្តិវិធី។

ដូច្នេះ តួនាទីរបស់អាស៊ានជារួម និងប្រធានប្តូរវេនរបស់កម្ពុជា ដោយឡែកតែងតែដើរតួនាទីជាអ្នកសម្របសម្រួលប្រកបដោយភាពបត់បែន ភាពច្នៃប្រឌិត និងរួសរវើក ក្នុងអំឡុងពេលមានបញ្ហាធំៗកើតមានឡើងទាំងនៅក្នុងតំបន់ក៏ដូចជាអន្តរជាតិ សំដៅស្វែងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីថែរក្សា និងពង្រឹងមជ្ឈភាពអាស៊ាន សម្រាប់សន្តិភាពនិងវិបុលភាពភាពសុខដុមរមនាលើកកម្ពស់ការចូលរួមចំណែករបស់តំបន់ចំពោះសន្តិភាពពិភពលោក ដោយបង្កើនសន្ទុះ និងពង្រីកភាពជាដៃគូជាមួយដៃគូខាងក្រៅ៕

ដោយ៖ លោក អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវ នៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

លោកបណ្ឌិត អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវ នៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា