(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ តាមរយៈ Facebook ផ្លូវការ បានបង្ហាញនូវឯកសារដែលទើបទទួលបាន ពីមិត្តក្នុងបណ្តាញសង្គម Facebook ដែលជាឯកសារក្រសួងអប់រំ ទទួលស្គាល់លោកជាប់ ចំណាត់ថ្នាក់លេខ១ ជាសិស្សពូកែទូទាំងប្រទេស ផ្នែកគណិតវិទ្យា ក្នុងឆ្នាំសិក្សា១៩៩២-១៩៩៣។

លោកបណ្ឌិតបញ្ជាក់ថា ការទទួលបានចំណាត់ថ្នាក់លេខ១ ជាសិស្សពូកែទូទាំងប្រទេសផ្នែកគណិតវិទ្យានេះ ក្រសួងអប់រំក៏បានផ្តល់នូវប្រាក់ខែចំនួន ៥០០រៀលក្នុងមួយខែ សម្រាប់សិស្សពូកែផងដែរ ហើយនោះក៏ជាប្រាក់ខែដំបូងបង្អស់ ក្នុងជីវិតរបស់លោក។

លោកបណ្ឌិត ហ៊ុន ម៉ាណែត លើកឡើងទៀតថា តាមរយៈឯកសារដែលទើបទទួលបាននេះ លោកអាចបង្អួតកូនៗ និងទុកបង្អួតចៅៗរបស់លោក បាននៅថ្ងៃអនាគត។

លោកបណ្ឌិតបានបង្ហោះឯកសារចំនួន២សន្លឹក អមដោយខ្លឹមសារយ៉ាងដូច្នេះថា «ទើបបានទទួលឯកសារមួយទៀត ពីមិត្តតាមបណ្តាញសង្គម Facebook ដែលខ្ញុំអាចបង្អួតកូនៗ និងទុកបង្អួតចៅៗរបស់ខ្ញុំ បាននៅថ្ងៃអនាគត។ ឯកសារមួយនេះ គឺសេចក្តីសម្រេចរបស់ក្រសួងអប់រំ ស្តីពីការទទួលស្គាល់សិស្ស និងក្រុមសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ និង គណិតវិទ្យា នៃមធ្យមសិក្សាកំរឹត២ សម្រាប់ឆ្នាំសិក្សា១៩៩២ - ១៩៩៣ ដែលពេលនោះខ្ញុំបានទទួលចំណាត់ថ្នាក់លេខ១ ជាសិស្សពូកែទូទាំងប្រទេស ផ្នែកគណិតវិទ្យា។

ឯកសារនេះ ក៏បានបង្ហាញពីប្រាក់ខែដំបូងបង្អស់ នៅក្នុងជីវិតរបស់ខ្ញុំ (ចំនួន៥០០រៀល ក្នុងមួយខែ) ដែលជាប្រាក់រង្វាន់ សម្រាប់សិស្សពូកែចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេសនៅពេលនោះ។ ខ្ញុំសូមអរគុណដល់លោក Norak Renon ដែលបានផ្ញើឯកសារនេះ អោយខ្ញុំតាមបណ្តាញសង្គម Facebook ឆ្លើយតបតាមសំណូមពររបស់ខ្ញុំ កាលពីពីរថ្ងៃមុន»