(ត្បូងឃ្មុំ)៖ លោក តូច ចាន់នី អគ្គនាយក នៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ចរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលគោលនយោបាយ និងបទដ្ឋានអប្បបរមា ស្តីពីកិច្ចការពារជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងដំណើរការគ្រប់គ្រងករណីដល់អាជ្ញាធរ អ្នកផ្តល់សេវាមូលដ្ឋាន ដើម្បីផ្តល់សេវាសមស្របដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។

វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីសំណាក់ លោកប្រធាននាយកដ្ឋាន គាំពារជនរងគ្រោះ លោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តត្បូងឃ្មុំ លោកប្រធានគម្រោងកម្មវិធី នៃអង្គការបេសសកម្មយុត្តិធម៌ IJM ព្រមទាំងមានការចូលរួមពីសិក្ខាកាម លោក លោកស្រីប្រធាន អនុប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមស្រុក-ក្រុង ខេត្តត្បូងឃ្មុំ។

ថ្លែងក្នុងឱកាសនោះ លោក តូច ចាន់នី បានសម្តែងការ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គការ និងដៃគូរអភិវឌ្ឍន៍ទាំងអស់ដែលតែងតែសហការយ៉ាងជិតស្និទជាមួយក្រសួងលើវិស័យសង្គមកិច្ចកន្លងមក ពិសេសអង្គការ IJM បានរៀបចំវគ្គបណ្តុះ បណ្តាលនេះឡើង ក្នុងគោលបំណងចែករំលែកបទពិសោធន៍ និងចំណេះដឹងដល់គ្នាទៅវិញទៅមកក្នុងការផ្តល់សេវា ដើម្បីជាប្រយោជន៍ដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងរំលោភបំពានផ្លូវភេទ ពិសេសកុមារ និងស្រ្តីរងគ្រោះដោយអំពើជួញដូរមនុស្ស និងកេងប្រវ័ញ្ចផ្លូវភេទនៅកម្ពុជា ពិសេសនៅ ខេត្តត្បូង ឃ្មុំ យើងនេះ។

លោកបានគូសបញ្ជាក់ទៀតថា អំពើជួញដូរមនុស្ស ត្រូវបានគេចាត់ទុកថាជាទាសភាពសម័យទំនើប ដែលមានចរឹតស្មុគស្មាញ ប្រកបដោយល្បិចកល ពាក់ព័ន្ធទៅនឹងរបត់នៃផ្នត់គំនិត ចិត្តសាស្រ្តសង្គម ការរីកចម្រើននៃវិទ្យាសាស្រ្ត បច្ចេកវិទ្យា ការវិត្តន៍នៃសេដ្ឋកិច្ច នយោបាយជាតិ និងអន្តរជាតិជាដើម ដែលត្រូវការជាចាំបាច់នូវការប្តេជ្ញាចិត្តរួមគ្នា ដើម្បីរិះរកវិធានការ ដែលមានប្រសិទ្ធភាពក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបរាល់បទល្មើសពាក់ព័ន្ធ បទល្មើសដែលមានការចាត់តាំង និងឧក្រឹដ្ឋជន ដើម្បីកាត់បន្ថយឈានទៅលុបបំបាត់ឲ្យបាន។

លោកអគ្គនាយក បានសង្ឃឹមយ៉ាងមុតមាំថា វគ្គបណ្តុះនេះនឹងក្លាយជាមធ្យោបាយក្នុងការចែករំលែកចំណេះដឹង និងបទពិសោធន៍នានា ដែលខ្លូនមានសម្រាប់ការអនុវត្តការងារជាក់ ស្តែ ងប្រកបដោយ ប្រសិទ្ធិភាព ខ្ពស់ និងជា ជំនួយស្មារតីដល់ អ្នកផ្តល់សេវាថែ ទាំជនរងគ្រោះ ពិសេស ការផ្តល់សេ វា ដល់ជនរងគ្រោះនៅមូលដ្ឋាន៕