(ភ្នំពេញ)៖ លោក លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២នេះ បានគូសបញ្ជាក់ថា ក្រសួងបានផ្ដល់លិខិតអនុញ្ញាតសាងសង់ទូទាំងប្រទេស ចំនួន៣,១៧៦គម្រោង ក្រោមទុនវិនិយោគ ១,៩៦៣លានដុល្លារ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២២នេះ។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក លាង មុនីរិទ្ធ តំណាងឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចូលរួមបើកសន្និបាតបូកសរុបការងារប្រចាំ និងសម្ពោធបើកការតាំងពិព័រណ៍ ឧស្សាហកម្មសំណង់កម្ពុជា-អន្ដរជាតិ ២០២២ ដែលរៀបចំដោយសមាគមអ្នកសាងសង់កម្ពុជា នៅមជ្ឍមណ្ឌលពិព័រណ៍កោះពេជ្យ នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២នេះ។

លោកបានគូសបញ្ជាក់ថា ក្រសួងបានផ្ដល់លិខិតអនុញ្ញាតសាងសង់គម្រោង បណ្ដុំលំនៅឋាន មានលក្ខណៈជាបុរី២០គម្រោង, ​បានផ្ដល់លិខិតអនុញ្ញាតសាងសង់គម្រោងអគារខ្ពស់ៗ ចាប់ពី៥ជាន់ឡើង ៩៨គម្រោង ស្មើនឹង១០០អគារ ដែលក្នុងនោះ នៅរាជធានីភ្នំពេញ៦៣គម្រោង, ខេត្តព្រះសីហនុ១១គម្រោង, ខេត្តបន្ទាយមានជ័យ ១២គម្រោង និងនៅតាមបណ្ដាខេត្តផ្សេងៗ ១២គម្រោង។

លោកបានលើកឡើងថា រយៈពេលមួយទស្សវត្សរ៍ចុងក្រោយ ទុនវិនិយោគក្នុងវិស័យសំណង់កម្ពុជា មានកំណើនទៀងទាត់ និងនៅតែបន្ដរីកចម្រើនជាលំដាប់ ជាពិសេសការសាងសង់ សំណង់ធំៗ ខ្ពស់ៗ ដូចជា អគារស្នាក់នៅរួម៖ អគារ លក់ទំនិញ ផ្សារទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្ម អគារការិយាល័យ សណ្ឋាគារ អគារពហុមុខងារ បុរីលំនៅឋាន ភូមិគ្រឹះ គ្រឹះស្ថានសិក្សា មន្ទីរពេទ្យ ធនាគារ រោងចក្រ ឃ្លាំង -ល-។

ជាមួយគ្នានេះ លោក លាង មុនីរិទ្ធ ក៏បានអំពាវនាវដល់ស្ថាបត្យករវិស្វករ អ្នកប្រឹក្សាយោបល់ អ្នកសាងសង់ អ្នកគ្រប់គ្រងសំណង និងអ្នកអភិវឌ្ឍអចលវត្ថុទាំងអស់ សូមប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ គោរពឲ្យបានខ្ជាប់ខ្ជួន នូវច្បាប់បទប្បញ្ញត្ដិបច្ចេកទេសសំណង់ និងបទដ្ឋានបច្ចេកទេសពាក់ព័ន្ធនឹងវិស័យសំណង់ ដើម្បីធានាបានទាំងសុវត្ថិភាព អនាម័យ បរិស្ថាន សោភណភាព និងគុណសំណង់។

បន្ថែមពីនោះទៀត លោក លាង មុនីរិទ្ធ បានប្រាប់ឲ្យបន្ដចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងវប្បធម៌ជាតិ ទៅតាមចំណេះ ចំណង់ និងជំនាញរបស់ខ្លួនផងដែរ។

អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា បានគូសបញ្ជាក់ថា នៅរាជធានីភ្នំពេញ និងនៅក្រុងព្រះសីហនុ បច្ចុប្បន្នមាន សំណង់អគារខ្ពស់ៗ ទំនើបៗ ស្គមស្ពៃបានរីកដុះដាល គួរឲ្យមានភាព ស្ញប់ស្ញែង ដូចជាមាន សំណង់អគារមជ្ឈមណ្ឌលពាណិជ្ជកម្ម ការិយាល័យ ធនាគារ ផ្សារទំនើប សណ្ឋាគារ អគារស្នាក់នៅរួម និងបុរីលំនៅឋាន បានសាងសង់ឡើងជាបន្តបន្ទាប់ជាច្រើន។

អ្នកឧកញ៉ា ពុង ឃាវសែ បានឲ្យដឹងថា សំណង់ទាំងនេះ មានលក្ខណៈទំនើប ទាន់សម័យ ហើយបានប្រើប្រាស់ បច្ចេកវិទ្យា និងសម្ភារៈ បរិក្ខារ ឧបករណ៍ក្នុងការសាងសង់ទាំងអស់ សុទ្ធសឹងមានគុណភាព ល្អ និងលក្ខណៈបច្ចេកទេសទំនើប និងមានស្តង់ដារត្រឹមត្រូវ ពុំចាញ់បណ្តាប្រទេសផ្សេងៗ ក្នុងប្រទេសអាស៊ីអាគ្នេយ៍នោះទេ ហើយសំណង់ទាំងនេះ បានប្រែក្លាយទិដ្ឋភាពទីក្រុងយ៉ាងស្រស់បំព្រង។

អ្នកឧកញ៉ា បានបន្ថែមទៀតថា ទាំងអស់នេះ បានបង្ហាញឲ្យឃើញថា វិនិយោគគិន នៅក្នុងប្រទេស និងក្រៅប្រទេសបានពិនិត្យឃើញពីស្ថេរភាពនយោបាយ និងសេដ្ឋកិច្ចរីកចំរើនរបស់កម្ពុជា ព្រមទាំងមានទំនុកចិត្តខ្ពស់ចំពោះប្រទេសកម្ពុជា ក្រោមកិច្ចដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា។

អ្នកឧកញ៉ា ពុង ឃាវសែ បានលើកឡើងថា ក្រោមការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឲ្យវិនិយោគិន និងអ្នកអភិវឌ្ឍន៍ទាំងអស់ បានសម្រេចចិត្តដោយឥតងាករ៉េបណ្តាក់ទុន យ៉ាងសន្ធឹកសន្ធាប់ ក្នុងការវិនិយោគ និងអភិវឌ្ឍន៍លើវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា៕