(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២នេះ បានផ្ញើសារចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់លោក ជាំង ជឺមីន អតីតប្រធានាធិបតីចិន។ នេះបើតាមសារលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ចូលរួមរំលែកទុក្ខមរណភាព របស់លោក ជាំង ជឺមីន អតីតប្រធានាធិបតីចិន មានខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា «ខ្ញុំមានសេចក្តីទុក្ខសោកយ៉ាងក្រៀមក្រំ ដែលទទួលបាន នូវដំណឹងមរណភាពរបស់ឯកឧត្តម ជាំង ជឺមីន អតីតប្រធានាធិបតីចិន កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។

មរណភាពរបស់ ឯកឧត្តមអតីតប្រធានាធិបតី គឺជាការបាត់បង់ដ៏ធំធេង នូវរដ្ឋបុរសដ៏អស្ចារ្យរបស់ចិន ដែលបានលះបង់ពេលវេលាពេញមួយជីវិតរបស់ឯកឧត្តម ដើម្បីលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជនចិន និងវិបុលភាពនៃប្រទេសចិន។
ក្នុងអំឡុងនៃការដឹកនាំរបស់ឯកឧត្តម ប្រទេសចិន បានទទួលការរីកលូតលាស់សេដ្ឋកិច្ចយ៉ាងលឿន បានទទួលអធិបតេយ្យភាពហុងកុងត្រឡប់មកវិញ បានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិកឆ្នាំ ២០០៨ នៅទីក្រុងប៉េកាំង និងបានក្លាយជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកជាផ្លូវការ។ ភាពជាអ្នកដឹកនាំដ៏ប៉ិនប្រសព្វ របស់ឯកឧត្តមអតីតប្រធានាធិបតី មិនត្រឹមតែផ្ដល់ជាគម្រូវីវៈភាពដល់ប្រជាជនចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបាននូវការ គោរពស្រឡាញ់ពីប្រជាជន ក្នុងបណ្តាប្រទេសនានា នៅលើពិភពលោកផងដែរ។ ឯកឧត្តម ជាំង ជឺមីន ក៏ជាមិត្តដ៏ល្អរបស់កម្ពុជាផងដែរ។ ទស្សនកិច្ចផ្លូវការនៅកម្ពុជា ឆ្នាំ២០០០ របស់ឯកឧត្តមអតីតប្រធានាធិបតី បានផ្ដល់សារៈសំខាន់ជាប្រវត្តិសាស្ត្រ ក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន។

ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុត តាមរយៈឯកឧត្តម ជូនចំពោះគ្រួសារអតីតប្រធានាធិបតី ជាំង ជឺមីន រដ្ឋាភិបាល និងប្រជាជនចិន ក្នុងឱកាសដ៏ក្រៀមក្រំនេះ។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា កិត្យានុភាពរបស់ ឯកឧត្តមអតីតប្រធានាធិបតី នឹងត្រូវបានចងចាំ និងគោរពស្រឡាញ់ជារៀងរហូត»