(កំពង់ឆ្នាំង)៖ ទីតាំងអារឈើមួយកន្លែង មានទីតាំងក្នុងឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កំពុងបញ្ចេញសកម្មភាពយ៉ាងកក្រើង តែសមត្ថកិច្ចមិនទាន់បានចុះទៅបង្ក្រាបនោះទេ។

ប្រជាពលរដ្ឋមូលដ្ឋានបានបញ្ជាក់ថា ពួកគាត់ប្រទះឃើញមានទីតាំងម៉ាសីុនថាស់អារឈើជាច្រើនកន្លែង ហើយធ្វើសកម្មភាពដឹកជញ្ជូនដែរឈើអារ និងឈើមូលចរាចរណ៍លក់ ធ្វើអាជីវកម្មយ៉ាងអាធិបតេយ្យ ជារៀងរាល់ថ្ងៃ តែមិនទាន់ឃើញមានសមត្ថកិច្ចពាក់ព័ន្ធណា ចេញមកបង្ក្រាបឲ្យមានប្រសិទ្ធិភាពឡើយ។

ប្រជាពលរដ្ឋបន្ដថា ទីតាំងម៉ាស៊ីនអារឈើប្រភេទម៉ាស៊ីនថាស កំពុងតែបញ្ចេញសកម្មភាពលាន់កងរំពងនៅតំបន់ពេជ្រជោ និងតំបន់ក្តុល ហើយត្រូវបានគេស្គាល់ម្ចាស់ម៉ាស៊ីន ឈ្មោះ ចេង នៅតំបន់ពេជ្រជោ ស្ថិតក្នុងភូមិដំណាក់ខ្លុង ពួកគេធ្វើសកម្មភាពអារឈើគ្រឿងគ្រប់ប្រភេទ រួចដឹកបន្តតាមគោយន្ត និងរថយន្តកូរ៉េ យកទៅលក់ចែកចាយអោយដេប៉ូឈើ ដើមស្រល់មុខវត្តយាយទេព និងមុខអ្នកតាចិន ស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។

សកម្មភាពអារឈើ និងដឹកឈើលក់ធ្វើអាជីវកម្មយ៉ាងអាណាធិបតេយ្យខាងលើ ត្រូវបានគេទម្លាយឲ្យដឹងថា ដោយសារតែមានការបើកភ្លើងខៀវ ពីសំណាក់មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធទើបសកម្មភាពទាំងនេះបានប្រព្រឹត្តទៅយ៉ាងរលូន រហូតមកដល់បច្ចប្បន្ននេះ។

សូមបញ្ចាក់ថា ព័ត៌មាននេះជាដំណឹងមួយជូនដល់សមត្ថកិច្ច និងមន្ដ្រីជំនាញពាក់ព័ន្ធ ជាពិសេសជូនចំពោះ អភិបាលខេត្តកំពង់ឆ្នាំង ដើម្បីមានវិធានការណ៍ទប់ស្កាត់ និងបង្ក្រាបឲ្យទាន់ពេលវេលា កុំចាំគេដឹកឈើអស់បានចេញបង្ក្រាប៕