(ភ្នំពេញ)៖ សមាគមមិត្តយើង សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានរៀបចំយុទ្ធនាការ «សក់ និងសម្រស់របស់មិត្តយើង» ដោយបានកាត់សក់ ដោយឥតគិតថ្លៃជូនអ្នកធាក់ស៊ីក្លូ និងពលរដ្ឋក្រីក្រជាង ៣០០នាក់។

កញ្ញា ផាន់ សុនីតា ប្រធានសមាគមមិត្តយើង បានលើកឡើងនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា ជាលើកទី៣ហើយ ដែលសមាគមមិត្តយើង រៀបចំកម្មវិធី «សក់ និងសម្រស់របស់មិត្តយើង» ការរៀបចំឡើងនេះក្នុងគោលបំណង ជួយដល់បងប្អូនមានជីវភាពខ្វះខាត និងកម្មករ និយោជិត នៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ពុំមានឱកាស ឬជួបការលំបាក ក្នុងការទទួលបានសេវាកម្មមួយនេះ ពោលគឺកម្មវិធីមួយនេះ ជាការឆ្លើយតបទៅនឹងចក្ខុវិស័យវែងឆ្ងាយ របស់សមាគមមិត្តយើង ក្នុងការជួយលើកកម្ពស់ កម្រិតជីវភាពរស់នៅ និងបង្កើន ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើរឡើង ដែលស្របទៅនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា។

កញ្ញា ផាន់ សុនីតា បានលើកឡើងទៀតថា​ ថ្ងៃនេះសមាគមបាននាំក្រុមសាឡន និងហាង កាត់សក់ល្បីៗ នៅទីក្រុងភ្នំពេញ ក្នុងការផ្តល់នូវសេវាកម្ម កាត់អ្នករកស៊ីក្រៅប្រព័ន្ធ និងអ្នក ដែលមានជីវភាពខ្វះខាត ក្នុងគោលបំណងឲ្យពួកគាត់ ទទួលបាននូវ សេវាកម្មសក់ស្អាត។

កញ្ញាបញ្ជាក់ថា សមាគមមានកម្មវិធីសប្បុរសធម៌ជាច្រើន ក្នុងការជួយដល់អ្នក ដែលមានជីវភាពខ្វះខាត។ កម្មវិធី៣លើកមកនេះ បានផ្តល់សេវាកាត់សក់ដល់បងប្អូន មានជីវភាពខ្វះខាតជាង១ពាន់នាក់។ ជាមួយគ្នានោះមិនត្រឹម តែផ្តល់ការកាត់សក់ ដល់ពួកគាត់ប៉ុណ្ណោះទេ តែបានផ្ដល់ជូនកញ្ចប់ជំនួយមានដូចជា អង្ករ និងសម្ភារៈមួយចំនួន ជូនដល់ពួកគាត់ ក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃផងដែរ។

កញ្ញាបានបន្ថែមថា កម្មវិធី «សក់ និងសម្រស់របស់មិត្តយើង» មានការចូលរួមពីសំណាក់ម្ចាស់ហាងសាឡន និងហាងកាត់សក់ដូចជា ជាងកាត់សក់ជាង៥០នាក់ តំណាងក្រុមហ៊ុនដៃគូ សហការរបស់សមាគមមិត្តយើង និងក្រុមយុវជនស្ម័គ្រចិត្តមិត្តយើង ក្នុងការផ្តល់នូវសេវាកម្មកាត់សក់ និងជួយសម្រួលជូន បងប្អូនកម្មករ និយោជិត នៃវិស័យ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបានអញ្ជើញមកចូលរួមផ្ទាល់ ក្នុងថ្ងៃនេះឲ្យទទួលបាននូវសេវាកម្មសក់ស្អាត។

សូមជម្រាបថា បន្ទាប់ពីផ្តល់សេវាកម្មកាត់សក់រួចរាល់ សមាគមមិត្តយើង ក៏មានការចែកជា «កញ្ចប់ ជំនួយមិត្តយើង» ដល់អ្នកមានកង្វះខាត និងកម្មករ និយោជិត នៃវិស័យសេដ្ឋកិច្ច ក្រៅប្រព័ន្ធដែលបានចូលរួមនាពេលនេះផងដែរ ក្នុង១នាក់ទទួលបានកញ្ចប់ជំនួយមិត្តយើង៕