(ភ្នំពេញ)៖ ដង្កូវហ្វូងដែលជាសត្វល្អិតចង្រៃមួយប្រភេទនៅអាស៊ី កំពុងតែបំផ្លាញដំណាំកសិផល របស់ប្រជាកសិករខ្មែរយ៉ាងច្រើន សន្ធឹកសន្ធាប់ ក្នុងខេត្តមួយចំនួននៅទូទាំងប្រទេស ដូចជាខេត្តស្ទឹងត្រែង ខេត្តកំពង់ចាម ព្រៃវែង ត្បូងឃ្មុំ ព្រះវិហារ និងឧត្តរមានជ័យ ជាដើម។

ដង្កូវហ្វូងបានបំផ្លាញដំណាំស្រូវ និងដំណាំកសិកម្មមួយចំនួន​ដូចជា ស្ពៃ សណ្តែក ពោតជាដើម។ ចំពោះដំណាំស្រូវ គឺដង្កូវហ្វូងបានបំផ្លាញ ពីស្រែមួយទៅស្រែមួយទៀតទាំងហ្វូងៗ ចំណែកស្រែគ្មានទឹក វាកាត់ស៊ីដល់គល់តែម្តង រីឯស្រែមានទឹកវិញ វាកាត់ស៊ី ផ្នែកខាងលើទឹក ទាំងអស់។

ប្រជាកសិករក្នុងខេត្តស្ទឹងត្រែង កំពុងមានការខ្វាយខ្វល់ អំពីបញ្ហាសត្វដង្កូវ ដែលបានចុះស៊ីសន្ទូង សំណាប របស់ពួកគាត់ជាក់ស្តែងនៅភូមិ កោះខនឌឹន សង្កាត់សាមគ្គី​ ក្រុងស្ទឹងត្រែងតែម្តង។

ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ជំហានដំបូងនេះ គេមិនទាន់រកមូលហេតុឃើញនៅឡើយទេ ប៉ុន្តែក្រសួងកសិកម្មរុក្ខាប្រមាញនិងនេសាទ បានបញ្ជាមកមន្ទីរកសិកម្មខេត្ត ចុះសិក្សា ហើយនៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦នេះ។

ចំពោះបញ្ហាហ្វូងដង្កូវស៊ីដំណាំប្រជាកសិករនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដើម្បីបញ្ជាក់ ប្រាប់សាធារណជន ជាពិសេសប្រជាកសិករទូទាំង រាជធានី-ខេត្ត ស្តីពីរបៀបកំចាត់ ដង្កូវហ្វូង ដែលកំពុងតែរីករាលដាល និងបំផ្លាញ ផលដំណាំរបស់ប្រជាពលកសិករ។

យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងបានបញ្ជាក់ឲ្យដឹងថា យោងតាមលក្ខខណ្ឌធម្មជាតិ នៅប្រទេសកម្ពុជា មានការប្រែប្រួល រាំងស្ងួត ក្តៅខ្លាំង បានអូសបន្លាយយូរ បង្កឲ្យមានភាពងាយស្រួលដល់ការកកើត និងរីករាលដាននៃពួកដង្កូវនេះ យ៉ាងឆាប់រហ័សក្រោយពីមាន ភ្លៀងធ្លាក់នៅដើមដៃនេះ។

ស្ថិតនៅក្នុងស្ថានភាពនេះ ដើម្បីទប់ស្កាត់ការរីករាលដាល និងបំផ្លាញដង្កូវហ្វូង អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងរុក្ខាប្រមាញ់ និងនេសាទ សូមណែនាំវិធីសាស្រ្តកំចាត់ដង្កូវហ្វូង នូវវវិធីសាស្រ្តបីចំណុចសំខាន់ៗ ដើម្បីកំចាត់សត្វដង្កូវដ៏ចង្រៃនេះ (សូមអានវិធីកម្ចាត់នេះនៅក្នុង សេចក្តីប្រកាស របស់ក្រសួងកសិកម្មនៅខាងក្រោម)។

អគ្គនាយកដ្ឋានកសិកម្ម សូមសំណូមពរដល់បងប្អូនកសិករ អាជ្ញាធរដែនដី ពិសេសមន្ទីរកសិកម្មរាជធានី-ខេត្ត សូមសហការចាត់វិធានការ ជាបន្ទាន់ តាមការណែនាំរបស់ក្រសួង នៅតាមទីកន្លែងដែលអាចបង្កឲ្យ មានការកើតមានដង្កូវហ្វូងនេះឡើង។ ក្នុងករណីដែលធ្ងន់ធ្ងរ អាចរាយការណ៍មក អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាបន្ទាន់ ឬតាមរយៈលេខទូរស័ព្ទ ០១២ ៣៣៦ ៩៣៤ និង ០១២ ៣៣៥ ៩៥៦៕

សូមអានសេចក្តីជូនដំណឹង របស់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ មានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖