(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសអញ្ជើញបិទព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ ឆ្នាំ២០២២ នាពហុកីឡដ្ឋានមរតកតេជោ នៅល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងជំរុញ និងលើកទឹកចិត្តដល់ក្រុមកីឡាករ-កីឡាការិនី កុំមានបាក់ទឹកចិត្តក្នុងការប្រកួតកីឡា ព្រោះការឈ្នះចាញ់ពីការប្រកួតកីឡា គឺជាមេរៀន និងបទពិសោធន៍ក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យកាន់តែប្រសើរ ដើម្បីលើកកម្ពស់ជំនាញវិជ្ជាជីវៈកីឡាបន្ថែមទៀត។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ការឈ្នះចាញ់ពីការប្រកួតកីឡា គឺជាមេរៀននិងបទពិសោធន៍សម្រាប់ក្មួយៗ ក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យកាន់តែប្រសើរ ដើម្បីលើកកម្ពស់ជំនាញវិជ្ជាជីវៈកីឡាបន្ថែមទៀត។ ផ្ទុយទៅវិញការអាក់អន់ចិត្ត ឬការបាក់ទឹកចិត្តដោយសារការចាញ់ក្នុងការ ប្រកួតអាចធ្វើឱ្យក្មួយៗបាត់បង់នូវការតស៊ូនិងការខិតខំប្រឹងប្រែង បន្តដើម្បីយកឈ្នះក្នុងការប្រកួតនៅពេលអនាគត។ ចំពោះអ្នកឈ្នះត្រូវបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីរក្សាគុណផលកីឡារបស់ខ្លួនសម្រាប់ឈានដល់ការដណ្តើមបានជ័យជំនះជូនជាតិមាតុភូមិក្នុងការប្រកួតកម្រិតអន្តរជាតិ ។

បន្ថែមពីនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញសុទិដ្ឋិនិយម និងអបអរសាទរចំពោះក្រុមកីឡាករ-កីឡាការិនី នៅតាមក្រសួងស្ថាប័ន និងរាជធានី-ខេត្ត ដែលបានទទួលចំណាត់ថ្នាក់ល្អ និងមេដាយច្រើនជាងគេ និងបានលើកទឹកចិត្តឱ្យបន្តយកចិត្តទុកដាក់ពង្រឹងសមត្ថភាពជំនាញកីឡា និងបំផុសចលនាកីឡាក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួនឱ្យកាន់តែរីកចម្រើនថែមទៀត ហើយចំពោះក្រសួងស្ថាប័ន រាជធានី-ខេត្តដែលទទួលបានលទ្ធផលមិនល្អ សូមបន្តយកចិត្តទុកដាក់កែលម្អ និងខិតខំប្រឹងប្រែងបន្ថែម ដើម្បីសម្រេចបានលទ្ធផលល្អក្នុងការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ នៅឆ្នាំ២០២៤ ខាងមុខ ។

ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានគុសបញ្ជាក់ដែរថា វិស័យកីឡាដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនង ការបង្កើនសាមគ្គីភាព និងការលើកកម្ពស់មូលធនសង្គម ដែល ទាំងនេះ គឺជាកត្តាកំណត់ដ៏សំខាន់ក្នុងការអនុវត្តការងារប្រកបដោយប្រសិទ្ធផលខ្ពស់ ។ ការរៀបចំ និងការចូលរួមក្នុងការប្រកួតកីឡាបង្កើនការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងកីឡាករ-កីឡាការិនី ក៏ដូចជាក្រសួង ស្ថាប័ន និងរាជធានី-ខេត្ត ដែលបានចូលរួមក្នុងការប្រកួត។

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា កីឡាក៏រួមចំណែកដល់ការកាត់បន្ថយភាព តានតឹងក្នុងអារម្មណ៍ បញ្ចៀសបាននូវការប្រព្រឹត្តិបញ្ហាសង្គមនានា ដូចជាការប្រើប្រាស់ថ្នាំញៀន និងអំពើហិង្សា រក្សាបាននូវកម្លាំងកាយរឹងមាំ និងការលើកកម្ពស់សុខភាពល្អ ដែលជាកត្តាកំណត់ដ៏សំខាន់សម្រាប់បង្កើនផលិតភាពពលកម្ម និង ភាពរឹងមាំនៃសេដ្ឋកិច្ចជាតិ។ ជារួមកីឡាជួយពង្រឹងសុខភាពផ្លូវកាយរឹងមាំ លើកកម្ពស់សុខភាពផ្លូវចិត្ត បង្កើនផលិតភាពការងារ បង្កើនបញ្ញាឈ្លាសវៃ លើកកម្ពស់គុណភាពជីវិតនិងមានសុភមង្គលក្នុងក្រុមគ្រួសារ ព្រមទាំងលើកកម្ពស់សុខដុមនីយកម្មក្នុងសង្គមទាំងមូលផងដែរ៕