(សៀមរាប)៖ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ តំណាងឱ្យលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេចរណ៍ បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះដំណើរទស្សនកិច្ចរបស់គណ:ប្រតិភូអឺរ៉ុប ក្នុងគោលបំណង ដើម្បីមកប្រគល់ពានរង្វាន់ជ័យលាភី «កម្ពុជាគោលដៅទេសចរណ៍ ដ៏ល្អបំផុតក្នុងពិភពលោក សម្រាប់ឆ្នាំ២០១៦» ជូនដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ខាងមុខនេះ។

ថ្នាក់ដឹកនាំខាងលើ ត្រូវបានដឹកនាំដោយលោកស្រី យូ សុភា អភិបាលរងខេត្ត តំណាងឱ្យលោកអភិបាលខេត្ត ព្រមទាំងមានការចូលរួមពី លោក ឡោ ធូរ៉ា ប្រធាននាយកដ្ឋានសិក្សារទីផ្សារ និងផ្សព្វផ្សាយនៃក្រសួងទេសចរណ៍, ប្រធានមន្ទីរទេសចរណ៌ និងប្រធានមន្ទីរពាណិជ្ជកម្មនៃខេត្តសៀមរាប ដែលធ្វើឡើងកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ នាព្រលានយន្តហោះអន្តរជាតិ ខេត្តសៀមរាប។

សូមជម្រាបថា គណ:ប្រតិភូអឺរ៉ុប ដឹកនាំដោយលោក H.E Prof. Dr. Anton Caragea ប្រធានក្រុមប្រឹក្សាភិបាលទេសចរណ៍ និងពាណិជ្ជកម្មនៃសហភាពអឺរ៉ុប បានមកបំពេញទស្សនកិច្ច និងប្រគល់ជ័យលាភីពានរង្វាន់ «កម្ពុជាគោលដៅទេសចរណ៍ ដ៏ល្អបំផុតក្នុងពិភពលោក សម្រាប់ឆ្នាំ២០១៦» ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលនឹងប្រារព្ធធ្វើ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ខាងមុខ ក្នុងវិមានសន្តិភាព៕