(កំពត)៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានណែនាំ និងរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការយោគយល់គ្នា សណ្តោសប្រណីគ្នា មានភាពសច្ចៈ យុត្តិធម៌ គុណធម៌ក្នុងខ្លួន កុំបង្កឱ្យមានវិវាទឬទំនាស់ ព្រោះការមានវិវាទឬទំនាស់នោះ គឺបានធ្វើឱ្យយើងខាតបង់ទាំងសងខាង។ លោកថា ប្រសិនបើយើងយកដីគេ ត្រូវឱ្យគេវិញ ជំពាក់លុយគេ សងគេវិញ យកដីរដ្ឋ ប្រគល់ជូនរដ្ឋវិញ កុំដើម្បីអាហារបីពេល ធ្វើឱ្យខ្លួនក្លាយទៅជាជនដែលមានឈ្មោះមិនល្អក្នុងសង្គម។

ការណែនាំ និងក្រើនរំលឹកបែបនេះ ខណៈលោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងលោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត ចុះដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នៅស្រុកជុំគិរី នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។ ដោយចូលរួមពីសំណាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋ ជាច្រើននាក់ផងដែរ។

លោកអភិបាលខេត្ត ម៉ៅ ធនិន បានលើកបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដាក់ចេញនួវយន្តការជាច្រើនដើម្បីកាត់បន្ថយភាពក្រីក្រ ហើយយន្តការនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក៏ជាយន្តការមួយដ៏សំខាន់ផងដែរ។

ការដោះស្រាយវិវាទ ឬទំនាស់ក្នុងប្រព័ន្ធតុលាការ ប្រជាពលរដ្ឋដែលជាគូរទំនាស់ គឺត្រូវមានការចំណាយថវិកា ក៏ដូចជាពេលវេលាច្រើន សម្រាប់ដោះស្រាយ ដែលនេះបានធ្វើឱ្យប្រជាពលរដ្ឋមានការខាតបង់ទាំងសងខាង។ ជាគោលដៅ ក៏ដូចជាគោលការណ៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងន័យចូលរួមកាត់បន្ថយភាពក្រីក្រ គឺសម្តេចតេជោ បានជំរុញឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវមានការជួយសម្រួល ក៏ដូចជាដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជូនដល់ប្រជាពលរដ្ឋ ហើយសម្រាប់ខេត្តកំពត ក៏បានយន្តការនេះមកជួយដោះស្រាយវិវាទរបស់ប្រជាពលរដ្ឋផងដែរ ហើយមកទល់ពេលនេះការដោះស្រាយ បានប្រមាណជិត ២ពាន់ករណីមកហើយ ដោយទទួលបានការគាំទ្រ និងពេញចិត្តពីសំណាក់ប្រជាពលរដ្ឋ ដែលជាគូទំនាស់ទាំងសងខាង៕