(ពោធិ៍សាត់)៖ លោកសាស្រ្តចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ព្រមទាំងថ្នាក់ដឹកនាំ និង ក្រុមការងារបច្ចេកទេសក្រសួងសុខាភិបាល និងមន្ទីរចំណុះសាលាខេត្ត កងកម្លាំងប្រដាប់អាវុធ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចុះជួបសំណេះសំណាលជាមួយមន្រ្តីបុគ្គលិកសុខាភិបាល ដែលកំពុងបំរើការនៅ មណ្ឌលសុខភាពហ៊ុន សែន ថ្មដា ស្ថិតក្នុងស្រុកភ្នំក្រវ៉ាញ និងមណ្ឌលសុខភាពប្រមោយ ស្ថិតក្នុងស្រុកវាលវែង ខេត្តពោធិសាត់។

លោកសាស្រ្តាចារ្យ បានពាំនាំនូវការសួរសុខទុក្ខ និងការកោតសរសើរដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់បងប្អូនមន្រ្តីបុគ្គលិកសុខាភិបាល ព្រមទាំងអជ្ញាធរខេត្តទាំងអស់ ដែលបានខិតខំប្រឹងប្រែង យកអស់ពីកំលាំងកាយចិត្តក្នុងការ បំរើសេវាជូនដល់ប្រជាពលរដ្ឋ ប្រកបដោយប្រសឹទ្ធភាពខ្ពស់ និងវិជ្ជាជីវៈ។

លោកសាស្រ្តាចារ្យបានចុះពិនិត្យប្រពន្ធ័ត្រជាក់ សំរាប់ថែរក្សាវ៉ាក់សាំង និងក្រើនរំលឹកដល់មន្រ្តីបុគ្គលិកនៃមណ្ឌលសុខភាព និងសូមអោយអាជ្ញាធរ មូលដ្ឋានជួយជំរុញប្រជាជនទាំងអស់ចាក់វ៉ាក់សាំង កូវីដ១៩ ដូសជំរុញអោយបានគ្រប់ៗគ្នា តាមការណែនាំរបស់រាជរដ្ឋាភិបាល។

លោកសាស្រ្តាចារ្យ បានចុះពិនិត្យលើការដ្ឋានសាងសង់អគារថ្មីបន្ថែមមួយអគារទៀត ក្នុងបរិវេណមណ្ឌលសុខភាព ហ៊ុនសែន ថ្មដា ដែលជាជំនួយសប្បុសធ៌ម របស់លោកអ្នកឧកញ៉ា ទ្រី ភាព។

លោកសាស្រ្តាចារ្យ បានវាយតំលៃខ្ពស់ថាជំនួយសប្បុរសធម៌នេះ ពិតជាសមស្របទាន់ពេលវេលា និងមានតំលៃសំរាប់បង្កើននូវ ប្រសិទ្ធភាព ក្នុងការផ្តល់សេវារបស់មណ្ឌលសុខភាព និងធ្វើអោយយើងកាន់អាចនាំមកនូវសេវាសុខាភិបាល អោយកាន់តែខិតជិតប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ទល់ដែនមួយនេះ។

លើសពីនេះទៀត ដោយពិនិត្យឃើញថាមណ្ឌលសុខភាព ហ៊ុនសែន ថ្មដា ស្ថិតនៅតំបន់ឆ្ងាយដាច់ស្រយាល និងមានតំរូវការជាក់ស្តែង ក្នុងការបញ្ជូនអ្នកជំងឺ លោកសាស្រ្តាចារ្យ រដ្ឋមន្រ្តី ក្នុងនាមរាជរដ្ឋាភិបាលបានសំរេចផ្តល់ជូន រថយន្តសង្គ្រោះមួយគ្រឿង សំរាប់មណ្ឌលសុខភាព ហ៊ុនសែន ថ្មដា ដើម្បីប្រើប្រាស់តាមតំរូវការ។

លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់បងប្អូនជាមន្រ្តីបុគ្គលិកសុខាភិបាល និងអាជ្ញាធរមូលដ្ឋានទាំងអស់ ព្រមទាំងសំណូមពរ អោយពួកគាត់បន្តគាត់បន្តនូវសកម្មភាពដ៏ប្រពៃ និងគួរជាទីគោរពនេះបន្តទៀត ដើម្បីធ្វើយ៉ាងណា អោយសេវាសុខាភិបាលប្រកបដោយប្រសិទ្ធភាព កាន់តែខិតជិតប្រជាពលរដ្ឋ និង អាចរកបានគ្រប់ពេលប្រជាពលរដ្ឋត្រូវការ៕