(ព្រៃវែង)៖ លោក ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ដព្រៃវែង នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានដឹកនាំប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា (០២ ធ្នូ ១៩៧៨-០២ ធ្នូ ២០២២)។

លោក ស្បោង សារ៉ាត់ បានបញ្ជាក់ថា ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ គឺជាថ្ងៃគម្រប់ខួបលើកទី៤៤ ជាទិវាកំណើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបច្ចុប្បន្នត្រូវបានប្តូរឈ្មោះថា «រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» ជាថ្ងៃប្រវត្តិសាស្ត្រ ដែលកម្លាំងអ្នកស្នេហាជាតិមកពីគ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេស រួបរួមគ្នាក្រោកឈរធ្វើចលនាស៊ូក្នុងគោលដៅរំដោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជារស់រានមានជីវិតឡើងវិញ រួចផុតពីគ្រោះមហន្តរាយ និងការកាប់សម្លាប់ នៃរបបកម្ពុជាប្រជាធិបតេយ្យរបស់បនប្រល័យពូជសាសន៍ ប៉ុល ពត។

លោកបន្តថា អង្គមិទ្ទីញនាពេលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងរំលឹកឡើងវិញ នូវទិវាជាប្រវត្តិសាស្ត្រ នៃដំណើរចាប់ផ្ដើមរស់រានមានជីវិតរបស់ជាតិ មាតុភូមិ និងប្រជាជនកម្ពុជា និងដើម្បីប្រកាសជាឱឡារិកថា រណសិរ្ស២ធ្នូ មិនត្រឹមតែសង្គ្រោះយើងទាំងអស់គ្នា ឲ្យចាកផុតពីគ្រោះមហន្តរាយ នៃរបបប្រល័យពូជសាសន៍ប៉ុណ្ណោះទេ ប៉ុន្តែរណសិរ្យ ២ធ្នូ ក៏បានរួមចំណែកយ៉ាងធំធេងជាមួយរដ្ឋាភិបាល ក្នុងការស្តារកសាង និងអភិវឌ្ឍន៍សង្គមជាតិ នៅគ្រប់ដំណាក់កាលធ្វើឲ្យមាតុភូមិកម្ពុជា ប្រែមុខមាត់ថ្មីជាបន្តបន្ទាប់។

លោកបន្តទៀតថា ពិតមែនតែអស់រយៈពេល៤៤ឆ្នាំកន្លងផុតទៅ ប៉ុន្តែយើងទាំងអស់គ្នានៅតែចងចាំជានិច្ចនូវ អតីតកាលដ៏ងងឹតសូន្យសុងដែលពោរពេញទៅដោយទុក្ខវេទនា ការឈឺចាប់ខ្លោចផ្សា និរាសព្រាត់ប្រាស់ ក្នុងរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ក្រោមរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមបានឡើយ។ អង្គការរបស់ប៉ុល ពត បានប្លន់យកទាំងស្រុងនូវសមិទ្ធផល នៃការតស៊ូរបស់ប្រជាជនកម្ពុជា ដើម្បីឯករាជ្យ សន្តិភាព និងសេរីភាព ហើយបានបំផ្លាញអស់នូវតម្លៃរបស់មនុស្ស ក៏ដូចជារចនាសម្ព័ន្ធ នៃសង្គមជាតិទាំងមូល។ ប្រជាជនត្រូវបាត់បង់ទាំងស្រុងនូវសិទ្ធិ សេរីភាពគ្រប់យ៉ាង ត្រូវរស់នៅក្នុងភាពភ័យរន្ធត់ តក់ស្លុត អស់សង្ឃឹម ហើយទទួលរងនូវទារុណកម្ម និងការសម្លាប់រង្គាលក្រោមរបបដ៏ឃោរឃៅនេះ។

លោកបន្ថែមទៀតថា យើងទាំងអស់គ្នាក៏សូមសម្តែងនូវស្មារតីដឹងគុណយ៉ាងជ្រាលជ្រៅបំផុត និងសូមលំឱនកាយគោរពដល់ដួងវិញ្ញាណក្ខ័ន្ធរបស់បុព្វការីជន ដែលយុទ្ធជន យុទ្ធនាវី និងអ្នកស្នេហាជាតិគ្រប់ៗជំនាន់ ដែលបានធ្វើពលីកម្មដ៏ធំធេង និងយ៉ាងអង់អាចក្លាហានក្នុងបុព្វហេតុជាតិនៅគ្រប់សម័យកាល ដើម្បីភាពស្ថិតស្ថេរ គង់វង្ស រីកចម្រើន នៃទឹកដី មាតុភូមិ និងប្រជាជនកម្ពុជា។

អាស្រ័យដោយកត្តាអំណោយផល នៃសុខសន្តិភាព និងការអភិវឌ្ឍន៍ គណៈប្រតិភូជាថ្នាក់ដឹកនាំ ជាន់ខ្ពស់ នៃបណ្តាប្រទេសជាច្រើន បានមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាជាបន្ត បន្ទាប់ ដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យកាន់តែជិតស្និទ្ធ ថែមទៀត។

លោកបានបញ្ជាក់ថា ជាក់ស្ដែងក្នុងឆ្នាំ២០២២នេះ កម្ពុជា មានមហាកិត្តិយសដ៏ធំធេងលើឆាកអន្តរជាតិ តាមរយៈការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលប្រព្រឹត្តទៅពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ព្រមទាំងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាត អន្តរសភាអាស៊ាន (អាយប៉ា/AIPA) លើកទី៤៣ ដែលបានប្រព្រឹត្តទៅពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ជូនប្រទេសជាតិ៕