(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរខួប១១ឆ្នាំនៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនេបៀ របស់ជប៉ុន នៅក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុនមីនីបៀ ជាក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុន ដែលបានវិនិយោគនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១០ ដោយផលិតជាម៉ូទ័រសម្រាប់នាំចេញទៅលក់នៅក្រៅប្រទេស។ បច្ចុប្បន្នក្រុមហ៊ុនមានផលិតអំពូល LED និងសម្ភារៈក្មេងលេងកម្សាន្តផងដែរ។

ក្រុមហ៊ុនធ្លាប់បានបញ្ជាក់ថា នៅឆ្នាំ២០១៩ ទុនវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា មានរហូតដល់ទៅ ៤០០លានដុល្លារអាមេរិក និងផ្តល់ការងារជូនពលរដ្ឋខ្មែរបានជាង ៦ពាន់នាក់។

បច្ចុប្បន្នក្រុមហ៊ុននេះ បានដាក់ទុនវិនិយោគសរុបរហូតដល់ ១,១២៤ពាន់លានយេន ស្មើនឹងជាង ៨ពាន់លានដុល្លារ នៅ ៩៥កន្លែងទូទាំងពិភពលោក។

មុននឹងដំណើរការប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានធ្វើការបញ្ចុះបញ្ចូលយ៉ាងខ្លាំងលើថ្នាក់ដឹកនាំក្រុមហ៊ុនមួយនេះ ឱ្យមកវិនិយោគនៅកម្ពុជា ខណៈក្រុមហ៊ុនកំពុងមានការវិនិយោគ នៅក្នុងប្រទេសថៃរួចទៅហើយនោះ។ មិនត្រឹមតែប្រឹងប្រែងបញ្ចុះបញ្ចូល ឱ្យក្រុមហ៊ុនមួយនេះ ឱ្យមកវិនិយោគនៅកម្ពុជាប៉ុណ្ណោះទេ តែសម្តេចតេជោ បានរក្សាជំហរយ៉ាងរឹងមាំការពារការវិនិយោគរបស់ក្រុមហ៊ុន។

មុនពេលក្រុមហ៊ុនមកវិនិយោគនៅកម្ពុជា មានក្រុមហ៊ុនមួយបានមកបញ្ចុះបញ្ចូលសម្តេចឱ្យលុបចោលការទទួលយកការវិនិយោគរបស់ក្រុមហ៊ុននេះ។ តែសំណើនោះត្រូវបានសម្តេចតេជោនាយករដ្ឋមន្ត្រីច្រានចោល។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានមានប្រសាសន៍យ៉ាងដូច្នេះថា «ក្រុមហ៊ុននេះតូច ចឹងសុំឱ្យយកក្រុមហ៊ុនដែលធំជាង។ តែខ្ញុំបានប្រាប់ថា សម្រាប់កម្ពុជា ត្រីធំក៏ដោយ ត្រីតូចក៏ដោយ ត្រីណាមកដល់មុន គឺចាប់ស្ងោរទាំងអស់ ពីព្រោះឆ្នាំងខ្ញុំវាទទេ»

សម្តេចតេជោ ហ៊ុន សែន ត្រូវបានចាត់ទុកជាឆ្មបបង្កើតដោយផ្ទាល់ដៃនូវវត្តមានក្រុមហ៊ុនដ៏ធំរបស់ជប៉ុនមួយនេះនៅក្នុងប្រទេសកម្ពុជា។

មកដល់ពេលបច្ចុប្បន្នក្រុមហ៊ុនមីនេបៀ បានដំណើរការ និងចម្រើនលូតលាស់យ៉ាងខ្លាំងក្នុងប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា ហើយបានផ្តល់ប្រយោជន៍ផ្នែកសេដ្ឋកិច្ចសម្រាប់ជាតិកម្ពុជា និងផ្តល់ការងារជាច្រើនកន្លែងសម្រាប់ពលរដ្ឋកម្ពុជា ជាមួយប្រាក់ឈ្នួល និងលក្ខខណ្ឌការងារយ៉ាងល្អប្រសើរ។

លោក យ៉ូស៊ីហ៉ីសា កៃនុម៉ា នាយកប្រតិបត្តិក្រុមហ៊ុនមីនេបៀ ធ្លាប់បានបង្ហាញនូវភាពរីករាយជាខ្លាំងចំពោះវឌ្ឍនភាពរបស់ក្រុមហ៊ុននៅកម្ពុជា និងបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់ការគាំទ្រយ៉ាងខ្លាំងក្លាលើដំណើរការវិនិយោគរបស់ក្រុមហ៊ុន៕