(ភ្នំពេញ)៖ លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយលោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស នៅសាលាបឋមសិក្សាគោករកា ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

នាឱកាសនោះលោកអភិបាលខណ្ឌព្រែកព្នៅ បានក្រើនរំលឹកទៅដល់ក្មួយៗសិស្សានុសិស្ស ត្រូវខិតខំសិក្សារៀនសូត្រឱ្យក្លាយខ្លួនជាសិស្សពូកែ និងជាកូនល្អ សិស្សល្អ ជាទំពាំងស្នងឫស្សី ហើយត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ។

លោក ធឹម សំអាន ក៏បានអំពាវនាវដល់ក្មួយៗ ត្រូវរស់នៅស្អាត ហូបស្អាត ពោលគឺចេះធ្វើអនាម័យ ដោយលាងដៃនឹងសាប៊ូ រៀងរាល់មុនពេលញាំអាហារ ដើម្បីការពារបានការឆ្លងមេរោគ និងការពារបាននូវជំងឺកូវីដ១៩ ថែមទៀតផង។

អំណោយ និងថវិកាដែលនាំទៅចែកជូនក្មួយៗសិស្សានុសិស្សទាំង៧៨៤នាក់ គឺក្នុងម្នាក់ៗទទួលបានសៀវភៅ ២ក្បាល ប៊ិច ១ដើម និងថវិកាចំនួន ៥,០០០រៀល។

លោកគ្រូ-អ្នកគ្រូ ១២នាក់ ម្នាក់ៗទទួលបានថវិកា ៣០,០០០រៀល លោកនាយករងសាលា ៥០,០០០រៀល និងលោកនាយកសាលា ១០០,០០០រៀល៕