(ពោធិ៍សាត់)៖ អគារសម្រាកពិនិត្យ និងព្យាបាលជំងឺទូទៅ ទំហំទទឹង២៣ម៉ែត្រ និងបណ្ដោយជាង៦០ម៉ែត្រ កម្ពស់២ជាន់ នៃមន្ទីរពេទ្យបង្អែកបាកាន ក្នុងខេត្តពោធិ៍សាត់ ដែលជាចំណងដៃថ្មីមួយបន្ថែមទៀត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងលេចចេញជារូបរាងឡើងនាពេលខាងមុខ ដើម្បីបម្រើតម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋ ក្នុងវិស័យសុខាភិបាល ឱ្យកាន់តែប្រសើរឡើង។

អាគារមន្ទីរពេទ្យថ្មីខាងលើនេះ ត្រូវបានលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ អញ្ជើញជាគណៈអធិបតី ក្នុងពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ ដោយបានការចូលរួមពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ក្នុងស្រុកបាកានយ៉ាងច្រើនកុះករ។

លោក ខូយ រីដា បានថ្លែងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ព្រមជាមួយនឹងការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យសុខាភិបាល ជាវិស័យអាទិភាពមួយ ដែលសម្ដេចយកចិត្តទុកដាក់ខ្ពស់ ដើម្បីបម្រើសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ។ ជាក់ស្ដែងសមិទ្ធផលថ្មីអាគារដ៏ធំស្កឹមស្កៃ ពិនិត្យ និងសម្រាកព្យាបាលជំងឺទូទៅ ដែលមានទទឹង២៣ម៉ែត្រ និងបណ្ដោយជាង៦០ម៉ែត្រ កម្ពស់ពីរជាន់ ដែលយើងទាំងអស់គ្នាកំពុងប្រារព្ធពិធីនាពេលនេះ បានបង្ហាញពីសក្ខីភាព និងការយកចិត្តទុកដាក់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាលយើង។

អភិបាលខេត្ត បានលើកឡើងថា អ្វីដែលត្រូវធ្វើឱ្យបាននោះ គឺសាមគ្គីភាពផ្ទៃក្នុង ជារឿងសំខាន់ណាស់ ជាកត្តាធ្វើឱ្យអង្គភាពមួយរីកចម្រើនបាន បើគ្មានការឯកភាពផ្ទៃក្នុងទេ ការបម្រើកិច្ចការងារក្នុងអង្គភាព និងការផ្ដល់សេវាជូនបងប្អូនប្រជាពលរដ្ឋ ពិតជាគ្មានប្រសិទ្ធភាពឡើយ។

លោកបានណែនាំដល់ក្រុមគ្រូពេទ្យទាំងអស់ បន្តរួមសាមគ្គីគ្នាឱ្យបានល្អ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ធ្វើយ៉ាងណាបម្រើសេវាជូនបងប្អូនប្រជាពលរដ្ឋ ប្រកបដោយឆន្ទៈនិងក្រមសីលធម៌វិជ្ជាជីវៈ ជៀសវាងការថ្នាំងថ្នាក់ពីបងប្អូនប្រជាពលរដ្ឋ។ ជាមួយគ្នានោះ លោកបានសុំសូមពរ ដល់បងប្អូនប្រជាពលរដ្ឋ មេត្តាយោគយល់ អធ្យាស្រ័យរាល់ចំណុចខ្វះខាតតិចតួច ពីសំណាក់ក្រុមគ្រូពេទ្យយើងផងដែរ។

សាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំមន្ទីរសុខាភិបាល ថ្នាក់ដឹកនាំក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកប្រកាន ដែលកន្លងមក និងពេលបច្ចុប្បន្ន បានបម្រើបងប្អូនប្រជាពលរដ្ឋប្រកបដោយទំនួលខុសត្រូវខ្ពស់ និងជាពិសេសក្រោមការដឹកនាំរដ្ឋបាលខេត្តរបស់លោក ខូយ រីដា នឹងធ្វើឱ្យវិស័យសុខាភិបាល កាន់តែរីកចម្រើន និងមានប្រសិទ្ធភាពខ្ពស់ផងដែរ។

ទន្ទឹមនឹងនោះ លោករដ្ឋមន្ត្រី បានផ្ដល់ជាដំបូន្មាន ដល់ក្រុមគ្រូពេទ្យ ត្រូវផ្ដល់សេវា ជាឱសថ ការថែទាំ ឱ្យបានល្អត្រឹមត្រូវ ទៅតាមមុខវិជ្ជាជីវៈជាគ្រូពេទ្យ ត្រូវប្រាកដប្រជាថា ការបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវ សូមកុំធ្វើអ្វីដែលហួសពីចំណេះ ពោលកុំធ្វើទាំងភាពងងឹតងងុល ឬបំពានហួសពីចំណេះដឹងរបស់ខ្លួន ដែលនាំឱ្យកើតមានបញ្ហា។

លោកក៏បានជំរុញដល់អាជ្ញាធម៌មូលដ្ឋាន ត្រូវផ្សព្វផ្សាយជូនដល់បងប្អូនប្រជាពលរដ្ឋ ឱ្យមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសជំរុញឱ្យបានគ្រប់ៗគ្នា ដើម្បីបង្កើនភាពស៊ាំក្នុងសហគមន៍ផងដែរ៕