(ពោធិ៍សាត់)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ នៅថ្ងៃទី៣០ ​ខែវិច្ឆិកា ឆ្នាំ​២០២២ បានប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ក្រោមប្រធានបទ «ធ្វើឱ្យសមភាព» នៅស្នាក់ការសាខាដែលស្ថិតក្នុងសង្កាត់ផ្ទះព្រៃ​ ក្រុងពោធិ៍សាត់ ដោយមានអ្នកចូលរួមជាង ៣០០នាក់។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោកស្រី កែ ធឿន ប្រធានការិយាល័យអភិវឌ្ឍន៍សាខា តំណាងលោកស្រី លាង ហៃ ជាវតាយ អនុប្រធានកិត្តិយស និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ថ្នាក់សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់។

លោកវេជ្ជបណ្ឌិត តឹក សុភាព អនុប្រធានមន្ទីរសុខាភិបាលខេត្ត និងជាប្រធានលេខាធិការដ្ឋានអេដស៍ខេត្ត បានលើកឡើងថា គិតមកដល់ពេលនេះ ខេត្តពោធិ៍សាត់ មានគ្លិនិកផ្តល់សេវាថែទាំ៣កន្លែង សេវាធ្វើតេស្តឈាម នៅតាមមណ្ឌលសុខភាព៤០កន្លែង គ្លីនិកសុខភាពគ្រួសារ៤កន្លែង អតិថិជនបានមកធ្វើតេស្តឈាម ១៦,៩៧៦នាក់ អ្នកផ្ទុកមេរោគអេដស៍ចំនួន ១,៤៧៥នាក់ ស្រី៧៤៣នាក់ ក្នុងនោះកុមារ២៩នាក់។

លោករំពឹងថា ជោគជ័យជាស្ថាពរក្នុងការលុបបំបាត់ការឆ្លងមេរោគថ្មី ឱ្យនៅកម្រិតជាអតិបរិមា ដើម្បីឈានទៅសម្រេចបានគោលដៅសូន្យបី និង៩៥-៩៥-៩៥ នៅឆ្នាំ២០២៥។ ​ទោះជាយ៉ាងណាយើងត្រូវមានការប្រុងប្រយត្ន័ខ្ពស់ ព្រោះថាបច្ចុប្បន្នមិនទាន់មានថ្នាំព្យាបាលជំងឺអេដស៍ឱ្យជាសះស្បើយបាននោះទេ ករណីឆ្លង​ក៏នៅកើតមានជាបន្តបន្ទាប់ ក្នុងនោះករណីកូវីដ១៩ នៅតែកើតមាននៅលើពិភពលោក។

លោកស្រី កែ ធឿន បានអានសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល សកម្មជនជាតិ និងអន្តរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ នៅគ្រប់លំដាប់ថ្នាក់ក្រោមប្រធានបទ «ធ្វើឱ្យសមភាព» ដើម្បីទាក់ទាញការយកចិត្តទុកដាក់ ដល់ប្រជាពលរដ្ឋគ្រប់រូបបន្តការប្រុងប្រយ័ត្នកាន់តែខ្លាំង ក្នុងការបង្ការទប់ស្កាត់ការចម្លងមេរោគអេដស៏នៅកម្ពុជា។

ក្នុងវិស័យមនុស្សធម៌កាកបាទក្រហមកម្ពុជា ដែលជាជំនួយការឱ្យអាជ្ញាធរសាធារណៈ បាននឹងកំពុងចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយ និងផែនការយុទ្ធសាស្ត្រជាតិ ឱ្យជនរួមជាតិចូលរួមក្នុងចរន្តជាតិតែមួយ ឈានឆ្ពោះទៅរកបញ្ចប់អេដស៍ នៅឆ្នាំ២០២៥។ រាជរដ្ឋាភិបាលបានគ្រប់គ្រងការទប់ស្កាត់ការចម្លងមេរោគអេដស៍ ជំងឺកូវីដ១៩ និងបើកប្រទេសពេញលេញឡើងវិញ ដើម្បីស្តាអភិវឌ្ឍន៍សេដ្ឋកិច្ចធ្វើឱ្យមានសមភាព និងជីវភាពប្រជាពលរដ្ឋប្រសើរឡើងវិញ។

តាមរយៈនេះសូមឱ្យប្រជាពលរដ្ឋ វិស័យឯកជន អង្គការជាតិ អន្តរជាតិ ចូលរួមជាកម្លាំងសាមគ្គីទប់ស្កាត់ជំងឺឆ្លងនានា បង្ការខ្លួន គ្រួសារ សហគមន៍កុំឱ្យមានឆ្លង និងត្រូវស្វែងរកទីប្រឹក្សាសេវាថែទាំ និងព្យាបាល ជាពិសេសស្ត្រីមានផ្ទៃពោះឱ្យបានយ៉ាងតិច៤ដង និងទៀងទាត់។ ជាមួយគ្នានោះគប្បីបញ្ឈប់ការរើសអើងទៅលើអ្នកផ្ទុកជំងឺអេដស៍ និងមេរោគអេដស៍ ត្រូវបង្កើនការយកចិត្តទុកដាក់ លើការធានាទាំងប្រសិទ្ធភាព ប្រសិទ្ធផល និងចីរភាព ពង្រឹងយន្តការនៃការគ្រប់គ្រងធនធានមនុស្ស ទទួលខុសត្រូវតាំងពីថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិ។

ផ្អែកតាមគោលការណ៍ ក្នុងការឈានទៅលុបបំបាត់ជំងឺអេដស៍នៅត្រឹមឆ្នាំ២០៣០ ដែលមានចែងនៅក្នុងផែនការយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ដែលទាមទាឱ្យមានការចូលរួមគ្រប់ស្ថាប័ន និងអង្គការក្រៅរដ្ឋាភិបាល និងបន្តអនុវត្តគោលនយោបាយទាំង៧ចំណុច ដែលបានដាក់ចុះអនុវត្ត តាំងពីខែធ្នូ ឆ្នាំ២០១៣ កន្លងទៅឱ្យមានប្រសិទ្ធិភាពខ្ពស់ និងទទួលបានជោគជ័យ។

នៅក្នុងខណៈនោះក៏បានចែកជូនអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ដល់អ្នកផ្ទុកមេរោគអេដស៍ ប្រមាណ៣០០នាក់ ក្នុងម្នាក់ៗអង្ករ២៥គីឡូក្រាម ត្រីខ១យួរ ទឹកត្រី១យួរ ក្រមា១ សាប៊ូ១ដុំ សាប៊ូម្សៅ ១ថង់ អាវ១ នំប័ង១ ទឹកសុទ្ធ១ដប និងថវិកា៤ម៉ឺនរៀល យុវជននិងអ្នកស័្មគ្រចិត្ត ៣០នាក់ ក្នុងម្នាក់ៗថវិកា ៤ម៉ឺនរៀល៕