(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត អ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក បានថ្លែងថា បច្ចុប្បន្ននេះ យើងផ្ដល់ការប្រឹក្សាទៅដល់អ្នកជំងឺអេដស៍ នៅទូទាំងប្រទេសមានចំនួន ៦៤,៥០០នាក់ គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២២ ដែលកំពុងទទួលឱសថប្រឆាំងមេរោគអេដស៍ ក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៍ ចំនួន ៧៤,០០០នាក់។

ការថ្លែងដូច្នេះរបស់លោកវេជ្ជបណ្ឌិត ក្នុងឱកាសបើកសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី «របកគំហើញ និងអនុសាសន៍ក្នុងការពិនិត្យពាក់កណ្ដាលគម្រោងនៃផែនការយុទ្ធសាស្ដ្រសម្រាប់បង្ការ ថែទាំជំងឺអេដស៍ និងកាមរោគ ក្នុងវិស័យសុខាភិបាល ២០២១-២០២៥ ដែលប្រព្រឹត្ដទៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពលោកសាស្ដ្រាចារ្យ ស៊ា ហួង រដ្ឋលេខាធិការក្រសួងសុខាភិបាល នាសណ្ឋាគារភ្នំពេញ។

លោកវេជ្ជបណ្ឌិត អ៊ុក វិជ្ជា បានថ្លែងបន្ដថា «ការព្យាបាលដោយឱសថប្រឆាំងនឹងមេរោគអេដស៍ កាន់តែមានប្រសិទ្ធភាពខ្លាំងជាងមុន ហើយឆាប់ធ្វើឱ្យបន្ទុកមេរោគអេដស៍នៅក្នុងឈាមថយចុះក្នុងរយៈពេលខ្លី ពី៣ទៅ៦ខែ មេរោគអេដស៍នៅក្នុងឈាមនឹងចុះ ហើយបន្ដលេបថ្នាំជាប់រាល់ថ្ងៃតាមការណែនាំរបស់ក្រុមគ្រូពេទ្យមួយជីវិត គាត់នឹងឈានដល់បន្ទុកមេរោគអេដស៍ក្នុងឈាមរកមិនឃើញ។ ដូច្នេះបើឈានដល់កម្រិតហ្នឹង គាត់នឹងមានសុខភាពធម្មតា ហើយនឹងមិនចម្លងមេរោគអេដស៍ទៅអ្នកដទៃទៀតទេ ដែលនេះជាគោលបំណងសំខាន់នៃការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ ដែលយើងកំពុងតែអនុវត្ដឱ្យប្រើប្រាស់សព្វថ្ងៃនេះ»

ទន្ទឹមនឹងនោះលោកក៏អំពាវនាវដល់ប្រជាជន បង្កើនការយកចិត្ដទុកដាក់ លើវិធានការការពារមេរោគអេដស៍បន្ដទៀត ពីព្រោះសព្វថ្ងៃនេះយើងសង្កេតឃើញថា ការភ័នច្រឡំមួយចំនួនក្នុងចំណោមយុវវ័យ ថាអេដស៍ អស់ពីស្រុកខ្មែរ លែងខ្លាចអេដស៍។ សូមក្រើនរំលឹកសារជាថ្មីថា អេដស៍អត់មានទៅណាទេ ទោះបីជាអេដស៍យើងអាចទប់ស្កាត់ ឱ្យរស់នៅបានយូរអង្វែង តែអ្នកផ្ទុកមេរោគអេដស៍ត្រូវតែលេបថ្នាំអស់មួយជីវិត ព្រោះមិនទាន់មានថ្នាំព្យាបាលដាច់ក្នុងរយៈពេលខ្លីនោះទេ។

ជាពិសេសផ្ដាំផ្ញើដល់អ្នកផ្ទុកមេរោគអេដស៍ហើយ សូមកុំបោះបង់ចោលការទៅទទួលសេវា ពីព្រោះមេរោគអេដស៍នៅក្នុងឈាមដែលមានកម្រិតទាប នឹងរស់ឡើងវិញ ឬវិវឌ្ឍន៍ឡើងវិញ ហើយបញ្ហាប្រឈមនឹងផលវិបាកកាន់តែខ្លាំងជាងមុន ព្រោះសព្វថ្ងៃគាត់ប្រើថ្នាំនៅជួរទី១ អាចនឹងសុំាថ្នាំ ពេទ្យអាចនឹងឱ្យថ្នាំនៅជួរទី២ និងជួរទី៣ ដែលអាចមានផលប៉ះពាល់ ដោយធ្វើទុក្ខក្នុងខ្លួនខ្លាំង នឹងមានតម្លៃខ្ពស់បើធៀបនឹងថ្នាំទី១។

លោកវេជ្ជបណ្ឌិត អ៊ុក វិជ្ជា បានស្នើឱ្យអ្នកទទួលសេវាព្យាបាលហើយ កុំបោះបង់សេវា ហើយលេបថ្នាំឱ្យបានជាប់ និងត្រឹមត្រូវទៅតាមការណែនាំរបស់គ្រូពេទ្យ ដើម្បីឈានទៅដល់ការស្វែងរកមេរោគអេដស៍ក្នុងឈាមមិនឃើញ ពេលនោះយើងនឹងលែងចម្លងមេរោគអេដស៍ទៅដល់ដៃគូស្នេហារបស់យើង។ សម្រាប់យុវជន ការពារកុំឱ្យឆ្លងមេរោគអេដស៍ ដូចពាក្យស្លោកពោលថា «ការពារប្រសើរជាងព្យាបាល»៕