(ក្រចេះ)៖ រដ្ឋបាលខេត្តក្រចេះ នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានរៀបចំប្រកាសឱ្យចូលកាន់មុខតំណែងអភិបាលរងក្រុងក្រចេះបន្ថែមថ្មី ចំនួន០២រូបទៀត។

ពិធីប្រកាសឱ្យចូលកាន់តំណែងនេះ បានធ្វឡើងក្រោមអធិបតីភាពលោក វ៉ា ថន អភិបាលខេត្តក្រចេះ និងមានការអញ្ជើញចូលរួមពីសំណាក់អភិបាលរងខេត្តក្រចេះ និងមន្ត្រីរាជការ កងកម្លាំងទាំង៣ប្រភេទយ៉ាងច្រើនផងដែរ។

អភិបាលរងចំនួន២រូប ទើបទទួលតំណែងនោះរួមមាន៖

ទី១៖ លោក សួន ផល្លា ឋានន្តរស័កិ្តថ្នាក់លេខ២ ជាអភិបាលក្រុងក្រចេះ
និងទី២៖ លោក មឿន សៅគុណ ឋានន្តរស័ក្តិ ជាគ្រូបង្រៀនថ្នាក់មូលដ្ឋាន ដេីមខ្សែពិសេសថ្នាក់លេខ៥ ជាអភិបាលក្រុងក្រចេះ។

លោក សួន ផល្លា និងលោក មឿន សៅគុណ ដែលទើបទទួលបានតួនាទីជាអភិបាលក្រុងក្រចេះ បានប្តេជ្ញាចិត្តរួមមាន៖

ទី១៖ គោរពតាមគោលការណ៏ និងការណែនាំរបស់ថ្នាក់ដឹកនាំ ស្រុក ខេត្ត ក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃកម្ពុជា
ទី២៖ គោរពតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងខិតខំអនុវត្ត គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពឱ្យបានហ្មត់ចត់ ដេីម្បីភាពសុខសាន្ត និងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន
ទី៣៖ ប្តេជ្ញាចិត្ត អនុវត្តតាមរដ្ឋមនុញ្ញ ដែលជាច្បាប់កំពូល និងលិខិតបទដ្ឋានគិតិយុទ្ធនានា
ទី៤៖ ប្តេជ្ញា បំពេញតាមតួនាទី ការងាររបស់ខ្លួនឱ្យមានប្រសិទ្ធិភាព និងមានគុណភាព និងទី៥៖ ប្តេជ្ញា រក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អដោយមិនរេីសអេីង និងមានតម្លាភាព។

លោក វ៉ា ថន បានណែនាំដល់អភិបាលរងក្រុងក្រចេះទាំង២រូប ដែលទេីបចូលកាន់តំណែងថ្មីនាពេលនេះធ្វេីយ៉ាងណារក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ និងបន្តអនុវត្តការងារឱ្យមានប្រសិទ្ធិ និងគុណភាព ពិសេសខិតខំបម្រើសេវាតម្រូវការជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ហេីយចេះសហការគ្នាឱ្យបានល្អ ដេីម្បីអភិវឌ្ឍន៍ក្នុងមូលដ្ឋានរបស់ខ្លួនប្រកបដោយចេរភាព។

លោកអភិបាលខេត្ត បានក្រេីនរំលឹក និងជំរុញចំពោះមន្រ្តីរាជការ ដែលបានមកចូលរួមក្នុងកម្មវិធីនេះពេលត្រឡប់ទៅមូលដ្ឋានវិញ សូមជួយបន្តណែនាំដល់ប្រជាពលរដ្ឋនៅមូលដ្ឋានក្នុងខេត្ត សូមអញ្ជេីញទៅពិនិត្យនិងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នាដែលមានអាយុ ១៦ឆ្នាំឡើងទៅ នៅតាមសាលាឃុំសង្កាត់ ឬក៏នៅតាមទីតាំងណាមួយនៅក្នុងភូមិ-សង្កាត់ ដែលខ្លួនរស់នៅ៕