(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញ បានអះអាងថា ពុំមានការផ្លាស់ប្ដូរទីលានប្រជាធិបតេយ្យឡើយ គ្រាន់តែមានសំណូមពរពីប្រជាពលរដ្ឋ ដែលនៅក្បែរនោះប៉ុណ្ណោះ។

ការបញ្ជាក់អះអាងពីសំណាក់អ្នកនាំពាក្យ សាលារាជធានីភ្នំពេញបែបនេះ ធ្វើឡើងបន្ទាប់ពីមានការលេចលឺព័ត៌មានមួយចំនួនថា សាលារាជធានីភ្នំពេញ គ្រោងនឹងផ្លាស់ប្ដូរទីលានប្រជាធិបតេយ្យ ពីជិតស្ថានទូតសហរដ្ឋអាមេរិកទៅកាន់ទីតាំងផ្សេង។​

លោក មាន ចាន់យ៉ាដា អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី១៧ ខែមិថុ​នា ឆ្នាំ២០១៦នេះ​ ថា «ក្រោយពីមានការសំណូមពរពីប្រជាពលរដ្ឋ ឲ្យសាលារាជធានីភ្នំពេញធ្វើការផ្លាស់ប្ដូរទីលានប្រជាធិបតេយ្យទៅកន្លែងផ្សេង ព្រោះថា ប្រជាពលរដ្ឋដែលមានរស់នៅក្បែរនោះ មានការព្រួញបារម្មណ៍ពីសុវត្ថិភាពផ្ទាល់ខ្លួន ដោយសារតែនៅពេលដែលមានការជួបជុំម្ដងៗ មានភាពរញែរញ៉ៃខ្លាំងណាស់ ធ្វើឲ្យពួកគាត់ខាតបង់ក្នុងការប្រកបរបររកស៊ីទទួលទាន»

លោក ចាន់យ៉ាដា បានបន្ដថា កាលពីដើមសប្ដាហ៍នេះសាលារាជធានីភ្នំពេញ បានបើកកិច្ចប្រជុំមួយ ហើយក្នុងនោះក៏បានពិភាក្សា ក្នុងរកដំណោះស្រាយជូនប្រជាពលរដ្ឋ ជាលទ្ធផលសាលារាជធានីភ្នំពេញ មិនអាចធ្វើការផ្លាស់ប្ដូរទីលានប្រជាធិបតេយ្យ ដែលមានទីតាំងនៅជិតស្ថានទូតអាមេរិកបាននោះទេ។ ក្នុងនោះដែរលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានថ្លែងថា​ «យើងគ្មានលទ្ធភាពនឹងប្តូរ យើងអត់មានទីតំាងណាដូរទេ គឺទុកពេលសម្រាប់សិក្សាបន្តទៀត»

សូមបញ្ជាក់ថា ទីលានប្រជាធិបតេយ្យ​ មានទីតាំងស្ថិតនៅក្បែរស្ថានទូតអាមេរិក ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ ទីលានប្រជាធិបតេយ្យ ត្រូវបានបង្កើតឡើង សម្រាប់ឲ្យប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល ក៏ដូចជាបក្សនយោបាយផងដែរ ធ្វើការជួបជុំ ដើម្បីធ្វើការសំដែងមតិនានា៕