(ភ្នំពេញ)៖ ជនសង្ស័យ២នាក់ បានធ្វើសកម្មភាពគាស់តូបលក់ខោអាវ ដើម្បីលួចយកខោអាវ នៅក្នុងផ្សារកាណាស៊ីធី ត្រូវបានម្ចាស់តូបចាប់ខ្លួន បានម្នាក់ប្រគល់ឲ្យសមត្ថកិច្ច ខណៈដែលជនសង្ស័យម្នាក់ទៀតរត់គេចខ្លូនបាត់។ ហេតុការណ៍នេះកើតឡើងនៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦នេះ ស្ថិតក្នុងផ្សារកាណាស៊ី មានទីតាំងភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុម្ចាស់តូបបានទៅញ៉ាំបាយ​ នៅផ្ទះជួលក៏បានចាក់សោរតូប ស្រាប់តែពេលត្រឡប់មកវិញឃើញជនសង្ស័យ២នាក់ កំពុងធ្វើសកម្មលួចគាស់តូប និងជញ្ជូនខោអាវដាក់លើម៉ូតូកង់បី ពេលនោះម្ចាស់តូបបានស្រែកផ្អើលគេឯង។

សមត្ថកិច្ចបន្ដថា ពេលនោះក៏បាននាំគ្នា ដេញចាប់បានជនសង្ស័យម្នាក់ឈ្មោះ លឿន ចំរើន អាយុ៣១ឆ្នាំ ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល។ បច្ចប្បន្នជនសង្ស័យដែលចាប់ខ្លួនបាន ត្រូវបានយកទៅសួរនាំ នៅប៉ុស្ដិ៍ចោមចៅ ដើម្បីចាត់ការតាមនីតិវិធី៕