(ត្បូងឃ្មុំ)៖ លោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងជាប្រធានគ្រប់គ្រងគម្រោងស្ដីពីការលើកកម្ពស់ការប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងសុវត្ថិភាពកសិកម្ម (ACSEP) សម្រាប់សមាសភាគទី១ បានដឹកនាំកិច្ចប្រជុំស្ដីពីការផ្សព្វផ្សាយអំពីគម្រោងលើកកម្ពស់ការប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងសុវត្ថិភាពកសិកម្ម នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ។

ការផ្សព្វផ្សាយនេះធ្វើនាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលមានគោលបំណងផ្សព្វផ្សាយអំពីគម្រោង ACSEP ឱកាស លក្ខខណ្ឌ និងការរៀបចំខ្លួន ដើម្បីទទួលបានហិរញ្ញប្បទានបន្ថែមដើម្បីពង្រីកនិងពង្រឹងកសិធុរកិច្ច តាមរយៈការលើកកម្ពស់ការប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពដល់សហករណ៍កសិកម្ម សហគមន៍កសិធុរកិច្ច និងកសិករចិញ្ចឹមមាន់ស្រុកសក្ដានុពលក្នុងខេត្តត្បូងឃ្មុំ និងជាក្រុមក្នុងខេត្តគោលដៅមួយក្នុងចំណោមខេត្តទាំង៦ ក្នុងគម្រោង ACSEP ដែលក្នុងនោះរួមមានខេត្តព្រះវិហារ ឧត្ដរមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម និងត្បូងឃ្មុំ។

កិច្ចប្រជុំនេះមានការចូលរួមដោយលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ក្រុមអ្នកជំនាញការហិរញ្ញវត្ថុសម្រាប់សមាសភាគទី១ នៃគម្រោង ACSEP សមាជិកនៃអង្គភាពអនុវត្តគម្រោងសម្រាប់សមាសភាគទី១ នៃគម្រោង ACSEP សហករណ៍កសិកម្ម សហគមន៍កសិធុរកិច្ច និងកសិករចិញ្ចឹមមាន់ស្រុកសក្ដានុពលប្រមាណ៣០រូប ក្នុងខេត្តត្បូងឃ្មុំ និងតំណាងគ្រឹះស្ថានហិរញ្ញវត្ថុដៃគូនៃគម្រោង ACSEP៕