(បាត់ដំបង)៖ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក សុខ លូ អភិបាលខេត្តបាត់ដំបង អមដំណើរដោយ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានចុះត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍន៍ភាព នៃការដាំដុះដំណាំស្រូវ ក្រោយរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀង និងក្រោយពេលដែលទទួលបានគ្រាប់ពូជស្រូវពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីធ្វើការស្ដារលទ្ធភាពឡើងវិញសម្រាប់ប្រជាកសិករដែលរងគ្រោះដោ យសារទឹកជំនន់ទឹកភ្លៀងកន្លងមក។

តាមការពិនិត្យស្ថានភាពជាក់ស្ដែង មកទល់ពេលនេះដំណាំស្រូវ កំពុងដុះលូតលាស់បានយ៉ាងល្អប្រសើរហើយ ដោយការចុះធ្វើការវាយតម្លៃនេះ គឺធ្វើការចុះវាយតម្លៃនៅភូមិសាស្រ្ដចំនួនពីរផ្សេងគ្នា គឺនៅស្រុកថ្មគោល ស្ថិតក្នុងឃុំអន្លង់រុន និងស្រុកបវេល ស្ថិតក្នុងឃុំព្រៃខ្ពស់។

បើតាមលោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ខេត្តបាត់ដំបង ទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀង ដែលបណ្ដាលឲ្យប៉ះពាល់ផ្ទៃដីដុះស្រុវសរុប ៤៥,០១៥ហិកតា ផ្ទៃដីដែលខូចខាតមានចំនួន ២៦,៨០៥ហិកតា លើគ្រួសារសរុបប្រមាណ ជាង២ម៉ឺនគ្រួសារ ហើយគ្រួសារដែលខូចខាតស្រូវមានចំនួន១១,៥២៨ហិកតា។ ដោយឡែកផ្ទៃដី ដែលអាចធ្វើការស្ដារឡើងវិញ មានចំនួន១២៤៥៤ហិកតា ត្រូវបានប្រើប្រាស់គ្រាប់ពូជចំនួន១,២៤៥តោន និង៤០០គីឡូក្រាម ដែលរហូតមកដល់ពេលនេះ គ្រាប់ពូជទាំងនោះបានធ្វើការដាំដុះលូតលាស់បានយ៉ាងល្អប្រសើរស្ទើរតែ១០០ភាគរយហើយ ខណៈប្រភពទឹកមានភាពគ្រប់គ្រាន់ និងធ្វើការប្រមូលផលបានឆាប់ៗនាពេលខាងមុខនេះ។

ប្រជាកសិករដែលបានទទួលបានពូជស្រូវ ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនសម្ដេច ដែលបានផ្ដល់ជាពូជស្រូវដល់ប្រជាកសិករ ក្នុងការស្ដារលទ្ធភាពឡើងវិញ បន្ទាប់ពីរងការខូចខាតដោយសារទឹកជំនន់កន្លងមក ហើយបានធ្វើឲ្យដំណាំស្រូវ មានការលូតលាស់បានយ៉ាងល្អប្រសើរ និងត្រៀមក្នុងការប្រមូលផលនាពេលឆាប់ៗខាងមុខនេះ។

ទាំងប្រជាកសិករ ទាំងលោក សុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះគុណូបការៈ ដែលមិនអាចកាត់ថ្លៃបានរបស់សម្ដេចតេជោ ហ៊ុន សែន ដែលសម្ដេចតែងតែយកអស់កម្លាំងកាយចិត្ត និងបានយកចិត្តទុកដាក់ពីសុខទុក្ខប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកនាពេលនេះ ហើយអំណោយដ៏ថ្លៃថ្លានេះ បានជួយដល់ប្រជាកសិករដែលរងគ្រោះដោយសារទឹកជំនន់កន្លងមក អាចធ្វើការស្ដារលទ្ធភាពឡើងវិញបានទាន់ពេលវេលាផងដែរ៕