(ភ្នំពេញ)៖ ដើម្បីចូលរួមក្នុងកិច្ចអភិវឌ្ឍជាមួយរាជរដ្ឋាភិបាល សមាគមសហព័ន្ធវិនិយោគិនកម្ពុជាបាននិងកំពុងបន្តផែនការយុទ្ធសាស្ត្ររបស់ខ្លួនបន្ថែមទៀត ដោយក្នុងនោះក្រុមប្រឹក្សាភិបាលនៃសមាគមនេះបានដាក់ចេញទិសដៅចំនួន១១ចំណុច ក្នុងផែនការយុទ្ធសាស្ត្រ២០២៣របស់ខ្លួន។

ការដាក់ចេញផែនការនេះធ្វើឡើងក្នុងកិច្ចប្រជុំ​បូកសរុបរបាយការណ៍លទ្ធផលឆ្នាំ២០២២ និងទិសដៅឆ្នាំ២០២៣ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅភោជនីយដ្ឋាន The Terrace ខណ្ឌទួលគោក ក្រោមអធិបតីភាពលោក សួន រិនឌី អ្នកតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមសហព័ន្ធវិនិយោគិនកម្ពុជា។

នាឱកាសនោះ លោក ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា បានលើកឡើងថា ក្នុងដំណាក់កាលការស្តារសេដ្ឋកិច្ចសង្គមឡើងវិញក្នុងបរិបទក្រោយកូវីដ១៩ ដោយផ្តើមចេញពីស្ថានភាពអំណោយផល និងបញ្ហាប្រឈម ហើយដោយឈរលើឆន្ទៈមោះមុត សមាគមបានដាក់ចេញទិសទៅការងារឆ្នាំ២០២៣ ចំនួន១១ចំណុច ក្នុងការអនុវត្តជាបន្តបន្ទាប់។

ទិសដៅទាំង១១ចំណុចនោះរួមមាន៖

១. ត្រៀមបូកសរុបលទ្ធផលការងារតាមវិស័យជំនាញរបស់សមាគមក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រ៣ឆ្នាំរំកិល ២០២១-២០២៣ របស់សមាគម។

២. កែសម្រួលសមាសភាពរចនាសម្ពន្ធចាត់តាំងរបស់សមាគមតាមវិស័យតាមផ្នែក។

៣. ធ្វើបច្ចុប្បន្នភាពសមាជិក និងពង្រីកបន្ថែមសមាជិក ទាំងរូបវន្តបុគ្គល នីតិបុគ្គល ពិសេសអង្គការសមាគម និងវិស័យឯកជន សេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។

៤. រៀបចំឯកសណ្ឋាន​របស់សមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងសមាគមនានាក្រោមរចនាសម្ពន្ធតាមវិស័យតាមផ្នែកនីមួយៗ ដើម្បីពង្រឹងអត្តសញ្ញាណរៀបៗខ្លួន យកចិត្តទុកដាក់ពង្រឹងសមត្ថភាព

៥. បើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈតាមវិស័យតាមផ្នែក ដូចជាសុវត្ថិភាពចំណីអាហា មូលដ្ឋានគ្រឹះសម្រាប់អ្នកលក់ឱសថ ធុរកិច្ចទីផ្សារបណ្តាញ អភិវឌ្ឍដីធ្លី និងសំណង់អភិវឌ្ឍន៍កសិកម្ម និងបរិស្ថាន ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច។ល។

៦. បើវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់​តាមវិស័យតាមផ្នែកនីមួយៗ។

៧. ផ្តល់អាហាររូបករណ៍ថ្នាក់បណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ បរិញ្ញាបត្ររង បរិញ្ញាបត្រ និងអនុបណ្ឌិត។

៨. ចូលរួមអភិវឌ្ឍពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។

៩. បន្តចូលរួមសហការជាមួយគណៈកម្មាធិការប្រយុទ្ធប្រឆាំង ផ​លិតផលក្លែងក្លាយ វិទ្យាស្ថានស្តង់ដាកម្ពុជានៃក្រសួអឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងស្ថាប័ន មានសមត្ថកិច្ចពាក់ព័ន្ធក្នុងការចុះបង្ក្រាប ផលិតផលក្លែងក្លាយ និងខុសច្បាប់ដែលនាំឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ និងពង្រឹងការការពារផលប្រយោជន៍ដល់អ្នកប្រើប្រាស់ ដើម្បីទទួលបានផលិតផលមានស្តង់ដាពិតប្រាកដ។

១០. បន្តចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអប់រំ ផ្សព្វផ្សាយអំពីអនាម័យ ការបង្ការចម្លងជំងឺឆ្លង និងជំងឺមិនឆ្លងដល់សមាជិកសមាជិកា និងប្រជាពលរដ្ឋ។

១១. ដើម្បីឆ្លើយតបនិងបដិវត្តឧស្សាហកម្ម៤.០ ខិតខំជំរុញអភិវឌ្ឍប្រព័ន្ធឌីជីថល ដោយខិតខំប្រមូលផ្តុំអ្នកជំនាញមកចងក្រង និងសិក្សាឱ្យបានចេញគម្រោង​អភិវឌ្ឍន៍ប្រព័ន្ធឌីជីថល។

លោក សួន រិនឌី បានលើកឡើងថា បន្ទាប់ពីចូលរួមយ៉ាងសស្រាកសស្រាំជាមួយរាជរដ្ឋាភិបាល និងបំពេញកិច្ចការងារអាទិភាព​របស់សមាគមសហព័ន្ធវិនិយោគិនកម្ពុជា ដែលសម្រេចតាមគោលដៅជាច្រើនកន្លងមកមកទល់ឆ្នាំ២០២២ ថ្នាក់ដឹកនាំសមាគមនិងគណៈកម្មការតាមវិស័យតាមផ្នែកនៅបន្តខិតខំពុះពារជម្នះ​រាល់ការលំបាកស្មុគស្មាញ ធ្វើសកម្មភាពរហូតទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។

លោក សួន រិនឌី បានលើកឡើងថា បើទោះបីមិនទាន់ធូរស្បើយទាំងស្រុងពីជំងឺកូវីដ១៩ ប៉ុន្តែសមាគមត្រូវខិតខំបន្ថែមទៀតរៀបចំកិច្ចការងារឱ្យបានហ្មត់ចត់ ដើម្បីជៀសវាងកំហុសឆ្គង និងត្រៀមរៀបចំសម្រាប់ត្រៀមការបោះឆ្នោតនៅឆ្នាំ២០២៣៕