(កណ្តាល)៖ គួរឱ្យអាណិតអាសូរណាស់ ក្មេងៗសិស្សសាលាប្រុស ស្រីចំនួន ៤នាក់ បានលង់ទឹកស្លាប់នៅក្នុងរណ្តៅដីជម្រៅ ៥ម៉ែត្រ ខណៈពួកគេនាំគ្នាចុះរាវខ្យង-ខ្ចៅ។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នាវេលាម៉ោង ១៦៖១០នាទី ស្ថិតនៅភូមិព្រៃសំរោង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនរងគ្រោះ‌ទាំង០៤នាក់ រួមមាន៖

*ទី១៖ ឈ្មោះ នី ស្រីណា (បង) ភេទស្រី អាយុ១៣ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកូនសិស្ស។
*ទី២៖ ឈ្មោះ នី ស្រីណាក់ (ប្អូន) ភេទស្រី អាយុ១៣ឆ្នាំ សញ្ជាតិខ្មែរ មុខរបរសិស្ស នៅភូមិចំបក់ ឃុំសៀរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ស្នាក់នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។ កុមារីទាំង២នាក់ ជាបងប្អូនភ្លោះ។
*ទី៣៖ ឈ្មោះ ខាន់ គីមយ៉ាន (បង) ភេទប្រុស អាយុ១២ឆ្នាំ សញ្ជាតិខ្មែរ មុខរបរសិស្ស នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល (ស្លាប់) រាវរកឃេីញនៅម៉ោង ២៣.៤២នាទី ថ្ងៃដដែល។
*ទី៤៖ ឈ្មោះ ខាន់ ថានុ (ប្អូន) ភេទប្រុស អាយុ១០ឆ្នាំ សញ្ជាតិខ្មែរ មុខរបរសិស្ស នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល រាវរកឃេីញនៅម៉ោង ៤.៣០នាទីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។

សមត្ថកិច្ចឱ្យដឹងថា តាមការសួរបំភ្លឺសាក្សីឈ្មោះ យឿន សែម ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកសិករ នៅភូមិព្រៃសំរោង ឃុំដំណាក់អំពិល បានឱ្យដឹងថា ខ្លួនបានទទួលដំណឹងពីក្មេងស្រីរត់មកប្រាប់ថាបងស្រីខ្លួនលង់ទឹក។ ពេលនោះខ្លួនក៏រត់ទៅរណ្តៅដីនោះឃើញតែស្បែកជើងនៅមាត់រណ្តៅដី២ ឬ៣គូរមិនឃើញមនុស្ស ហើយខ្លួនក៏ចុះក្នុងទឹករាវតែអត់ឃើញ ក៏ស្រែកហៅអ្នកភូមិឱ្យមកជួយចុះរាវគ្នាមួយសន្ទុះធំក៏បានប្រទះឃើញជនរងគ្រោះ២នាក់ស្រី។ ហើយនៅ២នាក់ ទៀតប្រុសកំពុងតែចុះរាវបន្ត។

ក្រោយមកសមត្ថកិច្ចនាយការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ ខេត្តកណ្តាល និងផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ ស្រុកអង្គស្នួល បានចុះមកដល់កន្លែងកើតហេតុ ដោយមានការចូលរួមប៉ុស្តិ៍រដ្ឋបាលឃុំដំណាក់អំពិល លោកក្រុមប្រឹក្សាឃុំ លោកគ្រូពេទ្យ មេភូមិនិងម្តាយ បង ប្អូន បានធ្វើការពិនិត្យលើជនរងគ្រោះ ឃើញថាមានពពុះពណ៌សតាមមាត់ និងច្រមុះ ខោអាវសើម សក់សើម បបូរមាត់ពណ៌ស្វាយ ក្នុងក្រចកមានដី ពោះតឹង ពេលផ្អៀងមានទឹកហូរ និងពពុះចេញតាមមាត់ និងច្រមុះក្រៅពីនោះពុំមានស្លាកស្នាមអ្វីទេ។

តាមការសន្និដ្ឋាន និងយោងតាមលោកគ្រូពេទ្យជំនាញ ជនរងគ្រោះស្លាប់ដោយសារលង់ទឹក។ សាកសពប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី។ កម្លាំងចម្រុះ បានសហការចុះរាវរកជនរងគ្រោះ ដែលបាត់ខ្លួននៅក្នុងរណ្តៅដីនោះ ឃេីញគ្រប់ចំនួន០៤នាក់ គឺស្រី០២នាក់និងប្រុស០២នាក់៕