(ព្រះវិហារ)៖ លោក ជា ឧត្តម ប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ ដែលជាអតីតជាថ្នាក់ដឹកនាំអតីតបក្សសង្គ្រោះជាតិក្នុងខេត្តព្រះវិហារ ព្រមទាំងសមាជិក សមាជិកាសរុបប្រមាណ ៥៨រូប បានស្ម័គ្រចិត្តចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។

ពិធីប្រកាសបញ្ចូលលោក ជា ឧត្តម និងសហការីរបស់លោកជាសមាជិកគណបក្សប្រជាជនកម្ពុជា ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ ពិធីប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីលោក ផេង គីមស្រ៊ុន ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក អ៊ុក គឹមសាន សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ។

នៅក្នុងពិធីនោះ លោក ផេង គីមស្រ៊ុន បានប្រកាសស្វាគមន៍ប្រកបដោយភាពកក់ក្តៅជាទីបំផុត ចំពោះវត្តមានរបស់លោក ជា ឧត្តម និងសហការី ដែលបានចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។ លោក ផេង គីមស្រ៊ុន បានហៅការចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវ ដើម្បីរួមគ្នាកសាងជាតិមាតុភូមិ។

លោក ផេង គីមស្រ៊ុន បានលើកឡើងផងដែរថា សម្តេចតេជោ ហ៊ុន សែ​ន ប្រធានគណបក្សប្រជាជនកម្ពុជា បើកបេះដូងទូលាយទទួលយក គ្រប់សមាជិកបក្សនយោបាយមកពីគណបក្សដទៃ ដែលមានបំណងក្នុងការកសាងជាតិមាតុភូមិ ក្រោមស្លាកបក្សប្រជាជនកម្ពុជា។

ក្នុងឱកាសនោះ លោក ជា ឧត្តម ប្រធានគណបក្សខ្មែរស្រលាញ់ជាតិ បានឡើងប្តេជាចិត្តស្មោះស្ម័គ្រនឹងបក្សប្រជាជនកម្ពុជា ហើយប្រឹងប្រែងអនុវត្តន៍ខ្ជាប់ខ្ជួនតាមគោលការណ៍បក្ស ដើម្បីនាំមកនូវឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជន ស្របតាមមាគ៌ារបស់បក្ស។

លោក ជា ឧត្តម បានប្រកាសសន្យាប្រមូលសមាជិក សមាជិកា ជាង ៦០០នាក់ទៀតមកចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។

លោក ជា ឧត្តម ក៏បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានផ្តល់ឱកាសឱ្យរូបលោក និងសហការី បានចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា៕