(ភ្នំពេញ)៖ កម្មវិធីប្រឡងចម្រៀង លំដាប់អន្តរជាតិ «The Voice Cambodia» រដូវ​កាល​ទី​2 ប្រចាំក្នុងប្រទេសកម្ពុជា បានឈានចូលមកដល់វគ្គ ផ្ដាច់ព្រ័ត្រហើយ នៅថ្ងៃអាទិត្យ ទី១៩ ខែមិថុនា ឆ្នាំ២០១៦នេះ ដើម្បីស្វែងរកម្ចាស់ជ័យលាភី ​មានសមត្ថភាព​ពិតប្រាកដ ក្លាយជាម្ចាស់ពានរង្វាន់ «The Voice Cambodia» រដូវ​កាល​ទី​2 ប្រចាំឆ្នាំ២០១៦នេះ ។ បេក្ខជនចំនួន២រូប និងបេក្ខនារីចំនួន២ រូប ដែលជាកូនក្រុម របស់គ្រូបង្វឹកទាំង៤រូប នឹងបង្ហាញសមត្ថភាពឲ្យមហាជន បានឃើញច្បាស់ ដើម្បីទទួលបានសំឡេងគាំទ្រ និងការបោះឆ្នោត ឈានទៅរកឲ្យឃើញ អ្នកទទួលជ័យលាភី។

ជាការពិតប្រិយមិត្តទាំងអស់ គឺជាអ្នកសម្រេចជោគវាសនា របស់ពួកគេទាំង៤រូប ខណៈបេក្ខជន-បេក្ខនារីទាំង៤ រូបនោះ រួមមាន កញ្ញា ឈីន រតនៈ ត្រូវជាកូនក្រុមរបស់លោក ណុប បាយ៉ារិទ្ធ, លោក ថែល ថៃ ជាកូនក្រុមរបស់កញ្ញា ឱក សុគន្ធកញ្ញា, កញ្ញា សាន ស្រីឡៃ ត្រូវជាកូនក្រុមរបស់​អ្នកនាង ពេជ្រ សោភា និងលោក ឃី សុឃុន ត្រូវជាកូនក្រុម របស់តារាចម្រៀង ឆន សុវណ្ណរាជ។​

នៅថ្ងៃអាទិត្យ ទី១៩ ខែមិថុនា ឆ្នាំ២០១៦នេះ ពួកគេទាំង៤រូប នឹងបង្ហាញសមត្ថភាព ក៏ដូចជាទេពកោសល្យ ដើម្បីឲ្យមហាជនបានវាយតម្លៃថា តើបេក្ខជន ឬក៏បេក្ខនារីរូបណា ត្រូវលើកពាន កម្មវិធីលំដាប់​អន្តរជាតិ «The Voice Cambodia» រដូវ​កាល​ទី​2 នេះ ។ ប្រសិនបើប្រិយមិត្តទាំងអស់រកឃើញថា បេក្ខជន ឬក៏បេក្ខនារីរូបណា មានសមត្ថភាពពិតប្រាកដនោះ សូមកុំភ្លេច​ផ្ញើសារបោះឆ្នោតគាំទ្រ បេក្ខជន បេក្ខនារីរូបនោះ ដែលលោកអ្នកគិតថា មានសមត្ថភាពពិតប្រាកដ ពោលជោគវាសនារបស់ពួកគេ គឺស្ថិតលើការផ្ញើសារគាំទ្រ របស់លោកអ្នក។

សូមបញ្ជាក់ថា កម្មវិធីខ្នាតអន្តរជាតិ ដើម្បីស្វែងរកតារាចម្រៀង​មានសំឡេងល្អ និងសមត្ថភាពខ្ពស់ «The Voice Cambodia» ដែលរៀបចំឡើង ដោយស្ថានីយទូរទស្សន៍ ហង្សមាស និងជាការឧបត្ថម្ភផ្ដាច់មុខរបស់ក្រុមហ៊ុន ស្រាបៀរកម្ពុជា កាលពីរដូវកាលទី១ គឺបានទៅលើតារាចម្រៀង ប៊ុត សីហា ជាបេក្ខជនមកពីខេត្តកំពង់ស្ពឺ ហើយត្រូវជាកូនក្រុម របស់តារាចម្រៀង ឆន សុវណ្ណរាជ។ នៅរដូវកាលទី២ ឆ្នាំ២០១៦នេះ ប្រិយមិត្តកំពុងតែទន្ទឹងរង់ចាំមើលថា តើបេក្ខជន ឬក៏បេក្ខនារីរូបណា នឹងមានវាសនា ក្លាយជាម្ចាស់ពាន​រង្វាន់ ជ័យ​លា​ភី​«The Voice Cambodia»?