(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានណែនាំក្រុមការងារចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (CAM-UAE CEPA) ត្រូវប្រកាន់ខ្ជាប់ស្មារតីបុរេសកម្ម ម៉ឺងម៉ាត់ និងទំនួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបានកិច្ចព្រមព្រៀងនេះ តាមការគ្រោងទុកសំដៅបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ រួមមាន អ្នកប្រើប្រាស់ ផលិតករ ធុរជន និងវិនិយោគិន។

ការណែនាំនេះ បានធ្វើឡើងកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។ កិច្ចប្រជុំនេះដឹកនាំដោយ លោក ប៉ាន សូរស័ក្ដិ និងមានការអញ្ជើញចូលរួមពីក្រុមការងារចរចាអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាច្រើនរូបផ្សេងទៀត។

ថ្លែងក្នុងកិច្ចប្រជុំនោះ លោករដ្ឋមន្ត្រីពាណិជ្ជកម្ម បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមការងារចរចាអន្តរក្រសួង ដឹកនាំដោយលោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមចរចា ដែលបានខិតខំប្រឹងប្រែងក្នុងការចរចាជុំទី១ នៃកិច្ចព្រមព្រៀង CAM-UAE CEPA កាលពីថ្ងៃទី២៤-២៦ ខែតុលា ឆ្នាំ២០២២ នៅអេមីរ៉ាតអារ៉ាប់រួម ជាមួយលទ្ធផលជាផ្លែផ្កា និងវឌ្ឍនភាពវិជ្ជមានគួរឱ្យកត់សម្គាល់។

លោករដ្ឋមន្ត្រីបន្តថា កិច្ចប្រជុំក៏បានពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការចរចាជំពូកនីមួយៗ រួមមាន៖ ពាណិជ្ជកម្មទំនិញ និងសេវាកម្ម វិនិយោគ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក កិច្ចសម្រួលពាណិជ្ជកម្ម របាំងបច្ចេកទេសពាណិជ្ជកម្ម អនាម័យនិងភូតគាមអនាម័យ កម្មសិទ្ធិបញ្ញា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសហគ្រាសធុនតូច និងមធ្យម ដើម្បីអាចទាញប្រយោជន៍សេដ្ឋកិច្ច ជាអតិបរមាពីកិច្ចព្រមព្រៀង CAM-UAE CEPA ក្នុងបុព្វហេតុអភិវឌ្ឍន៍ និងទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិ។

សូមបញ្ជាក់ថា ការចរចាជុំទី២ នៃកិច្ចព្រមព្រៀង CAM-UAE CEPA គ្រោងប្រព្រឹត្តទៅក្នុងអំឡុងខែធ្នូ នៅកម្ពុជានាពេលខាងមុខ៕