(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញបិទព្រឹត្តិការណ៍ជាតិលើកទី៣ និងកីឡាជនពិការលើកទី១ នៅល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសចុះឈ្មោះរបស់សម្ដេចផ្ទាល់តែម្ដង ដើម្បីចូលរួមប្រកួតកីឡាអុកចាក់ត្រង់ នៅឆ្នាំ២០២៤ ពោលក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៤។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បើទោះបីមិនអាចទទួលបានជាម្ចាស់ជ័យលាភី ក្នុងការប្រកួតកីឡាអុកនេះ ប៉ុន្ដែសម្ដេចអាចកំដរគូប្រកួតលេងបានផងដែរ សម្រាប់កីឡាជើងចាស់មួយនេះ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំសូមបញ្ជាក់ថា ឆ្នាំ២០២៤ខាងមុខនេះ ខ្ញុំនឹងចូលរួមប្រកួតក្នុងឋានៈជាកីឡាអុកចាក់ត្រង់ផងដែរ។ សូមចុះទុកពីឥឡូវបើទោះបីចាញ់ ឬឈ្នះ ក៏បានមកអង្គុយកំដរសម្រាប់កីឡាជើងចាស់មួយនេះ»

សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដែលចូលចិត្តលេងអុកជាទីបំផុត ហើយក៏ជាអ្នកមានយុទ្ធសាស្ត្រខ្លាំងក្នុងការផ្តួលគូប្រកួតផងដែរ។ អ្នកដែលតែងកំដរសម្ដេច ក្នុងការលេងអុកនេះ គឺនាយឧត្តមសេនីយ៍ មួន សារ៉ន។

សូមជម្រាបថា អុក គឺជាកីឡាមួយដែលមានអ្នកលេងចំនួនពីរនាក់ប្រកួតប្រជែងគ្នា នៅលើក្តារឈើមួយដែលមាន៦៤ក្រឡា និង៣២កូន ​ដែរកូននីមួយៗមានរបៀបក្នុងការដើរខុសៗគ្នា។ គោលដៅរបស់កីឡានេះ គឺត្រូវយកឈ្នះគូប្រកួតរបស់ខ្លួន ដោយឲ្យស្ដេចរបស់គូប្រកួតអស់ក្រឡាដេីរ៕