(ភ្នំពេញ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្តព្រះវិហារ ក៏ដូចជាសមាជិក សមាជិកា នៃសមាគមអតីតយុទ្ធជនកម្ពុជាក្នុងខេត្តព្រះវិហារទាំងអស់ បានសម្តែងនូវការអបអរសាទរប្រកប ទៅដោយមនោសញ្ចេតនារំភើបរីករាយ យ៉ាងក្រៃលែង ក្នុងឱកាសដែលនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានសហព័ន្ធអតីតយុទ្ធជនអាស៊ាន ផ្តល់មេដាយ «ភាពជាអ្នកដឹកនាំអតីតយុទ្ធជន» កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងបាងកក ប្រទេសថៃ។

លោក គីម រិទ្ធី បានគូសរំលេចថា មេដាយ «ភាពជាអ្នកដឹកនាំអតីតយុទ្ធជន» ពិតជាសាកសមបំផុតចំពោះស្នាដៃដ៏ឧត្តុងឧត្តមរបស់នាយឧត្តមសេនីយ៍ កត្តិសង្គហបណ្ឌិតកន្លងមក ដែលបានខិតខំបញ្ចេញអស់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ពុះពារគ្រប់ឧបសគ្គ ដើម្បីបម្រើផលប្រយោជន៍អតីតយុទ្ធជនកម្ពុជា និងជាសេនាធិការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកផ្តួចផ្តើម បង្កើត និងជាប្រធានដឹកនាំផ្ទាល់ចំពោះសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានលើកស្ទួយជីវភាព បង្កើតស្មារតីជួយឧបត្ថម្ភគ្នាទៅវិញទៅមក លើកកម្ពស់តួនាទីអតីតយុទ្ធជន បានសាកសមនឹងគុណបំណាច់ចំពោះប្រទេសជាតិ និងប្រជាជន។

លោកបន្តថា មេដាយនេះ គឺជាការទទួលស្គាល់នូវភាពជាគំរូ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត លើកិច្ចការអតីតយុទ្ធជន ដែលបានចាប់បដិសន្ធិឡើងនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០០៧ ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រវត្តិសាស្រ្តមួយពុំធ្លាប់មាននៅកម្ពុជា ដែលធ្វើឱ្យសាធារណៈមតិជាតិ អន្តរជាតិ និងអតីតយុទ្ធជនបណ្តាប្រទេសអាស៊ានអបអរសាទរ។

សូមបញ្ជាក់ថា ក្នុងមហាសន្និបាតលើកទី២១ នៃសហព័ន្ធអតីតយុទ្ធជនបណ្ដាប្រទេសអាស៊ាន ដែលប្រារព្ធធ្វើនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅទីក្រុងបាងកក ប្រទេសថៃ សហព័ន្ធអតីតយុទ្ធជនបណ្ដាប្រទេសអាស៊ាន បានផ្តល់មេដាយ «ភាពជាអ្នកដឹកនាំអតីតយុទ្ធជន» ជូននាយឧត្តមសេនីយ៍សង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា។ មេដាយនេះ គឺជាការទទួលស្គាល់នូវភាពជាគំរូ និងកិច្ចប្រឹងប្រែងរបស់នាយឧត្តមសេនីយ៍ លើកិច្ចការអតីតយុទ្ធជន។

មេដាយនេះ ត្រូវបានប្រគល់ដោយលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ ដែលជាអ្នករៀបចំមហាសន្និបាតលើកទី២១ នៃសហព័ន្ធអតីតយុទ្ធជនអាស៊ាន។

នាយឧត្តមសេនីយ៍សង្គហបណ្ឌិត គន់ គីម ក្នុងនាមជាសេនាធិការ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានសមាគម អតីតយុទ្ធជនកម្ពុជា ដោយអនុវត្តន៍តាមការណែនាំរបស់សម្តេចតេជោ គឺបានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះអតីតយុទ្ធជនកម្ពុជា។

ឈរលើស្មារតីដឹងគុណអតីតយុទ្ធជន ដែលជាអ្នកធ្វើពលីកម្មដ៏អស្ចារ្យ ដើម្បីបុព្វហេតុជាតិ មាតុភូមិនោះ នាយឧត្តមសេនីយ៍ គន់ គីម បានស្វះស្វែងលើកកម្ពស់ជីវភាពរបស់អតីតយុទ្ធជន តាមរយៈការស្វះស្វែងរកដីសម្បទានរបស់រាជរដ្ឋាភិបាល និងស្វះស្វែងរកការឧបត្ថម្ភពីសម្បុរសជនសាងសង់ផ្ទះជាទីជម្រកជូនអតីតយុទ្ធជនជាដើម។ នាយឧត្តមសេនីយ៍ គន់ គីម តែងតែអំពាវនាវជាប់ជានិច្ចដល់អាជ្ញាធរឱ្យជួយបង្កបរិយាកាសល្អដល់អតីតយុទ្ធជន ក្នុងការប្រកបរបរចិញ្ចឹមជីវិត ដើម្បីជួយឱ្យជីវភាពរបស់ពួកគេរស់នៅបានកាន់តែប្រសើរ។

ដោយមើលឃើញពីកិច្ចខិតខំដោយមិនខ្លាចការនឿយហត់ ដើម្បីបុព្វហេតុនៃប្រយោជន៍ជូនដល់អតីតយុទ្ធជននេះហើយ ទើបសហព័ន្ធអតីតយុទ្ធជនអាស៊ាន សម្រេចផ្តល់មេដាយជូននាយឧត្តមសេនីយ៍សង្គហបណ្ឌិត គន់ គីម៕