(ភ្នំពេញ)៖ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ជាខួប៦ឆ្នាំ នៃការដាក់បញ្ចូលចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ។

ចាប៉ីដងវែងរបស់កម្ពុជា ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុងអាឌីស អាបាបា ប្រទេសអេត្យូពី កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។

ចាប៉ីដងវែង ជាឧបករណ៍តន្ត្រីវ័យចំណាស់មួយរបស់កម្ពុជា ដែលជាឧបករណ៍ដែលមានឆ្លាក់នៅជញ្ជាំងប្រាសាទ អង្គរវត្តផងដែរ។
ចាប៉ីអាចលេងបានមានអមជាមួយបទចម្រៀង ព្រមទាំងអាចច្នៃប្រឌិត និងបង្កើតបទថ្មីៗដោយខ្លួនឯងទៀតផង។ បទចម្រៀងចាប៉ីជាទូទៅរៀបរាប់អំពីរឿងបុរាណ ឬរឿងអប់រំខ្លីៗ ដល់ប្រជាជនពីគុណធម៌ និងវប្បធម៌ជាដើម។

គួរបញ្ជាក់ថា សម្បត្តិបេតិកភណ្ឌខ្មែរចំនួន៩ហើយ ដែលត្រូវបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក រួមមាន៖

* តំបន់អង្គរ៖ សម្បត្តិបេតិកភណ្ឌពិភពលោក ចុះបញ្ជីនៅថ្ងៃទី១៤ ធ្នូ ១៩៩២។

* របាំព្រះរាជទ្រព្យ៖ សម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ចុះបញ្ជីនៅថ្ងៃទី៧ វិច្ឆិកា ឆ្នាំ២០០៣។

* ប្រាសាទព្រះវិហារ៖ សម្បត្តិបេតិកភណ្ឌពិភពលោក ចុះបញ្ជីនៅថ្ងៃទី៧ កក្កដា ២០០៧។

* ល្ខោនស្រមោលស្បែកធំ៖ សម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ចុះបញ្ជីនៅថ្ងៃទី២៥ វិច្ឆិកា ២០១៥។

* ល្បែងទាញព្រ័ត្រ៖ សម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ចុះបញ្ជីនៅថ្ងៃទី២ ធ្នូ ២០១៥។

* ចាប៉ីដងវែង៖ សម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី ត្រូវការសង្គ្រោះបន្ទាន់ ចុះបញ្ជីនៅថ្ងៃទី៣០ វិច្ឆិកា ២០១៦។

* តំបន់ប្រាសាទសំបូរព្រៃគុក៖ សម្បត្តិបេតិកភណ្ឌពិភពលោក ចុះបញ្ជីនៅថ្ងៃទី៨ កក្កដា ២០១៧។

* ល្ខោនខោលវត្តស្វាយអណ្ដែត៖ សម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី ត្រូវការសង្គ្រោះបន្ទាន់ ចុះបញ្ជីនៅថ្ងៃទី២៨ វិច្ឆិកា ២០១៨។

* គុនល្បុក្កតោ៖ សម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីយនៃមនុស្សជាតិ ចុះបញ្ជីនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២៕