(កណ្ដាល)៖ សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស​ អានេតា ព្រះចៅអធិការវត្តព្រះឥន្ធសាមគ្គីធម៌ នឹងរៀបចំពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី នៅវេលាម៉ោង៨៖៣០នាទី ព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ ដោយរៀបចំតែមួយព្រឹកទេ ដូច្នេះសូមអញ្ជើញពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់មេត្តាមកចូលរួមពិធីបុណ្យ ដើម្បីរួបរួមបច្ច័យកសាងសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជបួរ គ្រី ទីតាំងទី២ ស្ថិតនៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ដែលមានកម្ពស់៧ជាន់ មានជាង១ម៉ឺនម៉ែត្រការ៉េ ក្នុងរង្វង់តម្លៃ៤លាន៧សែនដុល្លា ដែលអាចផ្ទុកនិស្សិតបាន១ម៉ឺននាក់។

សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស​ អានេតា បានសង្ឃដីកាថា សាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជបួរ គ្រី ទីតាំងទី២ កំពុងខ្វះខាតថវិការសំរាប់ការសាងសង់ ពោលគឺទើបបុកគ្រឹះបានប្រមាណជា៨០%ប៉ុណ្ណោះ ប៉ុន្តែថវិការត្រូវបានចំណាយអស់ហើយ ដូច្នេះសម្ដេចសង្ឃសុំបិណ្ឌបាតបន្ថែម ដោយគ្រោងធ្វើពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីនៅថ្ងៃទី៤ ខែធ្នូ ខាងមុខ ដោយមានសង្ឃឹមយ៉ាងមុតមាំថា ពុទ្ធបរិស័ទគ្រប់ទិសទី នឹងចូលរួមបច្ច័យ ជួយសាងសង់អគារកម្ពស់៧ជាន់នេះ។

សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស​ អានេតា បានមានសង្ឃដីកាបន្ថែមថា ចំពោះថង់ប្រាក់វិញសូមបងប្អូនប្រជាពលរដ្ឋចំណាយបច្ច័យរៀងៗខ្លួនតែ ៥០០រៀលក្ដី ១ពាន់រៀលក្ដីក្នុងមួយថ្ងៃ ដែលអាចបរិច្ចាគជារៀងរាល់ថ្ងៃបាន ដើម្បីជួយទ្រទ្រង់សម្រាប់ការសាងសង់អគារសាកលវិទ្យាល័យនេះឱ្យមានដំណើរការទៅមុខ។

សូមអានកម្មវិធីបុណ្យមានភ្ជាប់នៅខាងក្រោម ៖