(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ ជំនួយបច្ចេកទេស រវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (Japan International Cooperation Agency – JICA) ស្តីពី «គម្រោងលើកម្ពស់ភាពធន់ នៃសន្តិសុខសាយប័រ - Project for Improvement of Cyber Resilience» នៅទីស្តីការក្រសួង។

គម្រោងនេះ មានគោលដៅសំខាន់ៗ ចំនួន៣ រួមមាន៖ (១), ធ្វើឲ្យប្រសើរឡើងនូវសមត្ថភាព ក្នុងការផ្តល់សេវារបស់ក្រុមឆ្លើយតបឧប្បត្តិហេតុសន្តិសុខសាយប័រ (២), លើកកម្ពស់សកម្មភាពសន្តិសុខសាយប័រ របស់អង្គភាព និងអ្នកពាក់ព័ន្ធ និង (៣) ផ្តល់ធាតុចូលសម្រាប់រៀបចំច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងស្តង់ដាដើម្បីពង្រឹងសន្តិសុខសាយប័រ ដើម្បីសម្រេចបានគោលដៅរួម ក្នុងការលើកកម្ពស់ភាពធន់ នៃសង្គមឌីជីថលនៅកម្ពុជា៕