(ក្រចេះ)៖ លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៅថ្ងៃទី២៩ ខែវិច្ឆា ឆ្នាំ២០២២នេះ បានដឹកនាំកម្មវិធីអនុវត្តការងារសង្គមរបស់កម្មសិក្សាការីវគ្គវិក្រឹតការមធ្យមឆ្នាំ២០២២ ថ្នាក់លង្វែក នៃសាលាភូមិន្ទរដ្ឋបាល ក្រោមប្រធានបទ «ក្តីសង្ឃឹមរបស់កុមារក្នុងការ អភិវឌ្ឍសហគមន៍បៃតង» នៅសាបឋមសិក្សាកាកុត ស្ថិតក្នុងឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

លោក យក់ ប៊ុនណា បានបញ្ជាក់ថា តាមរយៈសកម្មភាពការងារសង្គមនេះ គឺជាការផ្សារភ្ជាប់រវាងកម្មសិក្សាការីវគ្គវិក្រិតការមធ្យម ឆ្នាំ២០២២ ថ្នាក់លង្វែក នៃសាលាភូមិនិន្ទរដ្ឋបាល និងប្រជាពលរដ្ឋនៅមូលដ្ឋាន និងជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ ក៏ដូចជាចូលរួមចំណែកក្នុងការអភិវឌ្ឍន៍នៅក្នុងសហគមន៍ទាំងមូលឲ្យកាន់តែរីកចម្រើន។

ជាក់ស្ដែងនៅថ្ងៃនេះ កម្មសិក្សានេះបាននាំយកអំណោយជាថវិកា និងសម្ភារៈសិក្សាចែកជូនសិស្សានុសិស្សសរុបចំនួន២៣៤នាក់ ក្នុងម្នាក់ៗទទួលបានកាតាប១ សៀវភៅ៥ក្បាល ប៊ិច២ ខ្មៅដៃ២ ជ័រលុប១ បន្ទាត់១ ប្រដាប់ខួងខ្មៅដៃ១ ខ្មៅដៃពណ៌១ប្រអប់ សៀវភៅរូបផាត់ពណ៌១ក្បាល និងថវិកា៥,០០០រៀល។

ចាស់ជរាសរុប២០នាក់ ក្នុងម្នាក់ៗទទួលបានមុង ភួយ និងក្រមា ក្រណាត់ស សារុង១ ឈុត និងថវិកា២០,០០០រៀល លោកគ្រូអ្នកគ្រូ១២នាក់ ក្នុងម្នាក់ៗ៣០,០០០រៀល។ ផ្តល់ជូនសាលាបឋមសិក្សាកាំពី និងសាលាបឋមសិក្សាកាកុត ក្នុងមួយសាលាអំពូលសូឡាសរុបចំនួន១០បង្គោល ធុងសំរាមចំនួន៥ ជូននូវឫស្សីផ្អែម៧៥ដើម និងថវិកា២,០០០,០០០រៀល។

ចំពោះប្រជាពលរដ្ឋចូលរួមក៏ទទួលបានឫស្សីផ្អែមម្នាក់១ ដើមយកទៅដាំតាមផ្ទះរៀងៗខ្លួនផងដែរ ហើយកូនឫស្សីផ្អែមទាំងអស់ជាការផ្តល់ឱ្យពីលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន សរុបរួមនៅទូទាំងស្រុកចិត្របុរី ខេត្តក្រចេះ ប្រមាណជាង១ម៉ឺនដើម សម្រាប់ដាំដុះឱ្យក្លាយជាតំបន់បៃតងមានបរិស្ថានល្អ។

គួរបញ្ជាក់ផងដែរ ក្នុងឱកាសចែកអំណោយនោះដែរ លោកស្រីឧកញ៉ា នឹម វណ្ណៈ និងស្វាមី បានផ្តល់ជូនបន្ថែមដល់សិស្សានុសិស្សក្រីក្រ៤៨នាក់ ក្នុងម្នាក់៦០,០០០រៀល គ្រួសារក្រីក្រចំនួន១២ គ្រួសារក្នុង១គ្រួសារ៣០០,០០០រៀល៕