(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខជូនចំពោះឯកឧត្តម ឈុំ ឆុនលី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងក្រុមគ្រួសារ ដែលឧបាសក លី អាល់ ត្រូវជាឪពុកក្មេករបស់ ឯកឧត្តមបានទទួលមរណភាព។

ឯកឧត្តម ឌិត ទីណា បានបញ្ជាក់ក្នុងសាររំលែកទុក្ខ យ៉ាងដូច្នេះថា «ឯកឧត្ដម ព្រមទាំងក្រុមគ្រួសារ ជាទីរាប់អាន! យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានសេចក្តីរន្ធត់យ៉ាងក្រៃលែងដោយបានទទួលដំណឹងថា ឧបាសក លី អាល់ ត្រូវជាឪពុកក្មេករបស់ ឯកឧត្តមបានទទួលមរណភាពកាលពីថ្ងៃសុក្រ ២កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង២១៖៤០នាទី ក្នុងជន្មាយុ៩០ឆ្នាំ ដោយជរាពាធ»។

មរណភាពរបស់ឧបាសក លី អាល់ គឺជាការបាត់បង់លោកឪពុក និងជីតាជាទីគោរពស្រឡាញ់ដែលបានថ្នាក់ថ្នមបីបាច់ថែរក្សា និងទំនុកបម្រុងដល់ក្រុមគ្រួសារប្រកបដោយការទទួលខុសត្រូវខ្ពស់ ហើយក៏ជាការបាត់បង់នូវពុទ្ធសាសនិកមួយរូបដែលបានលះបង់កម្លាំងកាយចិត្ត និងធនធានក្នុងការចូលរួមលើកស្ទួយដល់វិស័យព្រះពុទ្ធសាសនានៅកម្ពុជានាពេលកន្លងមក។

យើងខ្ញុំទាំងអស់គ្នាសូមចូលរួមរំលែកទុក្ខជាមួយ ឯកឧត្តម ព្រមទាំងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធរបស់ឧបាសក លី អាល់ បានទៅដល់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូម ឯកឧត្តម ព្រមទាំងក្រុមគ្រួសារ ទទួលនូវសេចក្ដីរាប់អានដ៏ស្មោះស្ម័គ្រពីយើងខ្ញុំទាំងអស់គ្នា៕