(សៀមរាប)៖ លោក ជឹម សុវណ្ណ ស្នងការរងនគរបាលខេត្តសៀមរាប ចង់ឱ្យសមត្ថកិច្ចទាំងអស់ចេះពីរបៀបសង្គ្រោះបឋម ដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលបានជួបគ្រោះថ្នាក់ផ្សេងៗឱ្យបានទាន់ពេលវេលា។

លោក ជឹម សុវណ្ណ ស្នងការរងនគរបាលខេត្តសៀមរាប ថ្លែងដូច្នេះនៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលពីរបៀបសង្គ្រោះជនរងគ្រោះជាបឋម ជូនមន្ត្រីនគរបាលចរាចរណ៍ មន្ត្រីកងរាជអាវុធហត្ថ ព្រមទាំងមន្រ្តីបច្ចេកទេសទទួល បន្ទុកសុវត្ថិភាព ចរាចរណ៍ផ្លូវគោក មកពីខេត្តបាត់ដំបង រាជធានីភ្នំពេញ និងខេត្តសៀមរាប នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា នៅពេលមានគ្រោះថ្នាក់អ្វីមួយកើតឡើង សមត្ថកិច្ចតែងតែបានទៅដល់គោលដៅមុន ក្រុមគ្រូពេទ្យ ជាពិសេសពាក់ព័ន្ធគ្រោះថ្នាក់ចរាចរណ៍ ដូចនេះបើសមត្ថកិច្ចទាំងអស់ចេះពីរបៀបសង្គ្រោះបឋម គេអាចនឹងជួយជនគ្រោះបានទាន់ពេលវេលា ធ្វើឱ្យជនគ្រោះរួចផុតពីការស្លាប់បាន។

លោក ជឹម សុវណ្ណ បានបន្តថា ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋឱ្យទាន់ពេលវេលា នៅពេលជួបគ្រោះថ្នាក់ផ្សេងៗ កន្លងមកនេះស្នងការនគរបាលខេត្តសៀមរាប ក៏បានរៀបចំបំពាក់បំពង់ ពន្លត់អគ្គិភ័យតូចៗនៅតាមម៉ូតូនគរបាល ចរាចរណ៍ ដែលឈរជើងនៅតាមគោលដៅ ជាលទ្ធផលឃើញថា មានប្រសិទ្ធភាពល្អ ដោយបានមន្រ្តីនគរបាលចរាចរណ៍ ដែលបានទៅគោលដៅមានអគ្គីភ័យឆេះផ្ទះ និងរថយគ្រោះថ្នាក់ចរាចរណ៍បង្កឱ្យមានអភ្គីភ័យ គឺមន្រ្តីរបស់យើងបានជួយបឋមទាន់ពេលមុនរថយន្តពន្លត់អគ្គីភ័យទៅពន្លត់បន្ថែមឱ្យរលត់បានទាំងស្រុង។

ក្នុងឱកាសនេះដែរ អង្គការឡូវអ៊ីនអែកសិន (LOVE IN ACTION) និងអង្គការខេមសេហ្វ(CAMSAFE) បានជួយបណ្តុះបណ្តាលពីរបៀបសង្គ្រោះជនរងគ្រោះ ជាបឋម និងផ្តល់នូវបទពិសោធន៍ប្រព័ន្ធសង្គ្រោះបន្ទាន់ EMS នៅសហរដ្ឋអាមេរិក ដែលធ្វើមន្រ្តីរបស់យើងកាន់តែមានចេះដឹងក្នុងជួយសង្គ្រោះបន្ថែមទៀតផងដែរ។

លោក Bruce Hein ស្ថាបនិកអង្គការឡូវអ៊ីនអែកសិន (LOVE IN ACTION) បានលើកឡើងថា អង្គការរបស់លោក នៅបន្តលទ្ធភាពសហការអនុវត្តសកម្មភាពនេះ ដើម្បីចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ក្នុងការកាត់បន្ថយនូវអត្រាអ្នកស្លាប់ និងរបួសធ្ងន់ធ្ងរដោយសារគ្រោះថ្នាក់ចរាចរណ៍។ សម្រាប់ការបណ្តុះ បណ្តាលជូន មន្ត្រីនគរបាលចរាចរណ៍ មន្ត្រីកងរាជអាវុធហត្ថ ព្រមទាំងមន្រ្តី បច្ចេកទេស ទទួលបន្ទុកសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះជាលើទី៤ហើយ។

ជាមួយនេះដែរ មន្រ្តីពាក់ព័ន្ធទាំងអស់ដែលទទួលបានការបណ្តុះបណ្តាល និងទទួលបានបទពិសោធន៍ល្អៗនៅពេលនេះ នឹងយកទៅអនុវត្តន៍ជាក់ស្តែងប្រកបដោយប្រសិទ្ធភាពខ្ពស់ និងជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋពេលជួបគ្រោះថ្នាក់ផ្សេងបានយ៉ាងច្រើន ដើម្បីរួមចំណែកមួយចូលរួមកាត់បន្ថយអត្រាស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ផងដែរ៕