(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក ឃ្លោក នួយ អភិបាលរងខេត្ត មន្ត្រីជំនាញ អាជ្ញាធរស្រុកឃុំ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពស្រូវប្រាំង បងប្អូនប្រជាកសិករដែលបានទទួលស្រូវពូជ ជាអំណោយដ៍ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលសម្រាប់ស្តារឡើងវិញ មានដើមដងល្អណាស់ ស្ថានភាពទឹកគ្រប់គ្រាន់

ដើម្បីស្រោចស្របស្រូវឲ្យបានតាមផែនការ នៅវាលស្រែឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។

ប្រជាកសិករដែលទទួលបានស្រូវពូជ បង្កបង្កើនផលស្រូវស្តារឡើងវិញ បានសម្តែងការរីករាយ និងថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរសុខទុករបស់ប្រជាកសិករ ដោយបានផ្តល់ពូជស្រូវដើម្បីស្តារឡើងវិញនេះ ស្របពេលនៃរដូវធ្វើបណ្តេញទឹកសម្រកចុះនេះ។

គាត់បានរៀបរាបថា ស្រូវពួកគាត់បានបង្កបង្កើនផល មានរយៈពេលជាង១ខែហើយ មានដើមដងល្អមានទឹកស្រោចស្របគ្រប់គ្រាន់។

លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានគូសបញ្ជាក់ថា ក្រោយពេលសម្តេចបានប្រគល់ពូជស្រូវ ក្នុងនាមមន្ត្រីជំនាញបាន ចុះណែនាំបង្ហាត់បង្ហាញពីនិតីវិធីបច្ចេកទេស នៃការដាំដុះស្រូវឲ្យបានល្អ ដើម្បីបានទិន្នផលខ្ពស់ កាត់បន្ថយការចំណាយថ្លៃដើមខ្ពស់ប្រកបដោយប្រសិទ្ធិភាព។

លោកបានបន្តឲ្យដឹងថា ប្រជាពលរដ្ឋដែលទទួលបានស្រូវពូជប្រមាណ៥០០០គ្រួសារ ស្មើនឹង៥០០តោន បូករួមនឹងស្រូវពូជបម្រុងរបស់គាត់ផងនោះ រហូតមកទល់ពេលនេះ ការបង្កបង្កើនផលឡើង បានប្រមាណជាង៩០%ហើយ នៅសប្តាហ៍ក្រោយនឹងគ្រប់តាមផែនការនៃផ្ទៃដីស្រុក ក្រុងដែលមានការបង្កបង្កើនផលស្រូវរដូវទឹកស្រកចុះនេះ។

លោក អ៊ុំ រាត្រី ក្នុងឱកាសចុះជួបជាមួយបងប្អូនប្រជាកសិករ និងពិនិត្យមើលស្ថានភាពស្រូវស្តារឡើងវិញ បានសម្តែងការពេញចិត្តចំពោះបងប្អូនប្រជាកសិករទាំងអស់ ដែលបានចេះកែច្នៃដើម្បីលទ្ធភាព ធ្វើស្រែឡើងវិញទោញជាតំបន់ខ្លះទឹកនៅច្រើនខ្លះស្ទើទឹក តែចេះកែច្នៃខ្ពស់ រួមសហការគ្នាបានយ៉ាងល្អ ដើម្បីបង្ករបង្កើនផលបាន។ ជាមួយគ្នានោះ លោកអភិបាលខេត្ត បានជម្រាបជូនបងប្អូនប្រជាកសិករថា ឆ្នាំនេះស្ថានភាពទឹកនៅមានច្រើនទាំងក្នុងស្ទឹង និងប្រឡាយមេរង ដែលមិនបង្កការព្រួយបារម្ភនោះទេ សូមបងប្អូនមិនទាន់បានធ្វើសូមប្រញាប់ប្រញាល់ ដើម្បីទាន់ពេលវេលាជាមួយគេ កុំទុកដីឲ្យនូវទំនេរចោល ខិតខំដើម្បីសេដ្ឋកិច្ចគ្រួសារ។

លោក អ៊ុំ រាត្រី ជួសមុខឲ្យប្រជាកសិករទាំងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅលជូនសម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលជានិច្ចកាល តែងតែយកចិត្តទុកដាក់ខ្ពស់ ជួយដោះស្រាយបញ្ហាដល់ប្រជាពលរដ្ឋដោយគ្មានការរើសអើង ជួបទុកលំបាកមានសម្តេចតេជោជួយជានិច្ច៕