(កូរ៉េខាងត្បូង)៖ លោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃមូលនិធិជាតិជំនួយសង្គម បានដឹកនាំគណៈប្រតិភូ មូលនិធិជាតិជំនួយសង្គម (ម.ជ.ជ.) ដើម្បីចូលរួមថ្លៃងសុន្ទកថាក្នុងនាមជាប្រទេសសមាជិក ស្ថាបនិក និងចុះហត្ថលេខាបង្កើតសមាគមសោធនសម្រាប់មន្ត្រីរាជការស៊ីវិលតំបន់អាស៊ី Asian Civil Service Pension Association (ACSPA) ដែលត្រូវបានបង្កើតឡើងជាលើកដំបូងក្នុងតំបន់អាស៊ី ហើយបានប្រកាសដាក់ឲ្យ ដំណើរការក្នុងកិច្ចប្រជុំលើកទី១ នៅក្នុងកិច្ចប្រជុំនៅកោះជេជូ នៃប្រទេសសាធារណៈរដ្ឋកូរ៉េ ដោយមានអ្នកចូលរួមពីបណ្តាប្រទេសជាសមាជិកចំនួន៦ប្រទេស។

កម្មវិធីបានប្រព្រឹត្តិឡើងក្រោមអធិបតីនាយកប្រតិបត្តិរបស់គ្រឹះស្ថានទាំង៦ ដែលជាសមាជិកស្ថាបនិក សមាគម ដែល៤រូប រួមមាន៖ ប្រទេសឥណ្ឌូនេស៊ី ប្រទេសហ្វីលីពីន សាធារណរដ្ឋកូរ៉េ និងលោក ឈួរ សុបញ្ញា តំណាងកម្ពុជា បានចូលរួមផ្ទាល់ ខណៈប្រទេសថៃ និងប្រទេសម៉ាឡេស៊ី បានចូលរួមចុះហត្ថលេខាតាមរយៈអនឡាញ។

សមាគម ACSPA ជាក្រុមប្រឹក្សារួមមាន៖ គ្រឹះស្ថាន ស្ថាប័នរាជរដ្ឋាភិបាល និងអង្គភាពផ្សេងៗដែលគ្រប់គ្រងសោធនរបស់មន្ត្រីរាជការ នៅបណ្តាប្រទេសក្នុងតំបន់អាស៊ី ដែលត្រូវបានបង្កើតឡើងដោយប្រទេសជាសមាជិកស្ថាបនិក ចំនួន៦គឺ កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃ និងសាធារណរដ្ឋកូរ៉េ។ ការចូលជាសមាជិកសមាគម ACSPA នឹងនាំមកនូវអត្ថប្រយោជន៍ដូចជា៖

*ទី១៖ ឧត្តមភាព និងជំនាញៈ លើកកម្ពស់ឧត្តមភាព និងអភិវឌ្ឍជំនាញក្នុងវិស័យប្រាក់សោធន សម្រាប់មន្ត្រីរាជការស៊ីវិល។
*ទី២៖ការបង្កើតបណ្តាញ និងសហគមន៍ៈ ពង្រីកបណ្តាញជាមួយអ្នកជំនាញក្នុង វិស័យប្រាក់សោ ធនសម្រាប់មន្ត្រីរាជការស៊ីវិលក្នុងតំបន់អាស៊ី។
*ទី៣៖ កិច្ចសហប្រតិបត្តិការៈ សហការគ្នាដើម្បីរកវិធីជំនះឧបសគ្គនានាដែលកើតចេញពីសង្គមដែលផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។
*ទី៤៖ កិច្ចសហប្រតិបត្តិការស្រាវជ្រាវៈ ចែករំលែកការប្រមូលទិន្នន័យសំខាន់ៗ ដើម្បីពង្រឹងសមត្ថ ភាពស្រាវជ្រាវជារួម។

លោក ឈួរ សុបញ្ញា បានឡើងថ្លែងសុន្ទរកថាអបអរសាទរ នៃការបង្កើតសមាគម និងបានលើកឡើង ៣ចំណុចធំៗរួមមាន៖ ការអបអរសាទរការបង្កើតនូវសមាគមACSPA រួមជាមួយនឹងខួប៤០ឆ្នាំរបស់គ្រឹះស្ថានសេវា សោធនសម្រាប់មន្ត្រីរាជការ GEPS នៃសាធារណរដ្ឋកូរ៉េ។ ប្រវត្តិនៃរបបប្រាក់សោធនសម្រាប់មន្ត្រីរាជការស៊ីវិលនៅក្នុងប្រទេសកម្ពុជា និងការបង្កើតមូលនិធិ ជាតិជំនួយសង្គម។ តួនាទីដ៏មានសារៈសំខាន់របស់សមាគម ក្នុងការគាំទ្រដល់ ប្រទេសសមាជិកក្នុងការកសាង និងបង្កើតនូវទំនាក់ទំនងគ្នា ដើម្បីធានាបាននូវឧត្តមប្រយោជន៍របស់និវត្តជនទាំងក្នុតំបន់ ក៏ដូចជាពិភពលោកផងដែរ៕