(សៀមរាប)៖ នាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ នៃក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងជាផ្លូវការ និងបំពាក់ឋានន្តរស័ក្តិជូនថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលការពារបេតិកភណ្ឌសរុបចំនួន៦០រូប ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក លឹម ផាន់ភារៈ ប្រធាននាយកដ្ឋានកណ្ដាលសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលធ្វើឡើងនៅអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ ខេត្តសៀមរាប។

ថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលការពារបេតិកភណ្ឌចំនួនដូចខាងលើ គឺកំពុងបម្រើការងារនៅការិយាល័យជំនាញចំនួន៥ និងអង្គភាពចំនួន៤ចំណុះឱ្យនាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ រួមមាន៖ អង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ (អ១) អង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់ប្រាសាទព្រះវិហារ (អ២) អង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់ប្រាសាទបន្ទាយឆ្មារ (អ៣) និងអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់ប្រាសាទសំបូរព្រៃគុក (អ៤)។

លោកឧត្តមសេនីយ៍ឯក លឹម ផាន់ភារៈ បានរំលឹក និងជំរុញដល់ថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលការពារបេតិកភណ្ឌដែលត្រូវបានផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិនេះ ត្រូវបន្តអនុវត្តតួនាទីការងារ៖

* ការពារថែរក្សាឱ្យបានស្ថិតស្ថិរគង់វង្សនូវសារពើបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្ររបស់ជាតិ សហការជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរជាតិនានាដែលពាក់ព័ន្ធដល់កិច្ចការពារបេតិកភណ្ឌ។ ប្រមែប្រមូលព័ត៌មាន និងទទួលបញ្ជីសារពើបេតិកភណ្ឌសម្បត្តិវប្បធម៌ ប្រវត្តិសាស្ត្រជាតិក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដើម្បីបម្រើសំណូមពរនៃកិច្ចប្រតិបត្តិការគ្រប់គ្រង និងថែរក្សា ស្រាវជ្រាវ លើកយោបល់អំពីវិធានការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសបំផ្លិចបំផ្លាញ លួច លាក់ ទិញ លក់ និងដឹកជញ្ជូនសម្បត្តិបេតិកភណ្ឌវប្បធម៌ខុសច្បាប់។

* ចាត់តាំងស៊ើបអង្កេត និងត្រួតពិនិត្យឆែកឆេរ ចាប់ខ្លួនជនល្មើសដែលពាក់ព័ន្ធដល់ការបង្កគ្រោះមហន្តរាយសម្បត្តិបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រជាតិ ដើម្បីកសាងសំណុំរឿងនិងបញ្ជូនជនល្មើសព្រមទាំងវត្ថុតាង ទៅតុលាការផ្តន្ទាទោសតាមច្បាប់។ សហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសមត្ថកិច្ចពាក់ព័ន្ធដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបជនល្មើសដែលបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រជាតិ។

* ទំនាក់ទំនងជាមួយអង្កការយូណេស្កូ អង្កការជាតិនិងអន្តរជាតិនានា ដើម្បីទទួលការណែនាំ ផ្សព្វផ្សាយគោលការណ៍ និងទទួលជំនួយឧបត្ថម្ភ បម្រើសេវាការពារបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រជាតិ។

* សហការជាមួយនគរបាលទេសចរក្នុងកិច្ចការពារសន្តិសុខសុវត្ថិភាព និងរៀបចំសណ្តាប់ធ្នាប់ជូនគណៈប្រតិភូ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកបំពេញបេសកកម្ម ទស្សនកិច្ច និងទស្សនាកម្សាន្តក្នុងតំបន់រមណីយដ្ឋានប្រវត្តិសាស្ត។

* អនុវត្តវិធានការជំនាញនានាតាមគោលការណ៍ណែនាំ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងមហាផ្ទៃ។

* ប្រតិបត្តិយ៉ាងម៉ឺងម៉ាត់ខ្ជាប់ខ្ជួននូវវិន័យរបស់កងកម្លាំងនគរបាលជាតិ កសាងស្នាដៃ និងកិត្តិយសរបស់នគរបាលការពារបេតិកភណ្ឌ ក្រសួងមហាផ្ទៃ។

* អនុវត្តភារកិច្ចផ្សេងៗទៀតដែលអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងមហាផ្ទៃប្រគល់ឱ្យ៕