(ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក ដាំ សិទ្ធិ អតីតអ្នកតំណាងរាស្រ្តអតីតគណបក្សសង្រ្គោះជាតិ បានដាក់លិខិតគោរពស្នើសុំ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា នេះបើយោងតាមលិខិត ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានផ្លូវការពីខុទ្ទកាល័យនាយករដ្ឋមន្រ្តី។

នៅក្នុងលិខិតរបស់លោក ដាំ សិទ្ធិ បានបញ្ជាក់ថា «ដោយខ្ញុំបាទ ដាំ សិទ្ធិ បានមើលឃើញគោលនយោបាយដ៏ល្អ ត្រឹមត្រូវ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ខ្ញុំបាទ សូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ដោយស្ម័គ្រស្មោះគ្មានការគំរាមកំហែង និងបង្ខិតបង្ខំ»

សូមជំរាបថា លោកបណ្ឌិត យ៉ង សាំង កុមារ ថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ក៏បានស្នើសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។ ជាមួយនឹងការស្នើសុំនេះ លោក យ៉ង សាំង កុមារ ក៏បានធ្វើលិខិតគោរពជូន សម្តេចតេជោដាច់ដោយឡែកមួយទៀត ស្នើសុំចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យកសិកម្ម ជាពិសេសវិស័យស្រូវអង្ករ។

ក្រៅពី លោក យ៉ង់ សាំកុមារ, លោក ឡឹក សុធារ ដែលជាមនុស្សជំនិតមួយរូបរបស់លោក ដែលថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ក៏បានស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាផងដែរ៕