(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិ គាំពារសង្គមបានរៀបចំ «សិក្ខាសាលាផ្សព្វផ្សាយ និងការដាក់ឱ្យដំណើរការយន្តការផ្សព្វផ្សាយជាតិគាំពារសង្គម ដំណាក់កាលទី២​ ដើម្បីបង្កើនការផ្សព្វផ្សាយបន្ថែម ពីប្រព័ន្ធគាំពារសង្គមដល់ប្រជាពលរដ្ឋក្រីក្រងាយរងគ្រោះ​ នៅតាមសហគមន៍នានា តាមរយៈអង្គការសង្គមស៊ីវិលមួយចំនួន​ ដែលបានសហការជាមួយក្រុមប្រឹក្សាជាតិគាំពារសង្គម។​

ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងការដាក់ឱ្យដំណើរការយន្តការផ្សព្វផ្សាយជាតិគាំពារសង្គម ដំណាក់កាលទី២ នាថ្ងៃទី៣០ ខែវិច្ឆិកានេះ លោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានមានប្រសាសន៍ថា ការរៀបចំឱ្យដាក់ឱ្យដំណើរការ នូវយន្តការផ្សព្វផ្សាយជាតិ គាំពារសង្គម ដំណាក់កាលទី២នេះ សបញ្ជាក់អំពីឆន្ទៈ និងការប្តេជ្ញារបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការបន្តអភិវឌ្ឍប្រព័ន្ធគាំពារសង្គមដ៏រឹងមាំមួយ ប្រកបដោយចីរភាព និងបរិយាបន្ន ដើម្បីជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋគ្រប់ក្រុមគោលដៅ ងាយរងគ្រោះ ដែលជាការបោះជំហានថ្មីមួយបន្ថែមទៀត លើសមទ្ធិផលដ៏គាប់ប្រសើរនៃការងារទំនាក់ទំនង និងផ្សព្វផ្សាយរបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម​ ដែលធ្វើយ៉ាងណាឱ្យការងារនេះ កាន់តែមានប្រសិទ្ធភាព និងបង្កើនកិច្ចសហការបន្ថែម លើការងារទំនាក់ទំនង និងផ្សព្វផ្សាយពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល ដើម្បីឱ្យប្រជាពលក្រុមគោលដៅងាយរងគ្រោះ ដែលជាអ្នកទទួលផលអាចទទួលបានព័ត៌មា នគ្រប់ជ្រុងជ្រោយពាក់ព័ន្ធនឹងអត្ថប្រយោជន៍នៃរបប ឬកម្មវិធីនានារបស់ប្រព័ន្ធគាំពារសង្គម ដែលរាជរដ្ឋាភិបាលបាន និងកំពុងផ្តល់ជូនជាបន្តបន្ទាប់។

លោកបន្ថែមថា ការបង្កើនការផ្សព្វផ្សាយនេះ ស្របពេលប្រព័ន្ធគាំពារសង្គមនៅកម្ពុជា កំពុងវិវត្តទៅមុខ ដែលចាំបាច់ត្រូវបង្កើនការផ្សព្វផ្សាយធាតុថ្មីៗ ឱ្យបានកាន់តែទូលំទូលាយ ដើម្បីឱ្យក្រុមគោលដៅ ដែលជាពលរដ្ឋងាយរងគ្រោះ ទទួលបានផលប្រយោជន៍។ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលសេនាធិការបច្ចេកទេស របស់គណៈកម្មាធិការប្រតិបត្តិ និងក្រុមប្រឹក្សាជាតិគាំពារសង្គម បានធ្វើការសហការយ៉ាងល្អជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ​ និងជាពិសេសដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធ ធ្វើការផ្សព្វផ្សាយព័ត៌មានសំខាន់ៗអំពីអត្ថប្រយោជន៍នានានៃប្រព័ន្ធគាំពារសង្គម ទៅកាន់ក្រុមប្រជាពលរដ្ឋគោលដៅ នៅតាមតំបន់ដាច់ស្រយ៉ាលដែលពិបាក ក្នុងការទទួលព័ត៌មាន ដូចជាតំបន់បឹងទន្លេសាប និងតំបន់ជនជាតិភាគតិចរស់នៅជាដើម។

​ជាមួយគ្នានេះ លោកបានបន្តថាក្រុមប្រឹក្សាជាតិគាំពារសង្គម បានគិតគូរយ៉ាងយកចិត្តទុកដាក់ និងធ្វើសកម្មភាពផ្សព្វផ្សាយតាមទូរទស្សន៍, វិទ្យុ, បដាផ្សព្វផ្សាយធំៗនៅតាមទីសាធារណៈ, សារព័ត៌មានជាតិ និងអន្តរជាតិ, និងបណ្តាញសង្គមនានាជាច្រើនផងដែរ។​

នាឱកាសនេះដែរ លោកស្រី ខូករីណា ហាយនីក នាយិការគ្រប់គ្រងកម្មវិធីលើកកម្ពស់ ប្រព័ន្ធគាំពារសង្គម និងសុខភាព នៃទីភ្នាក់ងារអាល្លឺម៉ង់ សម្រាប់ការអភិវឌ្ឍអន្តរជាតិ (GIZ) និងជាតំណាងស្ថានទូតអាល្លឺម៉ងប្រចាំកម្ពុជា លើកឡើងអំពីកិច្ចសហការគ្នាយ៉ាងជិតស្និត រវាង GIZ និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម នាពេលកន្លងមក ពាក់ព័ន្ធនឹងសកម្មភាពគាំទ្រ ដល់ការងារលើកកម្ពស់ប្រព័ន្ធគាំពារសង្គម ជាពិសេសការផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធគាំពារសង្គម ដល់ប្រជាពលរដ្ឋគោលដៅនានា។

លោកស្រីបន្តថា GIZ នឹងសហការគាំទ្របន្តទៀត ជាមួយរាជរដ្ឋាភិបាល ជាពិសេសជាមួយអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម ដើម្បីឆ្ពោះទៅការអភវឌ្ឍប្រព័ន្ធគាំពារសង្គមកម្ពុជា សម្រាប់គ្រប់គ្នា។

លោកស្រី បេនីតា ឈុឡាយ លេខាទី១ ស្ថានទូតអូស្រ្តាលីប្រចាំ​កម្ពុជាបានមានប្រសាសន៍ថា ប្រព័ន្ធគាំពារសង្គមមានសារៈសំខាន់ណាស់ សម្រាប់អភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងជាពិសេសប្រជាពលរដ្ឋ ដែលជាគ្រូសារក្រីក្រងាយរងហានិភ័យនៅកម្ពុជា។ ដើម្បីឱ្យប្រជាពលរដ្ឋគោលដៅទាំងនោះ អាចទទួលអត្ថប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមបាន ទាមទារនូវការងារផ្សព្វផ្សាយ និងការបញ្ជ្រាបចំណេះអំពីប្រព័ន្ធគាំពារសង្គម ដែលជាកិច្ចការមួយ ដែលស្ថានទូតអូស្រ្តាលីបាន និងកំពុងសហការគាំទ្ររហូតមកដល់បច្ចុប្បន្ន តាមរយៈ GIZ​៕