(កណ្ដាល)៖ លោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និង សិស្សក្នុងក្រុងតាខ្មៅ ដែលត្រៀមប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២១-២០២២ សម័យប្រឡង ថ្ងៃទី៥-៦ ធ្នូ ២០២២ ជិត២ពាន់នាក់នៃវិទ្យាល័យទាំងអស់នៅក្រុងតាខ្មៅ ។

ថ្លែងក្នុងពិធីនេះ លោក គង់ សោភ័ណ្ឌ បានប្រកាសថា រដ្ឋបាលកណ្តាលនឹងផ្ដល់រង្វាន់ម៉ូតូចំនួន ១គ្រឿង ចំពោះសិស្សានុសិស្សណាដែលប្រឡងជាប់និទ្ទេសA ខណៈដែលសិស្សជាប់និទ្ទេស B ,C ,D ,E ក៏នឹងទទួលបានរង្វាន់លើកទឹកចិត្តផងដែរ។

លោកអភិបាលខេត្ត បានលើកទឹកចិត្ត និងផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ត្រូវតែយកចិត្តទុកដាក់ខិតខំសិក្សារៀនសូត្រ បញ្ចេញឱ្យអស់ពីសមត្ថភាព ដើម្បីប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥-០៦ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ ធ្វើយ៉ាងណាឱ្យទទួលបានលទ្ធផលជោគជ័យទាំងអស់គ្នា។

ថ្លៃងក្នុងពិធីនេះដែរ លោកបណ្ឌិត ម៉ៅ ភិរុណ បានឲ្យដឹងថា ប្រទេសជាតិត្រូវការអ្នកមានសមត្ថភាព អ្នកមានចំណេះដឹង និងមានសីលធម៌ល្អ, ចំណេះដឹងរបស់ក្មួយៗជាសម្បត្តិជាតិ ដូច្នេះត្រូវខំរៀនឡើង កុំប្រព្រឹត្តអំពើអបាយមុខគ្រប់ ប្រភេទទាំងអស់ កុំលេងហ្គេមហួសហេតុពេក ពិសេសត្រូវមានសីលធម៌ល្អ ទាំងក្នុងគ្រួសារ ក្នុងសង្គម ក្លាយជាធនធានមនុស្សខ្លាំងរបស់យើង ដើម្បីជាទំពាំងល្អក្នុងការអភិវឌ្ឍប្រទេសជាតិតទៅមុខទៀត។

លោកបណ្ឌិតក៏បានបង្ហាញការជឿជាក់ថា សិស្សានុសិស្សថ្នាក់ទី១២ ទាំងអស់ក្នុងខេត្តកណ្ដាល នឹងប្រលងបានជាប់ភាគច្រើនបំផុត ពីព្រោះមានលោកគ្រូ អ្នកគ្រូ បានខិតខំបង្ហាត់បង្ហាញសិស្សានុសិស្សនូវចំណេះដឹងទាំងអស់ ដើម្បីឱ្យក្មួយៗទទួលបានលទ្ធផលល្អ ជាកិត្តិយសរបស់ខេត្តលោកគ្រូ អ្នកគ្រូ សាលារៀន និងគ្រួសារ។

លោកបានបន្ថែមថា នៅប៉ុន្មានថ្ងៃខាងមុខនេះ ការប្រឡងនឹងមកដល់ហើយ ក្មួយៗនឹងបញ្ចប់ការសិក្សា នៅមធ្យមសិក្សាទុតិយភូមិ ដូចនេះក្មួយៗត្រូវខិតខំរៀនសូត្រនូវថ្នាក់ឧត្តមបន្តទៀត ដើម្បីបង្កើនចំណេះដឹង និងជំនាញឆ្លើយតបបានទៅនឹងទីផ្សាការងារនាសម័យសកលភាវូនីយ៍កម្ម ទីផ្សាការងារនៅកម្ពុជាក្នុងតំបន់ និងសកលលោក ដែលកំពុងមានការរីកចម្រើនយ៉ាងលឿន អ្វីដែលសំខាន់នោះគឺក្មួយៗត្រូវខិតខំកសាងខ្លួនឯងឱ្យបានល្អ ជាប្រជាពលរដ្ឋល្អ សិស្សល្អ មិត្តល្អ ជាសសរទ្រូងរបស់ប្រទេសជាតិនាថ្ងៃអនាគត។

សូមជម្រាបថា សម្រាប់សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ ខេត្តបានរៀបចំមណ្ឌលប្រឡងចំនួន ១៩មណ្ឌល ស្មើនឹង ៤១៩បន្ទប់ មានបេក្ខជនដាក់ពាក្យប្រឡងសរុប ១០,៤០១នាក់ (ស្រី ៥,៧៤៦នាក់) ចែកជាថ្នាក់វិទ្យាសាស្ត្រ មាន០៧មណ្ឌល បេក្ខជនសរុប ៣៤៤៥នាក់ ស្រី ២០៩២នាក់ថ្នាក់វិទ្យាសាស្ត្រសង្គម មាន ១២ មណ្ឌល បេក្ខជនសរុប ៦៩៥៦នាក់ ស្រី ៣៦៥៤នាក់៕