(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងមន្ត្រី នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានផ្ញើលិខិតអបអរសាទរ គោរពជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ ដែលត្រូវបានក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន ផ្ដល់នូវគ្រឿងឥស្សរិយយស «មេដាយមាស អនុស្សាវរីយ៍មហាកំពែង (Gold Great Wall Commemorative Medal)» ដោយរំលេចថា សម្តេចក្រឡាហោម ស ខេង ទទួលមេដាយមាស អនុស្សាវរីយ៍មហាកំពែងមួយនេះ គឺប្រកបដោយគុណតម្លៃដ៏វិសេសវិសាល ហើយជាមោទកភាពសម្រាប់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃកម្ពុជា។

ក្នុងលិខិតអបអរសាទរ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ បានបញ្ជាក់យ៉ាងដូច្នេះ «តាងនាមថ្នាក់ដឹកនាំ និងមន្ត្រី នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ មានសេចក្តីសោមនស្សរីករាយក្រៃលែង សូមអបអរសាទរដ៏ខ្ពង់ខ្ពស់ចំពោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ ដែលត្រូវបានក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន ផ្ដល់នូវគ្រឿងឥស្សរិយយស «មេដាយមាស អនុស្សាវរីយ៍មហាកំពែង (Gold Great Wall Commemorative Medal)» ក្នុងសន្និសីទលើកទី១ នៃវេទិកាកិច្ចប្រតិបត្តិការសន្តិសុខសាធារណៈសកល (Lianyungang) នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីស្តីការក្រសួងមហាផ្ទៃ តាមប្រព័ន្ធវីដេអូ (Zoom)»

គ.ជ.ប.ជ បានបន្ថែមថា «ការទទួល មេដាយមាស អនុស្សាវរីយ៍មហាកំពែង របស់សម្តេចក្រឡាហោម នាឱកាសនេះ គឺពិតជាប្រកបដោយគុណតម្លៃដ៏វិសេសវិសាល ហើយជាមោទកភាពសម្រាប់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាស្ថាប័នទទួលខុសត្រូវក្នុងភារកិច្ចថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ហើយក៏ជាការលើកទឹកចិត្តដ៏ខ្លាំងក្លាមួយបន្ថែមទៀត ដល់សមត្ថកិច្ចអនុវត្តច្បាប់ទាំងអស់ ក្នុងកិច្ចសហប្រតិបត្តិការរបស់ខ្លួន ដើម្បីបម្រើដល់បុព្វហេតុជាតិ និងប្រជាជនកម្ពុជា»

ឆ្លៀតក្នុងឱកាសដ៏ឧត្តុងឧត្តមនេះ ថ្នាក់ដឹកនាំ និងមន្ត្រី នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានគោរពជូនពរដ៏ខ្ពង់ខ្ពស់ជូន សម្ដេចក្រឡាហោម ទទួលបាននូវសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ អាយុយ៉ឺនយូរ ដើម្បីបន្តដឹកនាំក្រសួងមហាផ្ទៃ ក៏ដូចជាចូលរួមចំណែក ក្នុងការអភិវឌ្ឍសង្គមជាតិ ឲ្យកាន់តែមានការរីកចម្រើនជានិរន្តរ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕