(ពោធិ៍សាត់)៖ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បន្ទាប់ពីបញ្ចប់ពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់អគារជំងឺទូទៅ នៃមន្ទីរពេទ្យបង្អែកបាកាននោះរួចមក, លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីលោកអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាព នៃការដាំដុះដំណាំស្រូវ របស់ប្រជាកសិករឃុំមេទឹក ស្រុកបាកាន ក្រោយរងគ្រោះដោយសារទឹកជំនន់ និងក្រោយពេលដែលទទួលបានគ្រាប់ពូជស្រូវ ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីធ្វើការស្ដារលទ្ធភាពឡើងវិញ។

បើតាមរលោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ការងារបង្កបង្កើនផលស្រូវ និងការស្តារឡើងវិញ បន្ទាប់ពីទទួលបានគ្រាប់ពូជស្រូវពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រជាកសិករ ចំនួន៥,៣៣៦គ្រួសារ ស្មើនឹង១០០% បានបញ្ចប់ស្តារឡើងវិញ នៅលើផ្ទៃដី ចំនួន ៦,៦៦៧.៨៧ហិកតា ស្មើនឹង១០០% នៃផ្ទៃដីសរុបដែលត្រូវស្តារឡើងវិញ។ ចំពោះផ្ទៃដីស្តារឡើងវិញនេះ បាននឹងកំពុងអនុវត្ត នៅលើដីស្រូវរដូវប្រាំង ឆ្នាំ២០២២។

ថ្លែងក្នុងដំណើរចុះពិនិត្យមើលការងារបង្កបង្កើនផលស្រូវស្តារឡើងវិញនាឱកាសនោះ លោក ខូយ រីដា បានលើកឡើងពីបញ្ហាចំពោះមុខយើងនាពេលនេះ គឺអាជ្ញាធរ រួមទាំងប្រជាកសិករ ត្រូវរួមគ្នាទប់រក្សាទឹកទុក តាមប្រឡាយមេ ប្រឡាយរង ស្រះ ឬស្រែឱ្យនៅគង់វង្ស ដើម្បីមានលទ្ធភាពគ្រប់គ្រាន់ក្នុងស្តារឡើងវិញ ជៀសវៀងខ្វះខាតទឹកតទៅមុខ។

ប្រជាកសិករដែលបានទទួលបានពូជស្រូវ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្ដេច ដែលបានផ្ដល់ជាពូជស្រូវដល់ប្រជាកសិករ ក្នុងការស្ដារលទ្ធភាពឡើងវិញ បន្ទាប់ពីរងការខូចខាតដោយសារទឹកជំនន់កន្លងមក ហើយបានធ្វើឱ្យដំណាំស្រូវ មានការលូតលាស់បានយ៉ាងល្អប្រសើរ និងត្រៀមក្នុងការប្រមូលផលនាពេលឆាប់ៗខាងមុខនេះ។

ទាំងប្រជាកសិករ និងទាំងលោក ខូយ រីដា បានថ្លែងការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះគុណូបការៈ ដែលមិនអាចកាត់ថ្លៃបានរបស់សម្ដេចតេជោ ហ៊ុន សែន ដែលសម្ដេចតែងតែយកអស់កម្លាំងកាយចិត្ត និងបានយកចិត្តទុកដាក់ពីសុខទុក្ខប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកនាពេលនេះ ហើយអំណោយដ៏ថ្លៃថ្លានេះ បានជួយដល់ប្រជាកសិករដែលរងគ្រោះដោយសារទឹកជំនន់កន្លងមក អាចធ្វើការស្ដារលទ្ធភាពឡើងវិញ បានទាន់ពេលវេលា។

សូមជម្រាបជូនថា នាថ្ងៃទី២៥ ខែតុលា​ ឆ្នាំ២០២២កន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញប្រគល់ស្រូវពូជប្រមាណ ៥១៤,៥០០គីឡូក្រាម ជូនកសិករប្រមាណ ៥,១៤៥គ្រួសារ ដែលរងគ្រោះដោយសារគ្រោះទឹកជំនន់ ក្នុងខេត្តពោធិ៍សាត់។

ជាមួយគ្នានោះ សម្តេចក៏បានផ្តល់ស្រូវពូជជាបន្តបន្ទាប់ សរុបចំនួន៥៣៣,៦០០គីឡូក្រាម ស្មើនឹង៥,៣៣៦គ្រួសារ ដើម្បីយកមកធ្វើការដាំដុះស្តារឡើងវិញជាបន្ទាន់ និងបន្ទាប់ពីទឹកស្រក ក្នុងការឆ្លើយតបទៅនឹងការខូចខាតដំណាំស្រូវ ដែលរងគ្រោះដោយសារទឹកជំនន់។ ទន្ទឹមនឹងការជន់លិចនេះ អាជ្ញាធរ និងកម្លាំងប្រដាប់អាវុធក្នុងខេត្ត បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ និងដោះស្រាយការលំបាកផ្សេងៗរបស់ប្រជាពលរដ្ឋ ក្នុងកំឡុងពេលទឹកលិចនេះផងដែរ៕