(កង់បេរ៉ា)៖ រដ្ឋាភិបាលអូស្ត្រាលី បានចាប់ផ្តើមបើកការស៊ើបអង្កេត ទៅលើការចាត់ចែងសត្វគោពីអូស្ត្រាលី ដ៏ដោយប្រើវិធីគួរឲ្យស្អប់ខ្ពើម នៅប្រទេសវៀតណាម ខណៈដែលការដឹកជញ្ជូនសត្វគោរស់ ទៅឲ្យវៀតណាមនឹងត្រូវផ្អាកជាបណ្តោះអាសន្ន បន្ទាប់ពីមានខ្សែវីដេអូមួយលេចឡើងក្នុងប្រព័ន្ធអ៉ីនធើណែត បង្ហាញពីសកម្មភាព សម្លាប់សត្វគោទាំងនោះ ដោយវិធីព្រៃផ្សៃ ឃោឃៅ និង នាំឲ្យសត្វឈឺចាប់យូរអង្វែងមុននឹងពួកវាងាប់។ នេះបើតាមការ ចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃសុក្រ ទី១៧ ខែមិថុនា ឆ្នាំ២០១៦។

របាយការណ៍ស្តីពីអំពើឃោឃៅរបស់ឈ្មួញជនជាតិវៀតណាមនេះ បានចេញផ្សាយតាមសារព័ត៌មាន ABC របស់ អូស្ត្រាលីកាលពីវេលាម៉ោង ១៩៖៣០នាទីយប់ថ្ងៃព្រហស្បតិ៍ ដោយក្នុងនោះប្រជាជនអូស្ត្រាលីជាច្រើន និងរដ្ឋាភិបាល បានឃើញគោជាច្រើនក្បាលដែលនាំចេញពីអូស្ត្រាលី ទៅដល់ប្រទេសវៀតណាម ត្រូវបានកម្មករវៀតណាម ប្រើញញួរធំ វាយក្បាលគោជាច្រើនលើកសិន មុននឹងធ្វើការសម្លាប់ពួកវាឲ្យផុតដង្ហើមជាក្រោយ។

នៅព្រឹកថ្ងៃសុក្រនេះ នាយករដ្ឋមន្ត្រីអូស្ត្រាលី Malcolm Turnbull បានចេញសេចក្តីថ្លែងការណ៍មួយ ដោយហៅទង្វើ របស់ឈ្មួញវៀតណាមខាងលើនេះ ថាជារឿងដែលមិនអាចទទួលយកបាននោះទេ ខណៈរដ្ឋមន្ត្រីកសិកម្មលោក Barnaby Joyce បាននិយាយថា អូស្ត្រាលី នឹងផ្អាកការធ្វើជំនួញសត្វគោរស់ជាមួយប្រទេសវៀតណាម លុះត្រាណា តែការស៊ើបអង្កេតត្រូវបានធ្វើឡើងជាមុនសិន។

គួរបញ្ជាក់ថា មន្ត្រីអូស្ត្រាលី និងប្រជាជនជាច្រើននៅក្នុងបណ្តាញសង្គម បានថ្កោលទោស និងរិះគន់ខ្លាំងៗ ចំពោះទង្វើ ដ៏ឃោឃៅបំផុតរបស់អ្នកសម្លាប់សត្វជនជាតិវៀតណាម ដែលវាពិតជាមិនសមនោះឡើយសម្រាប់ទង្វើមនុស្ស នៅក្នុងសង្គមទំនើបនេះ។ ដោយឡែកនាយកប្រតិបត្តិការនៃក្រុមពាណិជ្ជករអូស្ត្រាលី ដែលទទួលខុសត្រូវលើ ការនាំចេញសត្វគោទៅវៀតណាម (ALEC) លោកស្រី Alison Penfold បានថ្លែងថា វាជារឿងដែលឈឺចាប់ និងក្តុកក្តួលបំផុត ដែលបានមើលឃើញការផ្សាយរបស់សារព័ត៌មាន ABC៕