(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅ បានបន្តនាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ មកចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលខ្វះខាត៥១គ្រួសារ មកពីសង្កាត់ទាំង០៥ នៃខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

នាឱកាសនេះដែរលោកអភិបាល ធឹម សំអាន បានផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក ឃួង ស្រេង ប្រធាគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ ជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចប្រធានតែងតែបានគិតគូរ យកចិត្តទុកដាក់ជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ​ ជាតិ​សាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោល «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល»។

ជាមួយគ្នានេះ លោកអភិបាល ក៏សូមឱ្យគ្រួសារទាំងអស់ មេត្តាខិតខំថែរក្សាសុខភាព ដោយប្រកាន់ភ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ចូលរួមអនុវត្តវិធានការបង្ការ​ និងការពារខ្លួនពីជំងឺកូវីដ-១៩​ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

នាឱកាសនោះ លោកអភិបាលខណ្ឌ បានស្នើឲ្យសង្កាត់ទាំងអស់ ធ្វើបញ្ជីបច្ចុប្បន្នភាពប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ចាសជរាគ្មានទីពឹង និងប្រជាពលរដ្ឋ ដែលងាយរងគ្រោះ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ ឬដោយរងគ្រោះដោយ ប្រការណាមួយ ត្រូវពិនិត្យ និងយកចិត្តទុដាក់ អោយបានច្បាស់លាស់ ដើម្បីអោយអនុសាខាកាកបាទក្រហមខណ្ឌព្រែកព្នៅ បន្តសកម្មភាពមនុស្សធម៌ អោយដូចភ្លៀងរលឹម នៅក្នុងមូលដ្ឋាន។

លោក ធឹម សំអាន បញ្ជាក់ថា អំណោយរួមមាន៖ អង្ករ ២៥គីឡូ, មី ចំនួន ០១កេស, ទឹកស៉ីអ៉ីវ ចំនួន ២ដប, ទឹកត្រី ចំនួន ០២ដប និងទឹកផ្លែឈើ ចំនួន០២កំប៉ុង៕